មនុស្សមួយក្រុមមានគ្នាប្រមាណ៧នាក់ ដេញវាយយុវជន២នាក់ បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ ស្លាប់ម្នាក់នៅមុខស្ថានទូតថៃ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលស្លាប់នៅនឹងកន្លែង ឯម្នាក់ទៀតរងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះភ្លាមៗ ក្រោយពីមានមនុស្សមួយក្រុមមានគ្នាប្រមាណ៧នាក់ ដេញវាយបណ្ដាលឲ្យដួល កាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម ទល់មុខស្ថានទូតថៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនរងគ្រោះដែលស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ខាងលើនៅមិនស្គាល់អត្តសញ្ញាណនោះទេ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ប៊ិគ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I -8728 បានឌុបគ្នាតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន រួមមនុស្សមួយក្រុមជិះម៉ូតូ២ទៅ៣គ្រឿងបានដេញតាមពីក្រោយហើយវាយទៅលើយុវជនខាងលើ ធ្វើឲ្យយុវជនទាំង២នាក់ដួល ម្នាក់បោកក្បាល និងថ្នល់ហូរឈាមស្រោចខ្លួនស្លាប់ភ្លាមៗនៅនឹងកន្លែង ឯម្នាក់ទៀតរងរបួសធ្ងន់ ហើយក្នុងនោះក៏មានកាំភ្លើងខ្លីមួយដើមបានធ្លាក់ដល់ដីផងដែរ តែមិនដឹងថាជារបស់ជនរងគ្រោះ ឬក៏ជនបង្កនោះឡើយ ។

ក្រោយកើតហេតុភ្លាមៗ ភាគីបង្កបានជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់ ដោយមិនដឹងថាពួកគេមានបញ្ហាអ្វីជាមួយគ្នាឲ្យពិតប្រាកដនោះទេ ។ បន្ទាប់មកជនរងគ្រោះដែលរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះជីវិត ។រីឯម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានអូសយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលទន្លេបាសាក់ ជាបណ្ដោះអាសន្ន ។ ចំណែកសពចនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងឲ្យរថយន្តដឹកសព យកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិយកទៅធ្វើបុណ្យតាមក្រោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner