សម្តេចតេជោ ហ៊ុន សែន៖ មានតែការចរចាដើម្បីស្វែងរកសុខសន្តិភាព ទើបអាចបញ្ចប់សង្រ្គាមទៅបាន

ភ្នំពេញ៖ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលសាលប្រជុំទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ( ២៩-ធ្នូ-១៩៩៨ – ២៩-ធ្នូ-២០២១) សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សម្តេចមិនដែលមានជំនឿលើការយកសង្រ្គាមដើម្បីទៅបញ្ចប់សង្រ្គាមនោះឡើយ គឺមានតែការចរចាដើម្បីស្វែងរកសុខសន្តិភាព ទើបអាចបញ្ចប់សង្រ្គាមទៅបាន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈការចរចានោះហើយ ដែលសម្តេច បានសម្រេចចេញជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ទៅបាន។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ទោះបីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនអាចបញ្ចប់សង្រ្គាមទាំងស្រុងបានមែន ក៏យ៉ាងហោចណាស់ក៏បានបង្រួមភាគីជម្លោះប្រដាប់អាវុធពី៤ភាគី មកនៅត្រឹម២ភាគី ដែលធ្វើឱ្យមានសន្តិភាព កើតឡើងនៅភាគច្រើននៃពេលវេលា និងដែនដី ហើយសង្រ្គាមកើតឡើងដាច់ដោយដុំ និងពេលវេលាខ្លះ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner