រាជរដ្ឋាភិបាលនឹងជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជាឆ្នាំ ២០២១-២០២៥

ភ្នំពេញ៖ វិស័យកាត់ដេរដែលជាទូទៅរាប់បញ្ចូលផលិតកម្មស្បែកជើង និងកាបូប បានអភិវឌ្ឍជាបន្តបន្ទាប់អស់រយៈពេលជិតបីទសវត្សរ៍កន្លងមក និងបានបន្តរួមចំណែកសម្រេចនូវសមិទ្ធផលសង្គម-សេដ្ឋកិច្ចចម្បងៗជាច្រើន រួមមានកំណើនសេដ្ឋកិច្ច, ការនាំចេញ, ការវិនិយោគ, ការកាត់បន្ថយអត្រាភាពក្រីក្រ និងការបង្កើតការងារ។

ទោះជាយ៉ាងនេះក្តី វិស័យនេះក៏បានទទួលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩ គួបផ្សំនឹងបញ្ហាជារចនាសម្ព័ន្ធ ដែលធ្វើឱ្យការរីកចម្រើននៃវិស័យនេះមានភាពយឺតយ៉ាវ។ ជារួម, វិស័យនេះ នៅតែបន្តជាមជ្ឈមណ្ឌលផលិតកម្មដែលមានតម្លៃបន្ថែមទាប ហើយសមាហរណកម្មនឧស្សាហកម្មគាំទ្រនៅក្នុងដំណើរការផ្សេងទៀតនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃនៅមានកម្រិតទាប។ បញ្ហាប្រឈមសំខាន់ៗ រួមមានជាអាទិ៍៖ កង្វះពលកម្មជំនាញក្នុងស្រុក ទាំងគុណភាព និង បរិមាណ និងគន្លងអាជីពសម្រាប់កម្មករ-និយោជិត ក៏ដូចជាការជំរុញផលិតភាពរបស់កម្មករ-និយោជិត, កង្វះភាពប៉ាន់ប្រមាណបាន និងស្ថិរភាពដែលបណ្តាលមកពីបញ្ហាទំនាក់ទំនងវិជ្ជាជីវៈ, លក្ខខណ្ឌការងារ និងសុខុមាលភាពកម្មករ-និយោជិតនៅមានកម្រិត, កង្វះផលិតកម្មតម្លៃបន្ថែមខ្ពស់ និងចំនួនម្ចាស់រោងចក្រ ឬអ្នកវិនិយោគក្នុងស្រុកនៅមានកម្រិតទាប, កង្វះឧស្សាហកម្មគាំទ្រនៅក្នុងវិស័យ និងបរិយាកាសធុរកិច្ចនៅមានកម្រិត, ពិពិធកម្មទីផ្សារនៅមានកម្រិត និងការពឹងផ្អែកខ្លាំងលើប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកង្វះកិច្ចសម្របសម្រួលអន្តរស្ថាប័ន ក្នុងចំណោមតួអង្គពាក់ព័ន្ធសំខាន់ៗជាដើម។ លើសពីនេះ ការអូសបន្លាយនៃវិបត្តិនៃជំងឺកូវីដ-១៩រហូតមកដល់បច្ចុប្បន្ន បានបង្កភាពមិនច្បាស់លាស់នៅក្នុងវិស័យកាត់ដេរ ជាពិសេសនៅក្នុងទីផ្សារធំៗរបស់កម្ពុជា។ ម្យ៉ាងវិញទៀតស្ថានការណ៍ដែលកម្ពុជាគ្រោងនឹងឈានទៅចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចក្នុងពេលឆាប់ៗខាងមុខ នឹងធ្វើឱ្យកម្ពុជាអាចបាត់បង់អត្ថប្រយោជន៍ជាបណ្តើរៗពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ជាហេតុអាចនឹងបង្កផលប៉ះពាល់ដល់វិស័យកាត់ដេរ និងផលិតសម្លៀកបំពាក់របស់កម្ពុជាបន្ថែមទៀត ដែលធ្លាប់តែពឹងផ្អែកលើប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មសម្រាប់នាំចេញទំនិញទៅទីផ្សារអន្តរជាតិសំខាន់ៗ។

បញ្ហាប្រឈម និងហានិភ័យទាំងនេះ ទាមទារឱ្យកម្ពុជាត្រូវគិតគូរ និងដោះស្រាយ ហើយត្រៀមខ្លួនចាប់យកកាលានុវត្តភាព ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យនេះឱ្យកាន់តែរឹងមាំ និងមានភាពធន់ខ្ពស់។ ក្នុងន័យនេះ រាជរដ្ឋាភិបាលនឹងជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជាឆ្នាំ ២០២១-២០២៥ ដែលមានចក្ខុវិស័យក្នុងការអភិវឌ្ឍវិស័យនេះ ឱ្យទៅជាឧស្សាហកម្មដែលមានចីរភាពបរិស្ថាន, មានភាពធន់, មានតម្លៃបន្ថែមខ្ពស់, ផ្តោតលើផលិតផលថ្លៃខ្ពស់ និងមានលក្ខណៈពិសេស, មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ច៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner