មន្រ្តីជាន់ខ្ពស់អឺរ៉ុបហៅការទាមទាររុស្ស៊ីអោយសហភាពអឺរ៉ុប និងអង្គការណាតូបញ្ឈប់ការពង្រីកខ្លួននៅតំបន់ខាងកើតថា “ជារឿងមិនអាចទទួលយកបាន”

ព្រុចសែល៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក ចូសេប បូរ៉េល បានហៅការទាមទាររបស់រុស្ស៊ីអំពីការធានាសន្តិសុខ និងអំពីការបញ្ឈប់ការពង្រីកខ្លួននៅតំបន់ខាងកើតរបស់សហភាពអឺរ៉ុប និងអង្គការណាតូថាជារឿងមិនអាចទទួលយកបានទេ។

លោក បូរ៉េល បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែតអាល្លឺម៉ង់ ដាយ វ៉េត (Die Welt) ថា “ការទាមទារអំពីការធានាសន្តិសុខ និងការបញ្ឈប់ការពង្រីកខ្លួនទៅទិសខាងកើតរបស់សហភាពអឺរ៉ុប និងណាតូ គឺជារបៀបវារៈរបស់រុស្ស៊ីសុទ្ធសាធ ជាមួយនឹងលក្ខខណ្ឌមិនអាចទទួលយកបានទាំងស្រុង ជាពិសេសទាក់ទងនឹងអ៊ុយក្រែន”។ កាលពីថ្ងៃទី១៧ ខែធ្នូកន្លងទៅ រុស្ស៊ីបានចេញផ្សាយកិច្ចព្រមព្រៀងដែលបានព្យាករណ៍របស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងរដ្ឋជាសមាជិកអង្គការណាតូស្តីពីការធានាសន្តិសុខទៅវិញទៅមកនៅអឺរ៉ុប និងការមិនដាក់ពង្រាយកាំជ្រួចរយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយក្នុងចម្ងាយឆ្ងាយពីគ្នាទៅវិញទៅមក។ កិច្ចព្រមព្រៀងនេះក៏ពាក់ព័ន្ធនឹងការទាមទារឱ្យអង្គការណាតូ បដិសេធពីការពង្រីកខ្លួនបន្ថែមទៀត រួមទាំងដោយការទទួលយកអតីតសាធារណរដ្ឋសូវៀតផងដែរ។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ រីយ៉ាបកូវ ក៏បានព្រមានថ្មីៗនេះដែរថា ការបដិសេធរបស់អង្គការណាតូ និងសហរដ្ឋអាមេរិក ក្នុងការឆ្លើយតបទៅនឹងការទាមទាររបស់រុស្ស៊ីសម្រាប់ការធានាសន្តិសុខ អាចនឹងនាំទៅរកដំណាក់កាលថ្មីនៃការប្រឈមមុខដាក់គ្នា៕ ប្រភព៖ Sputniknews

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner