សហរដ្ឋអាមេរិក៖ សម្ព័ន្ធមិត្តនឹងចូលរួមកិច្ចចរចាអ៊ុយក្រែនជាមួយរុស្ស៊ី
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានលើកឡើងថា ខ្លួនសង្ឃឹមថា នឹងពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែនជាមួយរុស្ស៊ី ទាំងទ្វេភាគី និងតាមរយៈបណ្តាញជាច្រើន រួមទាំងអង្គការណាតូ ឱ្យបានឆាប់នៅដើមខែមករា ឆ្នាំក្រោយ។
មន្ត្រីជាន់ខ្ពស់សេតវិមានបាននិយាយបែបនេះទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រទេសទាំងពីរទំនងជានឹងរៀបចំកិច្ចចរចាកម្រិតខ្ពស់ស្តីពីអ៊ុយក្រែននៅដើមឆ្នាំក្រោយ។ រុស្ស៊ីបាននិងកំពុងទាមទារការធានាជាលាយលក្ខណ៍អក្សរថា អង្គការណាតូនឹងបញ្ឈប់ការពង្រីកខ្លួន និងបដិសេធសមាជិកភាពរបស់អ៊ុយក្រែន។ មន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានសង្កត់ធ្ងន់ថា ការចរចានឹងចាប់ផ្តើមពីគោលការណ៍គ្រឹះនៃសន្តិសុខអឺរ៉ុប រួមទាំង “បូរណភាពទឹកដីនៃប្រទេស” និង “ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយកម្លាំង”។ មន្ត្រីអាមេរិករូបនេះបន្ថែមថា “កិច្ចពិភាក្សាក៏នឹងរួមបញ្ចូលផងដែរ ដូចដែលពួកគេត្រូវតែការព្រួយបារម្ភរបស់យើងផ្ទាល់ និងសម្ព័ន្ធមិត្តរបស់យើងអំពីជំហាន និងសកម្មភាពរបស់រុស្ស៊ី ដែលបានធ្វើឱ្យអស្ថិរភាពសន្តិសុខអឺរ៉ុប”។
ក្រសួងការបរទេសអាមេរិកក៏បានលើកឡើងផងដែរថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងខិន បានទូរស័ព្ទទៅអគ្គលេខាធិការអង្គការណាតូលោក ជេន ស្តូថែនប៊ឺគ និងរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី អេលីសាប៉េត ទ្រូស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីបញ្ជាក់ពីការឆ្លើយតបរួមគ្នារបស់ពួកគេចំពោះប្រទេសរុស្ស៊ី៕ ប្រភព៖ NHK


