អគ្គិភ័យបានឆេះឃ្លាំងស្ទុបថ្នាំបូរាណមួយកន្លែងទាំងស្រុង ក្នុងខណ្ឌសែនសុខ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ មានហេតុការណ៍អគ្គិភ័យមួយបានកើតឡើងនៅវេលាម៉ោង ២១:៣០នាទីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ដែលមូលហេតុ ជាងផ្សារធ្លាក់កំទេចដែកបង្កជាអគ្គិភ័យ បណ្តាលឲ្យឆេះរោងដែកប្រក់ស័ង្កសី ទំហំ៤.៥ម៉ែត្រx១២ម៉ែត្រស្ថិតនៅផ្ទះស្តុកថ្នាំបូរាណ ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រងគ្រោះមានឈ្មោះ ខាន់ រាវី ភេទស្រី អាយុ ៤៨ ឆ្នាំ មុខរបរ លក់ថ្នាំឧសថបូរាណត្រូវបានអគ្គិភ័យឆេះបណ្ដាលឲ្យខូចខាតថ្នាំឧសថបូរាណទាំងស្រុង តែមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។ ដោយរថយន្តការិយាល័យ អគ្គិភ័យ ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ឡានស្មើនឹង ២៤ម៣ និងពន្លត់ចប់ នៅម៉ោង ២៣:០០នាទី យប់ ថ្ងៃខែឆ្នាំដដែល ) ៕ធ.ដ