រដ្ឋមន្រ្តីក្រសួងអប់រំ៖ ការប្រឡងបាក់ឌុបមានភាពរលូនល្អជាងបណ្តាឆ្នាំកន្លងមកនិងសិស្សអវត្ត៤៤០០នាក់

រាជធានីភ្នំពេញ៖ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុបក្នុងរយៈពេល២ថ្ងៃកន្លងមកបានបញ្ចប់ទៅដោយមានបេក្ខជនអវត្តមានសរុបចំនួន៤៤០០នាក់ និងការប្រឡងមានភាពរលូនល្អជាងបណ្តាឆ្នាំកន្លងមក។នេះជាការបញ្ជាក់ពីសំណាក់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
ថ្លែងនៅព្រលប់ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២១នេះ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានឱ្យដឹងថា តាមការសង្កេតការប្រឡងបាក់ឌុបនាឆ្នាំនេះគឺមានសភាពល្អប្រសើរដោយគេពុំឃើញមានបញ្ហាមិនល្អណាមួយកើតឡើងគួរកត់សម្គាល់ឡើយ។សម្រាប់ការទទួលបានជោគជ័យនេះដែរដោយសារកិច្ចសហការពីគ្រប់មន្រ្តីពាក់ព័ន្ធ និងពិសេសមន្រ្តីមូលដ្ឋានដែលបានចូលរួមយ៉ាងយកចិត្តទុកដាក់។
ពាក់ព័ន្ធទៅនឹងការអវត្តមានរបស់បេក្ខជន ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំបានលើកឡើងដោយបញ្ជាក់បន្ថែមថាសម្រាប់បេក្ខជនដែលអវត្តច្រើននាឆ្នាំនេះពិសេសបេក្ខជនស្វ័យរិន្ទ ឯកឧត្តមពុំបានដឹងទេថាតើអាចពាក់ព័ន្ធ ដោយសារកន្លងមកមានការផ្ទុះជំងឺកូវីដ១៩ហើយក្រសួងបានសម្រេចឱ្យបេក្ខជនជាប់ទាំងអស់នោះដែរឬក៏អត់ទេ។ហេតុនេះបេក្ខជនបានដាក់ពាក្យប្រឡងច្រើននៅពេលដល់ថ្ងៃប្រឡងក៏អវត្តមានតែម្តង។
ឯកឧត្តម រដ្ឋមន្រ្តីបានថ្លែងផងថា” សម្រាប់ឆ្នាំនេះបេក្ខជនមានបញ្ហាសុខភាពសរុបចំនួន ៣៦នាក់ ដែលក្នុងនោះបេក្ខជនមានជំងឺកូវីដ-១៩ ដែលជាកីឡាការិនី ចំនួន ២នាក់និងក្នុងនេះក៏មានបេក្ខជនដែលលើសកំដៅ៤នាក់ដោយត្រូវបានគេដាក់ឱ្យប្រឡងដាច់ពីគេ។
ទាក់ទិនទៅនឹងការប្រឡងអស់រយៈពេល២ថ្ងៃកន្លងមកនេះដែរ លោករដ្ឋមន្រ្តីក្រសួងអប់រំបានលើកឡើងថានៅតាមមណ្ឌលប្រឡងនានាគេពុំបានរកឃើញសិស្សយកសំដៅឯកសារចូលមណ្ឌលប្រឡងឡើយ ទាំងនេះដោយសារថាសិស្សបានរៀនបន្ថែម ហើយពួកគេអាចមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការត្រៀមប្រឡង។
ឯកឧត្តមលើកឡើងដោយសង្កត់ធ្ងន់ថា”បើទោះបីរៀនពុំបានគ្រប់គ្រាន់ដោយសារជំងឺកូវីដ១៩តែសិស្សបានប្តេជ្ញាចិត្តក្នុងការកសាងសមត្ថភាពធ្វើឱ្យពួកគាត់ប្រឡងបានយ៉ាងល្អ។ម្នាក់ៗបានខិតខំធ្វើសំណេរយ៉ាងស្ងាត់ស្ងៀម ទាំងនេះបង្ហាញថាពួកគាត់មានចំណេះដឹងគ្រប់គ្រាន់។សិស្សបានបំពេញកាតព្វកិច្ចនិងត្រៀមខ្លួនបានល្អក្នុងការប្រឡងរួចជាស្រច”។
ទាក់ទិនក្នុងរឿងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ដែរថាសិស្សដែលមានបញ្ហាសុខភាពដូចជាសន្លប់ឬខ្យល់គនោះក៏គេសង្កេតឃើញថាមានចំនួនតិចតួចជាងបណ្តាឆ្នាំមុនៗទាំងនេះដោយសារថាអាចមកពីអាកាសធាតុអំណោយផលគឺត្រជាក់មិនក្តៅដូចកាលពីប្រឡងកន្លងមក។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា “បន្ទាប់ពីសំណេររួចចាប់ពីថ្ងៃស្អែកទៅនឹងមានការប្រមូលសំណេរទាំងអស់ ហើយបន្ទាប់ពីនោះនឹងបើកកិច្ចប្រជុំគណៈកម្មាធិការកំណែឡើង”។
ឯកឧត្តមបញ្ជាក់ថាក្នុងតំណាក់កាល កំណែក្រសួងនឹងខិតខំធ្វើយ៉ាងណាឱ្យមានសុក្រិតបំផុត ក្នុងនេះការដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី១៦ ខែមករាឆ្នាំ ២០២២។
ជាមួយគ្នានេះឯកឧត្តម ហង់ជួនណារ៉ុនបានឱ្យដឹងទៀតថាក្រសួងកំណត់យកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងៗទៀតទូទាំងប្រទេស៕ដោយ៖ម៉ាដេប៉ូ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner