មន្ទីរបញ្ចកោណសហរដ្ឋអាមេរិកបញ្ចេញរបាយការណ៍ស្តីពីការប្រឆាំងភាពជ្រុលនិយមក្នុងវិស័យយោធា
វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណបានចេញផ្សាយរបាយការណ៍របស់ខ្លួន ស្តីពីការប្រឆាំងសកម្មភាពជ្រុលនិយមនៅក្នុងក្រសួងការពារជាតិ នៅថ្ងៃចន្ទម្សិលមិញ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការអប់រំមន្រ្តីស្តីពីការគំរាមកំហែងដែលបង្កឡើងដោយសកម្មភាពជ្រុលនិយម និងកាត់បន្ថយការគំរាមកំហែងដល់យោធា។
របាយការណ៍បានបញ្ជាក់ថា សកម្មភាពជ្រុលនិយមនៅក្នុងនាយកដ្ឋានការពារជាតិគឺកម្រណាស់ ប៉ុន្តែសូម្បីតែសកម្មភាពរបស់មនុស្សមួយចំនួនអាចមានឥទ្ធិពលខ្លាំងលើការរួបរួមរបស់អង្គភាព សីលធម៌ និងការត្រៀមខ្លួន ហើយការប៉ះពាល់រាងកាយខ្លះនៃសកម្មភាពទាំងនេះ អាចបណ្តាលឱ្យប៉ះពាល់ដល់សុវត្ថិភាពនៃកម្លាំងសរុប។ នាយកដ្ឋាននឹងបន្តដោះស្រាយការគំរាមកំហែងខាងក្នុង និងសកម្មភាពផ្សេងទៀត ដែលអាចបំផ្លាញការរួបរួមរបស់អង្គភាព រួមទាំងសកម្មភាពជ្រុលនិយម”។
បើតាមរបាយការណ៍ដដែលនេះ ក្រុមការងារប្រឆាំងអំពើជ្រុលនិយមដែលបង្កើតឡើងដោយរដ្ឋមន្ត្រីការពារជាតិលោក ល្លយដ៍ អូស្ទីន បានផ្តល់អនុសាសន៍សកម្មភាពចំនួន០៦ រួមទាំងការបង្កើតផែនការបណ្តុះបណ្តាលស្តីពីសកម្មភាពជ្រុលនិយមដែលត្រូវបានហាមឃាត់សម្រាប់មន្រ្តីក្រសួងការពារជាតិ ពិនិត្យ និងធ្វើបច្ចុប្បន្នភាពគោលនយោបាយដើម្បីផ្តល់ការជូនដំណឹងដល់បុគ្គលិក ស្តីពីសកម្មភាពជ្រុលនិយមដែលត្រូវបានហាមឃាត់ និងការកែលម្អកម្មវិធីការគំរាមកំហែងខាងក្នុង ដើម្បីបង្កើនសមត្ថភាព និងបង្កើនការចែករំលែកព័ត៌មាន។
របាយការណ៍បានបន្ថែមថា មន្រ្តីសកម្ម ឬបម្រុងតិចជាង ១០០នាក់ត្រូវបានចាត់វិធានការជាផ្លូវការសម្រាប់ការចូលរួមក្នុងទម្រង់ នៃសកម្មភាពជ្រុលនិយមមួយចំនួនក្នុងពេលមួយឆ្នាំកន្លងទៅ។ របាយការណ៍បានបញ្ជាក់ទៀតថា ទោះបីជាយ៉ាងណាក៏ដោយ សូម្បីតែករណីមួយចំនួនតូចក៏អាចបង្កបញ្ហាយ៉ាងសំខាន់សម្រាប់សុវត្ថិភាព និងការសហការគ្នារបស់អង្គភាពផងដែរ៕ ប្រភព៖ Sputniknews



