ក្រុមការងារអន្តរក្រសួង និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យវាយតម្លៃមុនឈានដល់ការប្រគល់ និងទទួលពន្ធនាគារថ្មី ខេត្តកំពង់ឆ្នាំង នៅក្នុងស្រុករលាប្អៀរ
ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១នេះក្រុមការងារអន្តរក្រសួង រួមមាន ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកំពង់ ឆ្នាំង បានទៅពិនិត្យវាយតម្លៃ ទីតាំង និងសំណង់អាគារពន្ធនាគារថ្មី ដើម្បីត្រៀមនឹងប្រគល់ទទួលក្នុងពេលខាងមុខនេះ ។
ក្រោយកិច្ចត្រួតពិនិត្យនិងវាយតម្លៃ ក្រុមការងារអន្តរក្រសួង និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំនៅសាលាខេត្ត ដើម្បីពិភាក្សាគ្នាមុនឈានដល់ការសម្រេចប្រគល់និងទទួល ។
លោក ម៉ុន វុត្ថា មន្ត្រីសាលាខេត្តកំពង់ឆ្នាំង ដែលទទួលការងារ ជាមួយអភិបាលខេត្តចាស់ ក្នុងការសាងសង់ ពន្ធនាគារថ្មី បានរាយការណ៍ថា ពន្ធនាគារថ្មី បានកសាងដោយក្រុមហ៊ុនអាស្នារឹត លើផ្ទៃដីទំហំ ជាង ១០ហិកតា ដែលត្រូវចំណាយថវិកាសរុបមានជាង ៣លាន ២០០ពាន់ដុល្លារ លើទីតាំង ក្នុងភូមិត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀរ ដោយត្រូវចាប់ផ្ដើមសាងសង់ចាប់ពីថ្ងៃទី៣០ ខែមេសាឆ្នាំ២០២០ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ប៉ុន្តែដោយសារបញ្ហាកូវីដ19 ទើបការសាងសង់ បានអូសបន្លាយមកបញ្ចប់ក្នុងថ្ងៃនេះ ដែលក្រុមការងារអន្តរក្រសួងចុះពិនិត្យនិងវាយតម្លៃមុននឹងឈានចូលដល់ការប្រគល់ទទួលឲ្យប្រើប្រាស់ក្នុងថ្ងៃខាងមុខ ។
លោក ម៉ុន វុត្ថា បានបញ្ជាក់ថា ពន្ធនាគារថ្មីនេះបានដោះដូរជាមួយដីបម្រុងទុករបស់រដ្ឋ ៣កន្លែង គឺ១.ដីបម្រុងទុករបស់សាលាខេត្ត ទី២ .ដីអាគារពន្ធនាគារចាស់ និងទី៣ .ដី ការិយាល័យពន្ធនាគារចាស់ស្ថិតនៅក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
ក្រុមការងារអន្តរក្រសួងនៅក្នុងកិច្ចប្រជុំនោះដែរ បានវាយតំលៃនិងសំណូមពរបន្ថែមដល់ក្រុមហ៊ុនត្រូវសាងសង់បន្ទប់ទឹកនៅសាលប្រជុំចំនួន ៥បន្ថែមថែមទៀត ព្រោះការសង់សង់មានតែ ៣បន្ទប់ មិនអាចបំរើសេចក្តីត្រូវការនោះទេ នឹងត្រូវសាងសង់ឡាបូលាងដៃបន្ថែមផងដែរ សូមលាបថ្នាំ តាមបង្អួច ទ្វារ ក្នុងអាគារទាំងអស់ ។
នៅក្នុងកិច្ចប្រជុំនោះដែរ ប្រធានពន្ធនាគារខេត្តកំពង់ឆ្នាំង លោក សក់ តុងហេង បានសំណូមពរដល់ក្រុមហ៊ុនស្នើសុំរុះរើ យកអាគារចាស់ទៅកសាងកន្លែងថ្មី សម្រាប់កន្លែងស្នាក់នៅរបស់មន្ត្រីពន្ធនាគារ ពេលនោះ ក្រុមការងារអន្តរក្រសួងក៏ដូចជាក្រុមហ៊ុនបានឯកភាពនិងទទួលយកសំណូមពរនេះ។
ជាចុងក្រោយនេះ ឯកឧត្តម ស៊ិន សុវណ្ណារិទ្ឋិ អភិបាលខេត្តបញ្ជាក់ថា នឹងបញ្ជូនរបាយការណ៍ស្ដីពីវឌ្ឍនភាពនៃការកសាងពន្ធនាគារថ្មី ទៅក្រសួងមហាផ្ទៃដើម្បីសម្រេចធ្វើការផ្លាស់ប្ដូរ អ្នកជាប់ឃុំក្នុងពន្ធនាគារចាស់ទៅអាគារពន្ធនាគារថ្មីផងដែរ ៕ សុខ គឹមសៀន









