អនុប្រធានាធិបតីអាមេរិកគំរាមដាក់ទណ្ឌកម្មលើរុស្ស៊ីដែលមិនធ្លាប់មានពីមុនមក ប្រសិនបើហ៊ានឈ្លានពានអ៊ុយក្រែន

វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីអាមេរិកលោកស្រី ខាម៉ាឡា ហារីស នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CBS នៅថ្ងៃអាទិត្យម្សិលមិញ បានគំរាមរុស្ស៊ីជាមួយនឹងដាក់បន្ថែមទណ្ឌកម្មថ្មី ដែលមិនធ្លាប់មានពីមុនមក ប្រសិនបើទីក្រុងម៉ូស្គូឈ្លានពានអ៊ុយក្រែន។

លោកស្រី ហារីស បាននិយាយដូច្នេះថា យើងកំពុងធ្វើការជាមួយសម្ព័ន្ធមិត្តរបស់យើងក្នុងរឿងនេះ ហើយយើងច្បាស់ណាស់ថា យើងត្រៀមខ្លួនដើម្បីចេញទណ្ឌកម្មដូចដែលអ្នកមិនបានឃើញពីមុនមក។ នៅពេលសួរអំពីលទ្ធភាពនៃសង្រ្គាមក្តៅដែលផ្ទុះឡើងនៅអឺរ៉ុបក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ លោកស្រី ហារីស បានបញ្ជាក់ថា រដ្ឋបាលលោក បៃដិន កំពុងមាន “ការសន្ទនាដោយផ្ទាល់” ជាមួយរុស្ស៊ី។ បន្ថែមលើនេះ លោកស្រី ហារីស បានសង្កត់ធ្ងន់ថា លោក​ស្រី​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដល់​ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​ក្រោក​ឈរ​ឡើង​ដើម្បី​បូរណភាព​ទឹក​ដី​អ៊ុយក្រែន។ គួរបញ្ជាក់ថា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានចោទប្រកាន់រុស្ស៊ីថា បានប្រមូលផ្តុំកងទ័ពយ៉ាងច្រើននៅតាមព្រំដែនជាមួយអ៊ុយក្រែន ក្នុងអ្វីដែលទីក្រុងគៀវបានអះអាងថា ជាការរៀបចំសម្រាប់ការឈ្លានពាន។ ដោយឡែករុស្ស៊ីបាននិយាយថា ខ្លួនមានសេរីភាពក្នុងការផ្លាស់ទីកម្លាំងយោធាគ្រប់ទីកន្លែងក្នុងទឹកដីរបស់ខ្លួន ហើយទាមទារការធានាសន្តិសុខពីអង្គការណាតូ។

នាពេលថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយដូច្នេះថា យើងចង់ឱ្យប្រជាជននៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន និងប្រជាជននៅអឺរ៉ុប និងសហរដ្ឋអាមេរិក យល់ពីគំនិតរបស់យើង នូវអ្វីដែលយើងចង់សម្រេចបានជាមួយនឹងកិច្ចពិភាក្សាទាំងនេះ។ ខ្ញុំមិនឃើញមានអ្វីខុសជាមួយនឹងការធ្វើបែបនេះនោះទេ៕ ប្រភព៖ Sputniknews

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner