លោក ចូ បៃដិន ហាក់មានភាពស្រពិចស្រពិលអំពីលទ្ធភាពចូលរួមកិច្ចប្រជុំជាមួយលោក វ្ល៉ាឌីមៀ ពូទីន នៅខែមករា ដើមឆ្នាំក្រោយ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ហាក់ដូចជាមានភាពស្រពិចស្រពិលអំពីលទ្ធភាពនៃកិច្ចប្រជុំនៅខែមករា ឆ្នាំក្រោយនេះ ជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចំពេលមានការប្រឈមមុខដាក់គ្នានៅអ៊ុយក្រែន ដែលទីក្រុងវ៉ាស៊ីនតោនអះអាងថា ទីក្រុងម៉ូស្គូទំនងជាចង់ឈ្លានពានប្រទេសនេះ។

នៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា កិច្ចពិភាក្សាទ្វេភាគីត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ អ្នកតំណាងមកពីសម្ព័ន្ធភាពណាតូក៏ត្រូវបានកំណត់ថា នឹងជួបប្រជុំគ្នាពីរថ្ងៃក្រោយមក ព្រមទាំងអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប (OSCE) មួយថ្ងៃបន្ទាប់ពីនោះ។ អ្នកនាំពាក្យបាននិយាយថា “នៅពេលយើងអង្គុយជជែកគ្នា រុស្ស៊ីអាចដាក់កង្វល់របស់ខ្លួននៅលើតុ ហើយយើងនឹងដាក់កង្វល់របស់យើងនៅលើតុជាមួយនឹងសកម្មភាពរបស់រុស្ស៊ីផងដែរ”។ ជាការពិតណាស់ វិមានក្រឹមឡាំងហាក់បីដូចជាមិនគិតថាកាលបរិច្ឆេទមានភាពរឹងមាំនោះទេ។ កាលពីថ្ងៃអង្គារ អនុរដ្ឋមន្ត្រីការបរទេសលោក សឺហ្គៃ រីយ៉ាបកូវ បានប្រាប់អ្នកយកព័ត៌មានថា កាលបរិច្ឆេទ “កំពុងត្រូវបានពិចារណា ប៉ុន្តែមិនមានកិច្ចព្រមព្រៀងចុងក្រោយទេ”។ កិច្ចប្រជុំនេះនឹងផ្តោតជាចម្បងលើកិច្ចសន្ទនាសន្តិសុខជាយុទ្ធសាស្ត្រដែលលោក បៃដិន និងលោក ពូទីន បានដាក់ចេញកាលពីខែមិថុនា ដែលមានបំណងស្តារ និងរក្សាទុកកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរសម័យសង្រ្គាមត្រជាក់រវាងមហាអំណាចទាំងពីរ ដែលមួយចំនួនត្រូវបានអនុញ្ញាតឱ្យលុបចោលដោយអ្នកកាន់តំណែងមុនរបស់លោក បៃដិន គឺលោក ដូណាល់ ត្រាំ។

យ៉ាងណាមិញ កិច្ចពិភាក្សានេះក៏នឹងរួមបញ្ចូលការធានាសន្តិសុខក្នុងប្រទេសអ៊ុយក្រែន ជាកន្លែងដែលរដ្ឋាភិបាលជាតិនិយម ស្តាំនិយមប្រឈមមុខនឹងការបះបោរដោយទីក្រុងស្វយ័ត ដែលនិយាយភាសារុស្ស៊ីនៅភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន៕ ប្រភព៖ Sputniknews

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner