សម្តេច ក្រឡា ហោម ស ខេងបញ្ជាក់ថាការជួញដូរមនុស្សប្រទេសលើពិភពលោកទទូលស្គាល់ថា ជាបទឧក្រិដ្ឋមិនអាចអត់ឱនអោយបាន

អត្ថបទដោយ៖
Kien Sereyvuth

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតីប្រារព្ធទិវាជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឈានចូលឆ្នាំទី១៣។

ពិធីនេះប្រារព្ធធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ គ្រប់ស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងអង្គទូតស្ថានតំណាងនានាដែលមាននិវេសនដ្ឋាន នៅកម្ពុជា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហភាពសហព័ន្ធយុវជន កម្ពុជា ក្រុមយុវជន កាយរឹទ្ធ និងយុវជនកាកបាទក្រហមកម្ពុជា និយោជក កម្មករ ព្រះសង្ឃ តំណាងសាសនា យាយជី តាជី និងប្រជាពលរដ្ឋជាង ៣,០០០អង្គ/នាក់។

ពិធីនេះនឹងបន្តប្រារព្ធនៅតាមបណ្តាខេត្តនានា បន្ទាប់ពីពិធីដែលបានប្រារព្ធរបស់ថ្នាក់ជាតិ នៅរាជធានីភ្នំពេញបានបញ្ចប់ ដែលបង្ហាញអំពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ទិវាជាតិឆ្នាំនេះ បានលើកប្រធានបទជាគោលបំណងផ្សព្វផ្សាយ និងបង្ហាញសារ ដល់សាធារណជន អង្គការជាតិ អន្តរជាតិ វិស័យឯកជន មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងបុព្វជិតគ្រប់និកាយសាសនាទាំងឡាយទូទាំងប្រទេសកម្ពុជា ក្នុងន័យឲ្យមានការយល់ដឹង និងសហការ ចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសលើគ្រប់រូបភាព ដែលពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សនៅកម្ពុជា។

អំពើជួញដូរមនុស្ស ត្រូវបានប្រទេសលើពិភពលោកទទួលស្គាល់ថា ជាបទឧក្រិដ្ឋដែលមិនអាចអត់ឱនឲ្យបាន ហើយគឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលមានចែងក្នុងច្បាប់ជាតិ និងច្បាប់អន្តរជាតិ។

បទល្មើសពាក់ព័ន្ធអំពើជួញដូរមនុស្សគ្រប់រូបភាព គឺជាបទល្មើសមួយដែលមានភាពស្មុគ្រស្មាញជាងបទល្មើសព្រហ្មទណ្ឌទូទៅ ទាំងឧបាយកល សកម្មភាព មធ្យោបាយ និងការកេងប្រវ័ញ្ច ដែលទាមទារឲ្យមានការយល់ដឹងខ្ពស់ និងការសហការទាំងក្នុងនិងក្រៅប្រទេស ដោយមិនមែនជាការទទួលខុសត្រូវរបស់ស្ថាប័ន ឬប្រទេសណាមួយតែឯងនោះបានឡើយ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner