រាជរដ្ឋាភិបាលចាត់ទុកវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាវិស័យដែលមានសក្តានុពលខ្ពស់ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិ និងធានាបាននូវសន្តិសុខស្បៀង
ភ្នំពេញ៖ នៅក្នុងពេលមានវិបត្តិនៃជំងឺកូវីដ១៩, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា ជាវិស័យដែលមានសក្តានុពលខ្ពស់ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិ និងធានាបាននូវសន្តិសុខស្បៀង ស្របពេលដែលវិស័យសំខាន់ៗមួយចំនួនដូចជា ទេសចរណ៍ និងសេវាកម្មគាំទ្រត្រូវបានទទួលបានឥទ្ធិពលយ៉ាងខ្លាំង។
វិស័យនេះមិនបានទទួលរងផលប៉ះពាល់ ប៉ុន្តែជាវិស័យជួយសម្រាលបន្ទុក និងផលប៉ះពាល់ពីវិស័យផ្សេងទៀត តាមរយៈការផ្តល់ការងារ និងប្រាក់ចំណូល។ តាមការវាយតម្លៃជារួម, វិស័យកសិកម្មនៅប្រទេសកម្ពុជាមានការរីកចម្រើនគួរអោយកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលការណ៍នេះបានឆ្លុះបញ្ចាំងតាមរយៈកំណើនផលិតកម្ម និងការនាំចេញដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ ទោះបីជាមានវឌ្ឍនភាពល្អប្រសើរ, វិស័យកសិកម្មនៅមានបញ្ហាប្រឈមធំៗមួយចំនួន ដែលចាំបាច់ត្រូវមានដំណោះស្រាយ រួមមាន៖ ១. កំណើនផលិតភាពទាបដែលបណ្តាលមកពីកត្តាកង្វះខាតពូជសុទ្ធ, បច្ចេកទេស, ប្រព័ន្ធស្រោចស្រព និងបច្ចេកវិទ្យាទំនើប។ ២. ការធ្វើពិពិធកម្មដំណាំនៅមានកម្រិតទាប។ ៣. ការយល់ដឹង និងការផ្លាស់ប្តូរគោលគំនិតរបស់ប្រជាកសិករនៅមានកម្រិតទាប។ ៤. កង្វះការវិនិយោគលើការកែច្នៃ ដែលបណ្តាលមកពីថ្លៃដើមផលិតកម្មនៅមានកម្រិតខ្ពស់។ ៥. ភាពមានកម្រិតនៃការធ្វើពាណិជ្ជូបនិយកម្មកសិកម្ម ពោលគឹការនាំចេញផលិតផលកសិកម្មមានលក្ខណៈក្រៅផ្លូវការ។ ៦. កង្វះខាតយន្តការគាំទ្រដល់ការអនុវត្តកសិកម្មតាមកិច្ចសន្យា។ ៧. កង្វះខាតហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធត្រួតពិនិត្យគុណភាពផលិតផលកសិកម្ម និងធាតុចូលកសិកម្ម ដែលមានស្តង់ដារខ្ពស់ (ISO)។ ៨. កង្វះលទ្ធភាពទទួលបានហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាប។ ៩. កង្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រអំឡុងពេល និងក្រោយពេលប្រមូលផល និង១០. កង្វះកិច្ចសម្របសម្រួលស្ថាប័នទាំងក្នុងដំណាក់កាល នៃការធ្វើផែនការ និងការអនុវត្ត។
ដើម្បីទាញយកផលប្រយោជន៍បន្ថែមពីវិស័យកសិកម្ម សំដៅរួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញ, ក្របខណ្ឌយុទ្ធសាស្រ្តនេះនឹងផ្តោតជាសំខាន់លើការជំរុញកំណើនផលិតភាពកសិកម្ម, ការពង្រឹងភាពប្រកួតប្រជែងទាំងថ្លៃដើម និងគុណភាព, ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលកសិកម្ម, ការជំរុញការកែច្នៃផលិតផលកសិកម្ម, ការជំរុញឧស្សាហកម្មពូជដំណាំ និងការទាញយកប្រយោជន៍អោយបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៕




