ឯកឧត្តម ហ៊ុន ម៉ាណែត សក្តិសមបំផុតជាបេក្ខភាព នាយករដ្ឋមន្ត្រីនាពេលអនាគត
បទអត្ថធិប្បាយ៖
សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤៣ដែលបានប្រព្រឹត្តិទៅ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១ បានសម្រេចជាឯកច្ឆ័ន្ទបន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ។ សន្និបាតក៏ បានធ្វើការបោះឆ្នោតជ្រើសតាំងបន្ថែមអនុប្រធានគណបក្សចំនួន ២រូបទៀត គឺសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិតិសង្គហបណ្ឌិត ម៉ែន សំអន ។
ការសម្រេចរបស់សន្និបាតគណបក្សក្នុងការជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត គឺជាការសម្រេចដ៏ត្រឹមត្រូវ ។ ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលមានព្រហ្មវិហាធម៌ គតិបណ្ឌិត សមត្ថភាព ភាពឈ្លាសវៃ មានស្មារតីស្នេហាជាតិជ្រាលជ្រៅ មានទឹកចិត្តគោរពស្រឡាញ់ប្រជាជនដោយស្មោះស្ម័គ្រ មានគ្រប់លក្ខណៈសម្បត្តិដឹកនាំ បានទទួលការសិក្សាខ្ពង់ខ្ពស់ មានសមត្ថភាព មានទេពកោសល្យខ្ពស់ មានគុណធម៌ និងសីលធម៌ល្អ បានទទួលការកោតសរសើរ និងការគោរពស្រឡាញ់ពីសំណាក់ប្រជាជនទូទៅ ពីមន្រ្តីរាជការ និងពីកងកម្លាំងប្រដាប់អាវុធ ហើយបាននិងកំពុងរួមចំណែកដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងបេសកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
អាស្រ័យដោយគុណសម្បត្តិនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលស័ក្តិសមជាអនាគតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិ ឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាពសេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា ។
នៅក្នុងសង្គមប្រជាធិបតេយ្យដែលប្រកាន់យករបបសេរីពហុបក្សគណបក្សនយោបាយនិមួយៗមានសិទ្ធផ្ទាល់ក្នុងការរៀបចំកម្មវិធីនយោបាយរបស់គណបក្ស រចនាសម្ព័ន្ធគណបក្ស និងការត្រៀមបេក្ខជនសម្រាប់តំណែងប្រធានគណបក្ស ឬអនុប្រធានគណបក្ស ឬជាបេក្ខជនប្រធានាធិបតី-អនុប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី ។ នៅប្រទេសកម្ពុជាក៏ដូចគ្នាបណ្តាគណបក្សនយោបាយទាំងអស់ មានសិទ្ធគ្រប់យ៉ាងក្នុងការធ្វើសកម្មភាព ក្រោមក្របខណ្ឌច្បាប់ដែលបានកំណត់ ដោយមានសិទ្ធដូចៗគ្នា ក្នុងការរៀបចំការងារផ្ទៃក្នុងរបស់គណបក្សខ្លួននិមួយៗ ។ ដោយឡែកសម្រាប់គណបក្សប្រជាជនកម្ពុជា នៅពេលដែលសម្តេចតេជោ ហ៊ុន សែន បង្ហើបអំពីបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត បានធ្វើឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជនគ្រប់ស្រទាប់វណ្ណៈ រាប់ទាំងប្រជាជនខ្មែររស់នៅក្រៅប្រទេសបានប្រកាសស្វាគមន៍ និងគាំទ្រដោយទឹកចិត្តរំភើបក្លៀវក្លាយ៉ាងក្រៃលែង និងបង្ហាញនូវក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា អនាគតនៃព្រះរាជាណាចក្រកម្ពុជានៅតែបន្តរីកចម្រើន ថ្កុំថ្កើង រុងរឿង ត្រចះត្រចង់ គ្មានអ្វីមកបង្អាក់បានឡើយ ។ ជាមួយគ្នានេះ ក៏មានមេដឹកនាំគណបក្សនយោបាយខ្លះបានប្រកាសមិនដាក់បេក្ខភាពនាយករដ្ឋមន្ត្រីទេ ក្នុងពេលបោះឆ្នោតសកលឆ្នាំ២០២៣ខាងមុខ និងបានបង្ហាញពីចេតនាស្មោះស្មគ្រ គាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ទៀតផង ។
កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជាបានធ្វើឲ្យសម្រេចជោគជ័យធំៗជូនប្រទេសជាតិ ។ ប្រជាជនយើងបានរស់នៅដោយក្តីសុខសាន្តក្រោមពន្លឺនៃសន្តិភាព និងបានរួមគ្នាជាធ្លុងមហាសាមគ្គីជាតិយ៉ាងរឹងមាំ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ក្រោមម្លប់របស់ព្រះមហាក្សត្រជាទីសក្ខារៈ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់តែមួយ គ្មានការបែងចែក គ្មានការរើសអើង ។ គណបក្សមានបុព្វហេតុត្រឹមត្រូវ មានគោលបំណងច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ មានសមត្ថភាព និងលទ្ធភាពពិតប្រាកដ ក្នុងការអនុវត្តឲ្យបានសម្រេចនូវរាល់គោលនយោបាយដែលបានដាក់ចេញក្នុងជំហរហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ។ ការសម្រេចរបស់សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជា កាន់តែបង្ហាញឲ្យឃើញនូវសាមគ្គីភាពរឹងមាំនៅផ្ទៃក្នុងគណបក្ស ដែលនេះជាប្រពៃណីដ៏យូរអង្វែងណាស់មកហើយរបស់គណបក្ស ដោយគ្មានការសង្ស័យ គ្មានភាពរង្គោះរង្គើរ គ្មានការបែកបាក់ ហើយកាន់តែរួបរួមគ្នាខ្លាំងក្លារឹងមាំទ្វេរដង ដើម្បីដោះស្រាយនូវរាល់ឧបសគ្គ ទោះធំក្តីតូចក្តី មិនឲ្យរារាំងពីមុខផ្លូវដែលគណបក្ស ត្រូវបោះជំហានទៅមុខក្នុងការនាំយកប្រទេសកម្ពុជាទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍ បានឡើយ ។
យើងសូមគាំទ្រដោយស្មោះនិងសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សម្រេចជ្រើសតាំងជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់អនាគត និងសូមជូនពរឲ្យឯកឧត្តមទទួលបានជោគជ័យនូវរាល់ភារកិច្ចដែលរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជាប្រគល់ជូនដើម្បីបុព្វហេតុដ៏ឧត្តុងឧត្តមរបស់ជាតិមាតុភូមិ ៕ (អត្តបទ៖វិទ្យុជាតិ)














