សម្តេចតេជោ៖ ការដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលគយដ៏ធំទំនើប និងសមិទ្ធិផលនានាក្នុងពេលនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញនូវការរីកលូតលាស់កាន់តែរឹងមាំ នៃរដ្ឋបាលគយ និង រដ្ឋាករកម្ពុជា

ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល អគារសាលាជាតិគយ និងអគារសារមន្ទីរគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការដាក់ឱ្យប្រើប្រាស់អគារអគ្គនាយកដ្ឋានគយ និងរដ្ឋាករដ៏ធំទំនើប និងការដាក់បង្ហាញនូវសមិទ្ធិផលនានា ក្នុងពេលនេះ គឺជាសក្ខីភាពថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវការរីកលូតលាស់កាន់តែរឹងមាំឡើងជាលំដាប់ នៃរដ្ឋបាលគយ និង រដ្ឋាករកម្ពុជា ដែលបានឆ្លងកាត់ដំណាក់កាលនៃការស្តារ ការអភិវឌ្ឍ និងការកែទម្រង់ជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលថ្មី សាលាជាតិគយ និង សារមន្ទីរគយ នាពេលនេះ គឺត្រូវបានប្រារពធ្វើឡើងក្នុងឆ្នាំដែលអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍ ៧០ ឆ្នាំ នៃការបង្កើតរដ្ឋបាលគយកម្ពុជា ២៩ មិថុនា ១៩៥១ – ២៩ មិថុនា ២០២១។

ឆ្លៀតក្នុងឱកាសដ៏មហោឡារិកនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខ្ញុំសូមសម្តែងនូវកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះរាជបូជនិយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋនៃយើង ដែលព្រះអង្គបានតស៊ូទាមទារឯករាជ្យជូនជាតិ និង បានបង្កើតរដ្ឋបាលគយកម្ពុជា ដោយបំបែកចេញពីសហភាពគយឥណ្ឌូចិន កាលពី ៧០ ឆ្នាំមុន ហើយបានបន្សល់ទុកនូវស្នាព្រះហស្ថ និង សមិទ្ធិផលនានាជាប្រវត្តិសាស្ត្រ និង ជាកេរ្តិ៍ដំណែល ច្រើនរាប់មិនអស់ សម្រាប់កូនចៅជំនាន់ក្រោយ ។

សូមរំលឹកថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ត្រូវបានបង្កើតឡើង ក្នុងសម័យសង្គមរាស្ត្រនិយមដោយព្រះរាជក្រមលេខ ៦៦១ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥១។ កិច្ចដំណើរការរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ត្រូវបានបញ្ឈប់ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ក្រោមរបប ខ្មែរក្រហម។ អង្គភាពនេះ ចាប់ដំណើរការ ឡើងវិញ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៧៩ ក្រោមឱវាទក្រសួង ពាណិជ្ជកម្ម ។ អង្គភាពនេះត្រូវ បានផ្ទេរទៅនៅក្រោមឱវាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈអនុក្រឹត្យ លេខ ០៦ អនក្រ ចុះថ្ងៃទី១១ ខែ មិនា ឆ្នាំ១៩៨៨។ ទីចាត់ការគយនិងរដ្ឋាករត្រូវបានតម្លើងជាអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) តាមរយៈអនុក្រឹត្យលេខ ១៣៤ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៨។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គឺជារដ្ឋបាលសាធារណៈស្ថិតក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner