ព្រឹកនេះ សម្តេចតេជោ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេច ( ២៩-ធ្នូ-១៩៩៨ – ២៩-ធ្នូ-២០២១)។
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា អគាររដ្ឋបាល-សាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មីនេះ ត្រូវបានសាងសង់នៅលើទីតាំងចាស់ ដែលមានទទឹងប្រវែង២៨ម៉ែត្រ បណ្តោយប្រវែង ១៩១ម៉ែត្រ និងកំពស់ ៣២ម៉ែត្រ និងមានចំណត់រថយន្ត នៅជាន់ក្រោមដីមួយជាន់ ដែលអាចចតរថយន្តបានចំនួន ១៥០គ្រឿង សរុបផ្ទៃក្រឡាប្រើប្រាស់រួម ទូទាំងអគារមាន ៣០,៩៧៩ម៉ែត្រការ៉េ (ស្មើនឹង១០ដង នៃទំហំ អគារចាស់)។
សម្ដេចពិជ័យសេនា បានបន្តថា អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ដែលតាមគម្រោងផែនការសាងសង់មានរយៈពេល៣៦ខែ និងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ ដោយសារវិបត្តិកូវីដ១៩ ការសាងសង់ត្រូវបានស្នើរសុំពន្យាកិច្ចសន្យារយៈពេល៤ខែ ដូច្នេះការដ្ឋានត្រូវពន្យារហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ទើបបានបញ្ចប់។ អគាររដ្ឋបាល-សាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី ត្រូវបានបញ្ចូលរចនាបទខ្មែរទៅក្នុងសោភ័ណភាពនៃសំណង់ ដូចករណីនៃការរចនារៀបចំឲ្យមាន ស្លាបឆ្វេង ស្លាបស្ដាំ និងតួកណ្តាល ដែលយកដើមជ្រៃធ្វើជាអ័ក្ស ដូចបណ្ដាសំណង់បុរាណតែងកសាងមានអ័ក្សដូច្នោះដែរ។ អគាររដ្ឋបាល-សាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មីចែកចេញជា៣ផ្នែករួមមាន៖
១៖ ផ្នែកខាងកើត ឬ(ស្លាបឆ្វេង) រៀបចំជាតំបន់ធានាឲ្យការត្រួតពលក្នុងអគារ(ពេលមានភ្លៀង) រៀបចំធ្វើជាបន្ទប់ប្រជុំតូច-ធំ រៀបចំជាបន្ទប់សវនាការតូចធំ, រៀបចំទីផ្លាសន្និសិទកាសែត និងសាលប្រជុំធំ ដែលមានសមត្ថភាពធានារៀបចំអង្គប្រជុំចំណុះបាន១,០០០នាក់ ដែលអាចធានាឲ្យរាល់ពិធីការ និងការប្រជុំថ្នាក់ជាតិ-អន្តរជាតិនានា។
២៖ ផ្នែកកណ្តាល រៀបចំជាទីធ្លាបដិសណ្ឋារកិច្ច និងរង់ចាំទទួលភ្ញៀវ (Lobby) នៅជាន់ផ្ទាល់ដី, នៅទីធ្លាជាន់ទី១ រៀបចំជាទីធ្លាសម្រាប់ពិធីត្រួតពល កងកិត្តិយស ។
៣៖ ផ្នែកខាងលិច ឬ(ស្លាបស្ដាំ)រៀបចំជាសាលពិព័រណ៍, ជាបន្ទប់រក្សាឯកសារ, ជាទីកន្លែងបំរើការធានាសន្តិសុខសុវត្ថិភាព ជាការិយាល័យធ្វើការថ្នាក់ដឹកនាំ ក្រសួងការពារជាតិ និងបណ្តាការិយាល័យសំខាន់ចាំបាច់មួយចំនួនផ្នែក ខាងលិចនេះមានចំនួន៦ជាន់ (គិតទាំងជាន់ផ្ទាល់ដីផង)។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្តទៀតថា នៅក្នុងដំណើរការសាងសង់ទីស្តីការក្រសួងការពារជាតិ គណៈកម្មការបានប្រើប្រាស់ថវិកាដូចតទៅ ៖
១.ថវិកាចំណាយ
- តម្លៃរចនាបថប្លង់ស្ថាបត្យកម្ម ៥៩៩,៥៩៨ដុល្លារអាមេរិក ប្រាំរយកៅសិបប្រាំបួនពាន់ ប្រាំរយកៅសិបប្រាំបីដុល្លារអាមេរិក”
- តម្លៃសាងសង់ ២៩,៩៧៩,៩២៩ដុល្លារអាមេរិក “ម្ភៃប្រាំបួនលាន ប្រាំបួនរយចិតសិបប្រាំបួនពាន់ ប្រាំបួនរយម្ភៃប្រាំបួនដុល្លារអាមេរិក”។
- ចំពោះថវិកាដែលបានចំណាយខាងលើ ក្រសួងការពារជាតិពុំទាន់គិតបញ្ចូលនូវថវិការមួយចំនួន រួមមាន ៖
- ពន្ធអាករ និងពន្ធនាំចូលជាបន្ទុករបស់រដ្ឋ ៣,១៨៧,២០៥ដុល្លារអាមេរិក “បីលាន មួយរយ ប៉ែតសិបប្រាំពីរពាន់ ពីររយប្រាំដុល្លារអាមេរិក” ។
- គ្រឿងបំពាក់ ដូចជា មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ បច្ចេកវិទ្យាទំនើប រួមមាន ផ្ទាំងLED ប្រព័ន្ធ សម្លេង ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ទ្វារចេញចូលសុវត្ថិភាព វិទ្យុទាក់ទង ស៊ឺនធឺណេត និងការរៀបចំ ជណ្តើរយន្ត ជណ្តើរយោង ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនពន្លត់អគ្គិភ័យ និងគ្រឿងសង្ហារឹមផ្សេងៗសរុប ចំនួនជាង៩លានដុល្លារអាមេរិក ថែមទៀត ។
- ព្រមជាមួយរចនាសម្ព័ន្ធរណប ដូចជា ការជួសជុលរៀបចំឡើងវិញផ្លូវជុំវិញ និងទីលានមុខក្រសួង ដងទង់ជាតិ សួនច្បារ ប្រព័ន្ធលូទឹកកខ្វក់ បណ្ដាញទឹកភ្លើង បន្ទប់ចរន្តអគ្គិសនី ។ល។
២.ថវិកាចំណូល - ថវិកាបដិភាគរាជរដ្ឋាភិបាល ១១,៤៦៦,០០០,០០០រៀល “ដប់មួយប៊ីលាន បួនរយហុកសិប ប្រាំមួយលានរៀលគត់ ប្រហាក់ប្រហែល២,៨០០,០០០ដុល្លារអាមេរិក ពីរលាន ប្រាំបីរយពាន់ ដុល្លារអាមេរិក។
- ការជួយគាំទ្រឧបត្ថម្ភពីប្រទេសជាដៃគូ មានក្រសួងការពារជាតិចិន និងក្រសួងការពារប្រទេសវៀតណាម ។
- ការជួយគាំទ្រពីសប្បុរសជន និងក្រុមហ៊ុននានាក្នុងស្រុក – ការជួយគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលផ្លូវ និងរៀបចំលំអរឡើងវិញសួនច្បារនៅមុខ ក្រសួងការពារជាតិ។
ជាមួយនឹងរបាយការណ៍សាងសង់សង្ខេបខាងលើ សម្ដេចពិជ័យសេនា បានគោរពស្នើសុំគោល ការណ៍ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ដូចតទៅ ៖ – សំណើលុបបំណុលថ្លៃប្រើប្រាស់អគ្គិសនីតាមកងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ ចំនួន ៩,១៩០,០០០,០០០រៀល “ប្រាំបួនប៊ីលាន មួយរយកៅសិបលានរៀលគត់ គិតត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ មូលហេតុនៃការជំពាក់បំណុលនេះ ដោយសារការប្រើប្រាស់អគ្គិសនីមានការ កើនឡើងជារៀងរាល់ឆ្នាំទៅតាមភាពរីកចម្រើនរបស់ប្រទេសជាតិ
និងវិស័យការពារជាតិ ប៉ុន្តែការ ប្រើប្រាស់ឥណទានប្រចាំឆ្នាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរក្សាទុកនៅដដែល “ពីមុនមានតែ១៤០ អង្គភាព បច្ចុប្បន្នមានរហូតដល់២៤០អង្គភាព” ។
- សំណើសុំថវិកាបន្ថែមសម្រាប់ប្រើប្រាស់អគ្គិសនីប្រចាំឆ្នាំ របស់ក្រសួងការពារជាតិ តាមសំណើកងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងទៀតថា ពិធីសម្ពោធនេះ បានប្រារព្ធឡើងចំនឹងខួបលើកទី២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលក្រោមនយោបាយឈ្នះ ឈ្នះ នេះ បានធ្វើឱ្យមាតុភូមិកម្ពុជា ទទួលបាននូវសន្តិភាព និងការឯកភាពជាតិពេញលេញរហូតមកដល់សព្វថ្ងៃ ហើយសម្រាប់នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការពារជាតិក៏នឹងមានកម្មវិធីបាញ់កាំជ្រួចជាកិច្ចអបអរសាទរខួបទី២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅវិមានឈ្នះឈ្នះផងដែរ។
ដោយឡែកនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅវិមានឈ្នះ ឈ្នះ ក៏នឹងមានពិធីអបអរសាទរខួបទី២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ផងដែរ ៕ ដោយ វណ្ណលុក