សន្និបាតប្រចាំឆ្នាំ ២០១៩ ស្តីពីគម្រោងពង្រឹងសមត្ថភាព និងមុខងារ ប្រព័ន្ធសុខភាពភ្នែក ខេត្តសៀមរាប “ដើម្បីនិរន្តរភាពរបស់មណ្ឌលថែទាំភ្នែក”
សៀមរាប៖ នៅថ្ងៃទី១៣ ខែ ធ្នូ ២០១៩ អង្គការ ហាត ធូ ហាតអន្តរជាតិ សហការជាមួយក្រសួងសុខាភិបាល និងទីភ្នាក់ងារសហប្រតិបត្តិអន្តរជាតិកូរ៉េ(KOICA) បានរៀបចំសន្នីបាតប្រចាំឆ្នាំ២០១៩ ស្តីពី គម្រោងពង្រឹងសមត្ថភាពនិងមុខងារប្រព័ន្ធសុខភាពភ្នែក ដើម្បីនិរន្តរភាពរបស់មណ្ឌល ថែទាំភ្នែក នៅសណ្ឋាគារសុខាអង្គរខេត្តសៀមរាប ។
លោកសាស្ត្រាចារ្យ ដោ សីហា អនុប្រធានកម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល មានប្រសាសន៍ថា៖ តាមការស្រាវជ្រាវថ្នាក់ជាតិកន្លងមកអត្រាពិការភ្នែកត្រូវបានថយចុះមកត្រឹម០.៣៧%ដែលជាតួលេខមួយបញ្ជាក់អំពីភាពជោគជ័យនៃការអភិវឌ្ឍផែនការយុទ្ឋសាស្ត្រជាតិក្នុងការទប់ស្កាត់និងគ្រប់គ្រងភាពពិការភ្នែកក្នុងប្រទេសកម្ពុជាឆ្នាំ២០១៦-២០២០ ដែលជាការខិតខំប្រឹងប្រែងរបស់កម្មវិធីជាតិសុខភាពភ្នែកក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល។
លោក ដោ សីហា បន្តថា៖ផែនការយុទ្ឋសាស្ត្រជាតិ៥ឆ្នាំចុងក្រោយនេះបានជ្រើសរើសបញ្ហាអាទិភាពសំខាន់ៗដូចជា ការទប់ស្កាត់ជំងឹពិការភ្នែកនិងគំហើញថយចុះ ការអភិវឌ្ឍធនធានមនុស្សសម្រាប់ផ្តល់សេវាថែទាំភ្នែក ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋបច្ចេកវិទ្យាសមស្របនិងទំនើបកម្ម ការអភិវឌ្ឍប្រព័ន្ឋព័ត៌មានក្នុងចក្ខុសាស្ត្រនិងការស្រាវជ្រាវពីជំងឹភ្នែក និងការស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អនុវត្តនៅក្នុងផែនការយុទ្ឋសាស្ត្រពីគ្រប់ភាគីពាក់ព័ន្ឋ។ឆ្នាំ២០១៩បានព្យាបាលជំងឹភ្នែកឡើងបាយចំនួនប្រមាណ៣៤២៨៨នាក់ ជំងឹភ្នែកដទៃទៀតចំនួនប្រមាណ១១២៥៣នាក់។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត ចាត់ទុកបញ្ហាសុខភាពភ្នែក ជាបញ្ហាសំខាន់សម្រាប់មនុស្សគ្រប់រូបដែលចង់បាននូវភាពល្អប្រសើរនៃសុខភាពភ្នែករបស់ខ្លួន ទន្ទឹមនឹងនេះ វិស័យសុខាភិបាលក៍បានដើរតួយ៉ាងសំខាន់ ក្នុងការថែទាំ និងការព្យាបាលជូនអ្នកជម្ងឺ ហើយក៏ជាអាទិភាពចម្បងដែលមន្ទីរសុខាភិបាលខេត្ដសៀមរាប ត្រូវបានយកចិត្ដទុកដាក់ធានាបាននូវផាសុខភាព ក្នុងការផ្តល់សេវាដ៍មានគុណភាពជូនភ្ញៀវជាតិ និងអន្តរជាតិផងដែរ ។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ មានប្រសាសន៍ថា៖ អង្គការហាត ធូ ហាត បានដើរតួនាទីយ៉ាងសំខាន់ និងការយក ចិត្តទុកដាក់អំពីបញ្ហាសុខភាពភ្នែក ដោយបានចាប់ផ្តើមដំណើរការអភិវឌ្ឈន៍កម្មវិធីសុខភាពភ្នែក ព្រមទាំងការផ្តល់ពង្រឹងសមត្ថភាពរបស់បុគ្គលិកផ្នែកសុខភាពភ្នែក នៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព និងការផ្សព្វផ្សាយសម្រាប់សហគមន៍ ពីការថែរក្សាភ្នែកផងដែរ ។
លោក ផាក់ ហ្យូជុន តំណាងអង្គការហាតធូហាតប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖អង្គការហាតធូហាតអន្តរជាតិបានធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ទីរសុខាភិបាលខេត្តខេត្តសៀមរាប និង អង្គការ KOICA ចាប់តាំងពីឆ្នាំ 2011 រហូតមកដល់បច្ចុប្បន្ន ដែលនេះគឺជាចំណែកនៃការគាំទ្រដ៏ធំមួយ ដើម្បីធ្វើឲ្យអង្គការ ហាត ធូ ហាតអន្តរជាតិ បង្កើតបានមណ្ឌលថែទាំភ្នែកចំនួន ៣ កន្លែង គឺនៅស្រុកអង្គរជុំ ស្រុកក្រឡាញ់ និង ស្រុកសូទ្រនិគម នេះគឺជាសមិទ្ធផលដ៏មានតំលៃបំផុតមួយនៅក្នុងគម្រោងរបស់យើង ។
លោក ក្រុស សារ៉ាត់ សម្តែងការសោកស្តាយយ៉ាងខ្លំាងចំពោះអង្គការ ហាត ធូ ហាត និងត្រូវបានបិទបញ្ចប់គម្រោងរយៈពេល ៣ឆ្នាំ របស់ខ្លួន ហើយឆ្នាំនេះជាឆ្នាំទី៣ និងក៏ជាឆ្នាំដែលត្រូវប្រគល់ការទទួលខុសត្រូវ និងការគ្រប់គ្រង់នៃដំណើរការទាំងស្រុង ដោយមន្ទីរពេទ្យបង្អែកស្រុកនីមួយដោយខ្លួនឯង ៕ធ.ដ
ដោយ ស៊ាន សុផាត