សម្តេចតេជោ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាល សាលាជាតិគយ និងសារមន្ទីរគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាល សាលាជាតិគយ និងសារមន្ទីរគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ផ្តើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០១៧ បញ្ចប់នៅខែកក្កដា ឆ្នាំ២០២០ មានកម្ពស់ ៣៥ជាន់ (ដោយមិនគិតជាន់ក្រោមដី២ជាន់) កម្ពស់ ១២០ម៉ែត្រ មានបណ្តោយប្រវែង ៥៤ម៉ែត្រ ទទឹងប្រវែងជាង ២៦ម៉ែត្រ។

អគារនេះរៀបចំឡើងដោយបានចែកចេញជាផ្នែកជាច្រើន សម្រាប់សម្រួលដល់ការបំពេញការងាររបស់មន្ត្រី និងការផ្តល់សេវា។ អគារនេះ មានចំណត ៨ជាន់ (រួមទាំងជាន់ក្រោមដី២ជាន់) អាចចតរថយន្តបាន ១៤២គ្រឿង និងទោចក្រយានយន្ត ១០២គ្រឿង បញ្ជរព័ត៌មាន (ជាន់ទី១) ច្រកចេញ-ចូលតែមួយ (ជាន់ទី៦) សាលប្រជុំ និងបន្ទប់ប្រជុំ សាលប្រជុំធំ២ សម្រាប់ផ្ទុកអ្នកចូលរួម ១៩៨នាក់ និងសម្រាប់ ១២៨នាក់ និងបន្ទប់ប្រជុំតូចមួយចំនួន ការិយាល័យ ២៣ជាន់ ការិយាល័យអគ្គនាយក បន្ទប់ទទួលភ្ញៀវ ការិយាល័យអគ្គនាយករង ការិយាល័យថ្នាក់ដឹកនាំនាយកដ្ឋាន និងការិយាល័យមន្រ្តី អាហារដ្ឋាន (ជាន់ទី២០) ក្លឹបហាត់ប្រាណ ស្ទីម និងសោណា (ជាន់ទី៣១) ស្កាយបារ (ជាន់ទី៣៣ និង៣៤)។

ក្រៅតែពីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលហើយនោះ ក៏ភ្ជាប់ជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលាជាតិគយ និងអគារសារមន្ទីរគយផងដែរ។ អគារសាលាជាតិគយ ចាប់ផ្តើមសាងសង់នៅខែតុលា ឆ្នាំ២០១៩ ហើយបញ្ចប់នៅខែតុលា ឆ្នាំ២០២១។ អគារនេះ សាងសង់លើលើផ្ទៃដីទំហំ ១០,០២៦.៣១ ម៉ែត្រក្រឡា ស្ថិតនៅតំបន់អភិវឌ្ឍន៍ OCIC សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អគារសាលាជាតិគយ មានកម្ពស់ ១២ជាន់ ស្មើនឹង ៥០ម៉ែត្រ បណ្តោយប្រវែង ៤៩,២០ម៉ែត្រ ទទឹងប្រវែង ៤៨ម៉ែត្រទំហំសរុប ២០,២២៥ ម៉ែត្រការ៉េ។ ដោយឡែកអគារសារមន្ទីរគយ ត្រូវបានរៀបចំជួសជុល កែលម្អឡើងវិញ នៅខែសីហា ឆ្នាំ២០២០ ហើយបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២០។ អគារនេះ មានបណ្តោយប្រវែង ៣៨,៧០ម៉ែត្រ ទទឹងប្រវែង ១៨ម៉ែត្រ។

វត្តមានថ្មីនៃអគាររដ្ឋបាលគយ និងរដ្ឋាករកម្ពុជា មិនត្រឹមតែជួយលើកកម្ពស់មុខមាត់ស្ថាប័នរបស់រដ្ឋ និងផ្តល់កន្លែងបំពេញការងារបានសមរម្យសម្រាប់មន្ត្រីរាជការប៉ុណ្ណោះទេ។ តែក៏បានបង្ហាញឱ្យឃើញនូវវឌ្ឍនភាពរបស់ជាតិកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំកសាងជាតិចេញស្ថានភាពដ៏លំបាកក្រោយសំណល់នៃភ្លើងសង្គ្រាម។

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកសម្ពោធដាក់ឲ្យប្រើប្រាស់នូវអាគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដូចជាសាលាជាតិគយ និងសារមន្ទីរនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា អគារទាំង៣នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានេះ គឺបានចំណាយថវិកាក្នុងការសាងអស់ទឹកប្រាក់ប្រមាណជាង ៥០លានដុល្លារ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ឆ្នាំនេះជាខួប៧០ឆ្នាំ នៃការបង្កើតឱ្យមានស្ថាប័នគយ និងរដ្ឋាករកម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈពីការសម្រេចពន្យារការចូលនិវត្តន៍របស់ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឲ្យបន្តកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រហូតដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មស្ថាប័នគយអោយកាន់ល្អប្រសើរបន្ថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ទៀតថា ទោះបីជាសម្តេច ចេញពីតំណែងឬយ៉ាងណាក៏ដោយ ក៏ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន នៅតែជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដដែល ដោយគ្មានការផ្លាស់ប្តូរទេ ។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏មានប្រសាន៍រំលឹកដល់គុណូបការៈដ៏ធំធេងរបស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានបង្កើតស្ថាប័នគយនេះឡើង។ ព្រះអង្គបានសាងនូវស្នាព្រះហស្ថជាច្រើនសម្រាប់ជាតិ ជាពិសេសក្នុងព្រះរាជបូជនីយកិច្ចក្នុងការទាមទារឯករាជ្យជូនជាតិកម្ពុជាមាតុភូមិ។ សម្តេចតេជោបានមានប្រសាសន៍បន្តថា វត្តមានថ្មីនៃអគាររដ្ឋបាលគយ និងរដ្ឋាករកម្ពុជានេះ មិនត្រឹមតែជួយលើកកម្ពស់មុខមាត់ស្ថាប័នរបស់រដ្ឋ និងផ្តល់កន្លែងបំពេញការងារបានសមរម្យសម្រាប់មន្ត្រីរាជការប៉ុណ្ណោះទេ តែក៏បានបង្ហាញឱ្យឃើញនូវវឌ្ឍនភាពរបស់ជាតិកម្ពុជា ដែលយើងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ និងស្វែងរកសន្តិភាពបានដោយលំបាក។

ទាក់ទងទៅនឹងរឿងគយនេះដែរ សម្តេចតេជោបានរំលឹកថា នៅក្នុងអំឡុងឆ្នាំ២០០៤ មានមិត្តភក្តិបរទេសបានផ្តល់មតិឱ្យកម្ពុជាលក់ស្ថាប័នគយនេះ ប៉ុន្តែសម្តេចមិនព្រម ដោយសម្តេចយល់ឃើញថា បើសិនជាលក់ស្ថាប័នគយនេះ វាស្មើនឹងការលក់អធិបតេយ្យជាតិរបស់កម្ពុជាតែម្តង ដូច្នេះសម្តេចមិនយល់ព្រមទោះទេ។ ជាថ្មីម្តងទៀត នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសសារជាថ្មី មិនអនុញ្ញាតឲ្យរថយន្តអត់ពន្ធបើកចរាចរណ៍ លើដងផ្លូវតទៅទៀតទេ។

ជាថ្មីម្ដងទៀត សម្តេចតេជោ បានអំពាវនាវដល់ម្ចាស់រថយន្តអត់ពន្ធ សូមប្រញាប់មកបង់ពន្ធឲ្យបានទាន់ពេលវេលា មុនថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះពន្ធ១០ភាគរយ។ សម្តេច បានណែនាំឱ្យមន្ត្រីគយ ត្រូវខិតខំប្រឹងប្រែអនុវត្តឱ្យបានល្អ មិនត្រូវឱ្យអ្នកជិះឡានអត់ពន្ធ ធ្វើរឿងច្រំដែលៗបានទៀតទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីគយទាំងអស់ សម្រាប់កិច្ចប្រឹងប្រែងប្រមូលពន្ធ។ នាឱកាសនេះផងដែរ បានប្រកាសណែនាំ ៥ចំណុច ដល់ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងមន្ត្រីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ដែលក្នុងនោះរួមមាន៖

១- បន្តលើកកម្ពស់ការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ បទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានទាំងឡាយដើម្បីបង្កើនការយល់ដឹង និងការចូលរួមពីគ្រប់ភាគីទាំងអស់ក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីពង្រឹងនីតិរដ្ឋ កសាងវប្បធម៌សារពើពន្ធឲ្យកាន់តែប្រសើរឡើង។

២- ត្រូវបន្តអនុវត្តឲ្យមានប្រសិទ្ធភាពនូវយុទ្ធសាស្ត្រគៀងគរចំណូល និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ តាមរយៈការលើកកម្ពស់ភាពជាអ្នកដឹកនាំ ការបង្កើតឆន្ទៈក្នុងការអនុវត្តការងារកែទម្រង់ ការពង្រឹងភាពជាម្ចាស់ ការងារកែទម្រង់ការពង្រឹងភាពជាម្ចាស់ និងការយកចិត្តទុកដាក់ពង្រឹងសមត្ថភាពធនធានមនុស្សជាមួយនឹងការប្រើប្រាស់អោយបានច្រើននូវបច្ចេកវិជ្ជាព័ត៌មាន និងគមនាគមន៍ជាដើម។

៣- ត្រូវនៅបន្ត និងកែលម្អជាប្រចាំនូវការអនុវត្តយន្តការគាំទ្រកិច្ចសម្រួលពាណិជ្ជកម្ម ដូចដូចជាប្រព័ន្ធស្វ័យប្រវត្តិកម្ម ប្រព័ន្ធគ្រប់គ្រងហានិភ័យក្រោយពេលបញ្ចេញទំនិញពីគយ។

៤- ត្រូវចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាព នូវវិធានការនានា ក្នុងការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ និងដោះស្រាយផលប៉ះពាល់ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ ដើម្បីស្ដាសេដ្ឋកិច្ចឡើងវិញ។

៥- ត្រូវបន្តពង្រឹងប្រកបដោយប្រសិទ្ធភាព ទប់ស្កាត់អំពើរត់ពន្ធ ដើម្បីរួមចំណែកបង្កើនចំណូល ការប្រកួតប្រជែងសម្រាប់ការលើកស្ទួយអនុលោមភាពសារពើពន្ធនៅកម្ពុជា ម្យ៉ាងទៀតដើម្បីលុបបំបាត់ទាំងស្រុងនូវអំពើរត់គេចពន្ធ ត្រូវពង្រឹកការរដ្ឋច្បាប់លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈរួមសហការជាមួយវិស័យពាក់ព័ន្ធ រួមជាមួយវិស័យឯកជនផងដែរ។

ថ្លែងទាក់ទងនឹងដំណើរទៅប្រទេសមីយ៉ាន់ម៉ានាពេលខាងមុខនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានចោទជាសំនួរបកទៅអ្នករិះគន់សម្តេច ពាក់ព័ន្ធនឹងគម្រោងដំណើរទៅមីយ៉ាន់ម៉ាថា «តើទូតរបស់ប្រទេសអ្នកបានផ្តាច់ដកទូតចេញពីមីយ៉ាន់ម៉ាហើយឬនៅ បានជាអ្នកមិនឱ្យខ្ញ៉ំទៅ?»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «តាមរយៈដំណើររបស់ខ្ញ៉ំទៅមីយ៉ាន់ម៉ានាពេលខាងមុខនេះ បែរជាមានអ្នករិះគន់ខ្ញ៉ំថា ទៅទទួលស្គាល់របបយោធា»។ សម្តេច បានបញ្ជាក់ថា «ខ្ញ៉ំទៅ បើមិនឱ្យខ្ញ៉ំជួបជានិយាយជាមួយមេដឹកនាំមីយ៉ាន់ម៉ា តើឱ្យខ្ញ៉ំទៅនិយាយជាមួយអ្នកណា?»។ សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា «ខ្ញ៉ំទៅ ក៏ជានាមខ្ញ៉ំជាប្រធានអាស៊ានផងដែរ ក្នុងនាមប្រធានអាស៊ាន មិនអាចឱ្យអាស៊ានបែកបាក់ទេ អាស៊ាន១០ មិនអាច៩ទេ»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា «អ្នកឯងរិះគន់ខ្ញ៉ំ តើស្ថានទូតរបស់អ្នកបានដកចេញពីមីយ៉ាន់ម៉ាហើយឬនៅ? ហើយទូតមីយ៉ាន់ម៉ា ត្រូវបានប្រទេសអ្នកដកចេញឬនៅ?»។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «សូមអ្នកក៉ំរិះគន់ខ្ញ៉ំ ជាពិសេសក្រុមប្រឆាំង ទុកពេលអោយខ្ញ៉ំធ្វើសិនបានទេ? ខ្ញ៉ំមិនទាន់បានធ្វើផងបែរជាចេញរិះគន់!។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញអារម្មណ៍ថា ខ្ញ៉ំចំពោះបងប្អូនជនជាតិមីយ៉ាន់ម៉ា ដែលបានដុតរូបខ្ញ៉ំ ជាមួយមេដឹកនាំ ម៉ិញ អុងឡាំង តែអ្នកទាំងអស់គ្នានឹងយល់នាពេលក្រោយ។

សម្ដេចតេជោ ក៏បានជូនពរឲ្យបុគ្គលិកមន្ត្រីរាជការនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាទាំងអស់សូមទទួលបាននូវភាពជោគជ័យក្នុងការងារ និងជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា។

ក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសដល់មន្ត្រីមានស្នាដៃមួយចំនួន នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាផងដែរ និងបានអញ្ជើញសម្ពោធកាត់ខ្សែបូដាក់អោយប្រើប្រាស់នូវអគាររដ្ឋបាលគណៈនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគារសាលាជាតិគយ និងអគារសារមន្ទីរនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចាប់ពីពេលនេះតទៅ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner