អ្នកប្រដាល់គុនខ្មែរម៉ឺន សុភា ចាប់យកអាជីពគ្រូបង្វឹក ព្រោះចង់ទៅបណ្តុះធនធានក្នុងភូមិ ឃុំឲ្យក្លាយជាអ្នកបន្តវេនគុនខ្មែរ

ម្ចាស់មេដាយប្រាក់កីឡាស៊ីហ្គេម នៅប្រទេសម៉ាឡាស៊ី ឆ្នាំ២០១៧ ម៉ឺន សុភា ចង់អភិវឌ្ឍខ្លួនឲ្យក្លាយជាគ្រូបង្វឹកគុនខ្មែរកម្រិតស្តង់ដាទទួលស្គាល់ ដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
ម្ចាស់មេដាយប្រាក់រូបនេះ អះអាងថា អាជីពជាគ្រូបង្វឹកខ្លួនត្រូវបានក្លិបតែងតាំងជាង២ឆ្នាំមកហើយ តួនាទីជាគ្រូជំនួយ ប៉ុន្តែពុំធ្លាប់បានទទួលបានការបណ្តុះបណ្តាលផ្លូវការឡើយ។ ទើបតែចុងឆ្នាំ២០២១នេះ សហព័ន្ធប្រដាល់គុនខ្មែរ បានផ្តល់ឱកាសឲ្យរូបគេបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកគុនខ្មែរកម្រិតបឋម។


ម៉ឺន សុភា លើកឡើងថា ការចូលរួមវគ្គបណ្តុះបណ្តាលនេះ បានជួយឲ្យគេកាន់តែយល់ដឹងច្បាស់អំពីតួនាទីជាគ្រូបង្វឹក ព្រោះគ្រូបង្វឹកមួយរូប មិនមែនចេះតែក្បាច់គុនមួយមុខ នោះទេ តែត្រូវយល់ដឹងពីបច្ចេកទេសបង្ហាត់ និង ការផ្តល់របបអាហារហូបចុក ជួយឲ្យសិស្សមានថាមពល ក្លាយជាកីឡាករអាជីព ពិសេស គឺ ការអប់រំវិន័យក្រមសិល៍ធម៌ ។
ម៉ឺន សុភា បានតាំងចិត្តថា នឹងចូលរួមវគ្គជាបន្តបន្ទាប់ទៀត ដើម្បីអភិវឌ្ឍខ្លួនក្លាយជាគ្រូបង្វឹកស្តង់ដាប្រចាំកម្ពុជា ហើយនឹងនាំយកចំណេះជំនាញទាំងអស់នេះ ទៅបណ្តុះបណ្តាលនៅក្នុងភូមិ ឃុំ ដែលជរស់នៅ ដើម្បីឲ្យយុវជនទាំងនោះ ក្លាយជាធនធានគុនខ្មែរបន្តវេនប្រកបដោយគុណភាព។


គួររំលឹកថា ម៉ឺន សុភា បានចូលប្រឡុកក្នុងអាជីពប្រដាល់គុនខ្មែរប្រមាណជា១០ឆ្នាំ បានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំងក្នុងវិស័យប្រដាល់គុនខ្មែរ ដោយធ្លាប់ដណ្តើមបានមេដាយប្រាក់កីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០១៧ និងខ្សែក្រវ៉ាត់ជាច្រើនគ្រឿងពីការប្រកួតថ្នាក់ជាតិ និងអន្តរជាតិផងដែរ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner