លោក ចូ បៃដិន និងអនុប្រធានាធិបតីអាមេរិកធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ក្រោយប៉ះពាល់នឹងជំនួយការឆ្លងមេរោគនេះ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានធ្វើតេស្តអវិជ្ជមានជំងឺកូវីដ១៩ បន្ទាប់ពីការធ្វើតេស្ត PCR លើកទីពីរកាលពីថ្ងៃពុធ។ មុននេះ មានសេចក្តីរាយការណ៍ថា លោក បៃដិន បង្ហាញខ្លួនជាមួយជំនួយការម្នាក់ ដែលក្រោយមកបានធ្វើតេស្តវិជ្ជមាន ខណៈកំពុងធ្វើដំណើរលើយន្តហោះ Air Force One កាលពីថ្ងៃសុក្រ។
បន្ទាប់ពីឧបទ្ទវហេតុនេះ លោក បៃដិន បានធ្វើតេស្តអវិជ្ជមានជាមួយការធ្វើតេស្តអង់ទីហ្សែនកាលពីថ្ងៃអាទិត្យ ហើយទទួលបានលទ្ធផលអវិជ្ជមានជាមួយនឹងការធ្វើតេស្ត PCR កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ ការធ្វើតេស្តនេះធ្វើឡើងបន្ទាប់ពីបុគ្គលិកដែលបានចាក់វ៉ាក់សាំងពេញលេញ ដែលបានហោះហើរជាមួយលោកប្រធានាធិបតីនៅលើយន្តហោះ Air Force One កាលពីថ្ងៃសុក្រ បានចាប់ផ្តើមមានរោគសញ្ញានៃមេរោគកូវីដ១៩កាលពីថ្ងៃអាទិត្យ។ ដោយឡែកអ្នកនាំពាក្យអនុប្រធានាធិបតីអាមេរិក គឺលោកស្រី ស៊ីម៉ូណេ សាន់ដើ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា អនុប្រធានាធិបតីអាមេរិកលោកស្រី ខាម៉ាឡា ហារីស បានសម្រេចចិត្តធ្វើតេស្តរកវីរុសកូវីដ១៩ បន្ទាប់ពីបុគ្គលិកម្នាក់របស់លោកស្រីបានឆ្លងមេរោគនេះ ហើយការធ្វើតេស្តរបស់លោកស្រី ហារីស គឺអវិជ្ជមាន។ សេចក្តីថ្លែងការណ៍នេះបន្ថែមថា បុគ្គលិកដែលបម្រើការដល់អនុប្រធានាធិបតីអាមេរិក កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានទទួលលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ១៩នៅព្រឹកថ្ងៃពុធ។
បន្ទាប់ពីត្រូវបានជូនដំណឹងអំពីការធ្វើតេស្តវិជ្ជមានរបស់បុគ្គលិកខ្លួន លោកស្រី ហារីស បានទទួលការធ្វើតេស្ត PCR ហើយចេញលទ្ធផលអវិជ្ជមាន។ លោកស្រី ហារីស នឹងត្រូវធ្វើតេស្តម្តងទៀតនៅថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់មកម្តងទៀតនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ស្ថិតក្រោមការណែនាំរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC)៕ ប្រភព៖ Sputniknews


