រថយន្តដឹកប្រេងក្រុមហ៊ុន Savimex បើកបុកម៉ូតូ និងចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យមនុស្សម្នាក់រងរបួស​និងខូចខាតទ្រព្យសម្បត្តិមួយចំនួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ មានរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន Savimex  មួយគ្រឿងបានបើកបរក្នុងល្បឿនលឿនជ្រុលបុកបុរសម្នាក់កំពុងជិះម៉ូតូពីមុខបណ្តាលឲ្យរងរបួស រួចបួងចង្កូតគេចជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋបន្ថែមទៀតរងការខូចខាតយ៉ាងដំណំ ។   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ នឹង៣០នាទីថ្ងៃទី១២  ខែធ្នូ  ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវ៥០ម៉ែត្រ  ក្នុងភូមិអន្លង់គង់ថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមសម្តីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ  បុរសម្នាក់បានជិះម៉ូតូឌ្រឹមសង់ មួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ទិសដៅពីជើងទៅត្បូង  ខណៈមកដល់ចំណុចកើតហេតុស្របពេលនោះក៏មានរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន Savimex មួយគ្រឿង  បានបើកបរស្របទិសគ្នាជាមួយម៉ូតូ ក្នុងល្បឿនយ៉ាងលឿន  ហើយដោយជាន់ហ្វ្រាំងមិនសុីបានជ្រុលបុកម៉ូតូពីក្រោយបណ្តាលឲ្យអ្នកជិះម៉ូតូបានរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ  ចំណែករថយន្តនៅមិនទាន់អស់ល្បឿនបានរេចង្កូតមកស្តាំដៃបុកចូលផ្ទះប្រជាពលរដ្ឋខ្ទេចអស់មួយខ្នង  ធ្វើឲ្យក្បាលរថយន្តគៀបជាប់ជាមួយជញ្ជាំងផ្ទះបន្តដំណើរទៅមុខលែងរួច។  ភ្លាមៗនោះដោយសារឃើញសភាពអ្នកជិះម៉ូតូរងរបួសធ្ងន់ទើបតៃកុងរថយន្ត បានចុះពីលើករថយន្តរត់គេចខ្លួនបាត់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែង ដោយសហការជាមួយសមត្ថកិច្ចជំនាញចរាចរវាស់វែង  ប៉ុន្តែដោយសារភាគីបង្កបានសុំសម្របសម្រួលដោយបានសងសំណងទៅឲ្យម្ចាស់ផ្ទះចំនួន៩៥០ដុល្លារ និងភាគីម៉ូតូចំនួន២៥០ដុល្លារដើម្បីបញ្ចប់រឿងតែម្តង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner