អនុសាសន៍ជាគន្លឹះល្អៗ ចំនួន៤ចំនុច ត្រូវបានឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម ផ្តល់ជូននិសិត្ស ជ័យលាភីថ្នាក់បរិញ្ញារង ថ្នាក់បរិញ្ញា នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ជាមូលដ្ឋានសម្រាប់យកទៅគិតគូពិចារណា និងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញារង ថ្នាក់បរិញ្ញា នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប នាទីស្តីការក្រសួង ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៩ ។
បន្ទាប់ពីស្តាប់របាយការណ៍សង្ខេបរបស់លោកបណ្ឌិត ធន់ វឌ្ឍនា នាយកវិទ្យាស្ថានកសិកម្មព្រែកលៀប រួចមក ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុន បានកោតសរសើរចំពោះសមិទ្ធផលដែលវិទ្យាស្ថានសម្រេចបាននាពេលកន្លងមក ហើយផ្លែផ្កានេះក្រសួងសូមធ្វើការវាយតម្លៃខ្ពស់ជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ដៃគូអភិវឌ្ឍ វិស័យឯកជន សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ជាពិសេសរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ គាំទ្រវិទ្យាស្ថាន ជាក់ស្តែងថ្មីៗនេះបានឯកភាពដំឡើងឋានៈសាលាជាតិកសិកម្មមកជា “វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប” តាមអនុក្រឹត្យលេខ១៤៧ អនក្រ.បក ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។
ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ដោយសារសុខសន្តិភាព ស្ថិរភាពសង្គម នយោបាយ គឺបានខិត ខំពន្លឿនការអនុវត្តកម្មវិធី និងគោលនយោបាយអាទិភាពសំខាន់ៗក្នុងក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។ ដោយឡែក ការលើកកម្ពស់វិស័យកសិកម្ម ដោយផ្តោតលើការបង្កើនផលិតភាព ពិពិធកម្ម និងពាណិជ្ជូបនីយកម្ម ដើម្បីឲ្យកម្ពុជាមានសមត្ថភាពអភិវឌ្ឍវិស័យនេះ ប្រកប ដោយប្រសិទ្ធភាព វឌ្ឍនភាព និងវិបុលភាពតាមការរំពឹងទុក សំដៅធានាកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងនិរន្តរភាព ការប្រកួតប្រជែងទីផ្សារអន្តរ ជាតិ។ដូច្នេះ យោងលើបរិបទនៃកំណើនសេដ្ឋកិច្ច ចំនួនប្រជាជន និងតម្រូវការទីផ្សារទាំងបរិមាណ គុណភាព និងសុវត្ថិភាពនៃផលិតផលកសិកម្ម ទាមទារចាំបាច់ធនធានុមនុស្សដែលពោរពេលដោយសក្តានុពលទាំងចំណេះជំនាញ បទពិសោធន៍ និងក្រមសីលធម៌វិជ្ជាជីវ:។
ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុន បានផ្តល់អនុសាសន៍ជាគន្លឹះល្អៗមួយចំនួនដើម្បីជាមូលដ្ឋានសម្រាប់ថ្នាក់ដឹកនាំវិទ្យាស្ថាន សាស្រ្តាចារ្យ និងក្មួយៗនិស្សិតយកទៅគិតគូពិចារណា និងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន ទទួលបានលទ្ធផលល្អដែលមានដូចខាងក្រោម÷
១. ត្រូវខិតខំពង្រឹង និងពង្រីកសមត្ថភាព និងគុណភាពស្រាវជ្រាវបច្ចេកទេស និងវិទ្យាសាស្រ្ត នវានុវត្តន៍ថ្មីៗ ផ្តោតលើបច្ចេកវិទ្យាទំនើប ទាន់សម័យ មានភាពវៃឆ្លាត និរន្តរភាព និងបរិយាប័ន្ន ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម។ ត្រូវខិតខំកសាងសមត្ថភាពមន្ទីរពិសោធន៍ និងលើក កម្ពស់សមត្ថភាពធនធានសាស្រ្តា។
២.ត្រូវខិតខំធ្វើកំណែទម្រង់ប្រព័ន្ធសិក្សា កែលម្អ និងអភិវឌ្ឍកម្មវិធីសិក្សា វិធីសាស្រ្តបង្រៀន ព្រមទាំងឯកសារបង្រៀនឲ្យបានកាន់តែល្អប្រសើរ សមស្រប ឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មក្នុងយុគសម័យឧស្សា-ហកម្មជំនាន់ទី៤ សម័យបច្ចេកវិជ្ជាឌីជីតល។
៣. ត្រូវតែយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាព និងគុណភាពអប់រំ ការស្រាវជ្រាវ ការងាររដ្ឋបាល ការគ្រប់គ្រងមន្រ្តីសាស្រ្តាចារ្យ និងនិស្សិត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ សហគមន៍កសិកម្ម ដៃគូអភិវឌ្ឍ វិស័យឯកជន និសាកលវិទ្យាល័យនានា។
៤. ក្មួយៗត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ ដោយយកចំណេះដឹងដែលខ្លួនមានទៅអនុវត្តក្នុងវិជ្ជាជីវៈរបស់ខ្លួនឲ្យបានជោគជ័យ ហើយត្រូវប្រកាន់ខ្ជាប់នូវអត្តចរិកជាបុគ្គលិក ឬជាមន្ត្រីដ៏ល្អម្នាក់ មានវិន័យថ្លៃថ្នូរ ឧស្សាហ៍ព្យាយាម និងមានសីលធម៌ល្អប្រពៃ៕