ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង៖ កូរ៉េខាងជើងបានប្រឈមមុខនឹងបញ្ហាដ៏អាក្រក់បំផុតមិនធ្លាប់មាននៅក្នុងឆ្នាំមុន

ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានលើកឡើងពីសមិទ្ធិផលរបស់មេដឹកនាំកំពូលលោក គីម ជុងអ៊ុន សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយក៏បានចុះផ្សាយផងដែរថា ប្រទេសនេះបានប្រឈមមុខនឹងបញ្ហាដ៏អាក្រក់បំផុតមិនធ្លាប់មានកាលពីឆ្នាំមុន។

នៅថ្ងៃទី៣០ ខែធ្នូខាងមុខនេះ ត្រូវនឹងថ្ងៃប្រារព្ធខួបលើកទី១០ ដែលលោក គីម ជុងអ៊ុន ក្លាយជាមេបញ្ជាការយោធាកំពូលរបស់ប្រទេសកូរ៉េខាងជើង។ កាសែតគណបក្សពលករដែលកំពុងកាន់អំណាចគឺ រ៉ូដុង ស៊ីនមុន បានរាយការណ៍ជារៀងរាល់ថ្ងៃអំពីទសវត្សរ៍នៃការគ្រប់គ្រងរបស់លោក គីម។ កាសែតនេះបានសរសេរចុះផ្សាយនៅថ្ងៃពុធសប្តាហ៍នេះថា កូរ៉េខាងជើងបានប្រឈមមុខនឹងបញ្ហាដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីការបង្កើតគណបក្សពលកររបស់ខ្លួន។ ទីភ្នាក់ងារសារព័ត៌មាន រ៉េឌីយ៉ូប្រេស ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ដែលវិភាគរបាយការណ៍របស់កូរ៉េខាងជើង បានកត់សម្គាល់ថា នេះគឺជាលើកដំបូងហើយសម្រាប់កាសែតរបស់គណបក្សកាន់អំណាច ឬប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដែលបានធ្វើការពិពណ៌នាអំពីស្ថានភាពនេះថា ជាបញ្ហាប្រឈមបំផុតមិនធ្លាប់មាន។ ទន្ទឹមនឹងនេះដែរ កាសែត រ៉ូដុង ស៊ីនមុន បានសរសើរទសវត្សរ៍នៃការគ្រប់គ្រងរបស់លោក គីម ថា ជាការលះបង់ដ៏កំពូលចំពោះប្រជាជន។

កាសែតនេះក៏​បាន​គូសបញ្ជាក់ផងដែរ អំ​ពី​សមិទ្ធផល​របស់លោក គីម រួមទាំង​ការរីកចំរើន​នៃ​គម្រោង​សាងសង់​លំនៅឋាន​ខ្នាត​ធំ​។ សេដ្ឋកិច្ច​កូរ៉េ​ខាង​ជើង​បាន​រង​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង ​ដោយ​សារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ និង​ទណ្ឌកម្ម​សេដ្ឋកិច្ច។ ប្រទេស​កូរ៉េខាងជើងក៏ទំនង​ជា​កំពុង​ព្យាយាម​បង្កើត​សាមគ្គីភាព​ ដោយ​បង្ហាញ​ថា ​លោក គីម ជុងអ៊ុន កំពុង​ឈរ​ក្បែរ​ប្រជាជនជានិច្ច៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner