សាធារណរដ្ឋកូរ៉េ គ្រោងនឹងបង្កើតដេប៉ាតឺម៉ង អភិវឌ្ឍន៍ចលនាភូមិថ្មី នៅរាជធានីភ្នំពេញ
លោកសាស្ត្រាចារ្យ ឆ័យ អ៊ូ ឈូល (Dr. Choi Ou Chhol) ប្រធានបណ្តាញអភិវឌ្ឍន៍ចលនាភូមិថ្មីសកលនៃសាធារណរដ្ឋកូរ៉េ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅទីស្តីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី១៣ ធ្នូ២០១៩ និងពិភាក្សាការងារស្តីពីការៀបចំបង្កើតដេប៉ាតឺម៉ង់អភិវឌ្ឍន៍ចលនាភូមិថ្មីនៅតាមសាលាសកលវិទ្យាល័យកម្ពុជា។
លោកសាស្ត្រាចារ្យ ឆ័យ អ៊ូ ឈូល (Dr. Choi Ou Chhol) មានប្រសាសន៍ថា បេសកកម្មរបស់លោកមកកម្ពុជាលើកនេះ គឺដើម្បីជម្រាបជូនពីលទ្ឋផលការងារនៃគម្រោងការបង្កើតដេប៉ាតឺម៉ង់អនុវត្តចលនាភូមិថ្មី នៅតាមសលកវិទ្យាល័យឯកជន និងរដ្ឋ និងគម្រោងថ្មីៗបន្ថែមទៀតនៅកម្ពុជា។ លោកសាស្ត្រាចារ្យបញ្ជាក់ថា ការងារចលនាភូមិថ្មីនៅកម្ពុជាទទួលបានផ្លែផ្កា ក៏ដោយសារមានការជួយគាំទ្រ និងសម្របសម្រួលពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហើយនៅពេលខាងមុខនេះ លោកគ្រោងនឹងបង្កើតដេប៉ាតឺម៉ងអភិវឌ្ឍន៍ចលនាភូមិថ្មីសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងសកលវិទ្យាល័យឯកជន នៅខេត្តកំពង់ចាម និងសាលាភូមិភាគកសិកម្ម ខេត្តកំពង់ចាម។
ដោយឡែកកម្មវិធីសិក្សាគឺ និសិ្សតត្រូវរៀន២ឆ្នាំនៅកម្ពុជា និង២ឆ្នាំទៀតរៀននៅសកលវិទ្យាល័យ យ៉ុង ណាម នៃសាធារណរដ្ឋកូរ៉េ។ លោកសាស្ត្រាចារ្យ បានជម្រាបថា នៅថ្ងៃទី៨ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២០ , កូរ៉េនឹងរៀបចំកិច្ចប្រជុំដ៏ធំមួយ និងជាលើកដំបូងស្តីពីគម្រោងអភិវឌ្ឍន៍ចលនាភូមិថ្មី ដែលមានជាង១០០ប្រទេសចូលរួម។ ដូច្នេះ លោកសាស្ត្រាចារ្យ សូមគោរពអញ្ជើញឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចូលរួមជាកិត្តិយសក្នុងកិច្ចប្រជុំខាងលើនេះដោយក្តីអនុគ្រោះ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានមានប្រសាសន៍ថ្លែងអំណរ គុណ ដល់សាធារណរដ្ឋកូរ៉េ រួមទាំងលោកសាស្ត្រាចារ្យ ឆ័យ អ៊ូឈូល ផងដែរ ដែលបានជួយដល់កម្ពុជាលើការងារបង្កើតដេប៉ាដឺម៉ង់ចលនាភូមិថ្មី ក្នុងនោះមានការអភិវឌ្ឍធនធានមនុស្ស និងកិច្ចសហការជាមួយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ។ ឯកឧត្តមបន្តថា ចលនាភូមិថ្មី ត្រូវបានបញ្ចូលក្នុងក្របខណ្ឌ អភិវឌ្ឍន៍សហគមន៍ជនបទនៅកម្ពុជា រួមចំណែកលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមចក្ខុវិស័យដ៏មុតស្រួចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការខិតខំធានាឲ្យបាននូវការកាត់បន្ថយភាពក្រីក្រឲ្យលើសពី១%ក្នុងមួយឆ្នាំ និងការ ធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចិរភាពក្នុងអត្រាប្រមាណ៧%ក្នុងមួយឆ្នាំ ។
ឯកឧត្តមឧប នាយក រដ្ឋមន្រ្តី បានបញ្ជាក់ថា សម្តេចតេជោ គឺជាមនុស្ស ទី១ ដែលបានផ្សារភ្ជាប់ទំនាក់ទំនងការទូតរវាងសាធារណៈរដ្ឋកូរ៉េ ជាមួយព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ ការអភិវឌ្ឍចលនាភូមិថ្មីនៅកម្ពុជា ក៏អាចចាត់ទុកថា ជាផ្លែផ្កាមួយទៀតនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េ និងកម្ពុជាផងដែរ។ ឯកឧត្តម បន្តថា ដើម្បីឲ្យការងារចលនាភូមិថ្មីទទួលបានជោគជ័យវាទាមទារនូវកិច្ចសហការអន្តរវិស័យ ហើយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ជាអ្នកសម្របសម្រួលដល់ការអនុវត្តន៍នូវគោល នយោបាយ និងយុទ្ឋសាស្ត្រនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ជាមួយគ្នានោះ, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំលោកសាស្ត្រាចារ្យ ឆ័យ អ៊ូឈូល ធ្វើការពិភាក្សាលំអិតជាមួយក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការបង្កើតដេប៉ាតឺម៉ងអភិវឌ្ឍន៍ចលនាភូមិថ្មីនៅភ្នំពេញ និងបានស្នើរឲ្យប្រទេសកូរ៉េជួយដល់កម្ពុជាបន្ថែមទៀតដើម្បីឲ្យការអនុវត្តការងារចលនាភូមិថ្មី នៅកម្ពុជាទទួលបានជោគជ័យបន្ថែមទៀត។ ដោយឡែក ចំពោះកិច្ចប្រជុំនៅប្រទេសកូរ៉េស្តីពីគម្រោងអភិវឌ្ឍន៍ចលនាភូមិថ្មី នាខែមេសា ខាងមុខ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងពិនិត្យទៅលើវេលាជាក់ស្តែងក្នុងការចូលរួមកិច្ចប្រជុំនេះ៕ធ.ដ