តារាចម្រៀង ករុណា ពេជ្រ បង្ហាញក្តីរំភើបនៅពេលដែលកាតវ៉ាក់ចាក់សាំងកម្ពុជា ប្រើប្រាស់បានទូទៅនៅប្រទេសបារាំង
ភ្នំពេញ ៖ តារាចម្រៀងល្បីប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ បានបង្ហាញនូវក្តីរំភើបនៅពេលដែលបណ្ណវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់កម្ពុជាត្រូវបានទទួលស្គាល់ និងមានសុពលភាពប្រើប្រាស់ទូទៅនៅប្រទេសបារាំង។ នៅបារាំងគេទទួលស្គាល់កាតចាក់វ៉ាក់សាំងរបស់កម្ពុជា។ តារាចម្រៀងរូបនេះក៏បានសូមអរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានព្យាយាមខិតខំគ្រប់មធ្យោបាយក្នុងការនាំវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់វ័យ ហើយមានចេញជាប័ណ្ណមួយច្បាស់លាស់ សម្រាប់ប្រជាពលរដ្ឋកម្ពុជាងាយស្រួលប្រើប្រាស់ក្នុងប្រទេស និងក្រៅប្រទេស។
នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៩ ខែធ្នូនេះ ជាមួយរូបថតជាច្រើនសន្លឹកអមផង លោក ករុណា ពេជ្រ តារាចម្រៀងប្រចាំផលិតកម្មថោន បានសរសេរថា ខណៈពេលនេះនៅប្រទេសបារាំង ក៏ដូចប្រទេសកម្ពុជាដែរ ស្ទើរគ្រប់ហាងធំៗមួយចំនួន និងតំបន់សំខាន់ៗជាច្រើនតម្រូវឱ្យមានការចាក់វ៉ាក់សាំងរួចរាល់ទើបអនុញ្ញាតឱ្យចូល។ ប៉ុន្តែជាក់ស្តែងលោកកំពុងស្នាក់នៅប្រទេសបារាំង គឺលោកព្យាយាមដកប្រើកាតវ៉ាក់សាំងរបស់លោកផ្ទាល់ដែលចេញបញ្ជាក់ពីកម្ពុជាបង្ហាញគេ គឺគេទទួលស្គាល់ដោយសារធារណៈ…។ ដូចនៅពេលនេះ លោកត្រូវជិះរថភ្លើងល្បឿនលឿនពីទីក្រុងប៉ារីសមកផ្ទះមីងនៅ Nancy គឺមុនចូលរថភ្លើងសន្តិសុខគេត្រូវត្រួតពិនិត្យកូដ ឬកាតវ៉ាក់សាំងតាមជនជាតិនីមួយៗយ៉ាងតឹងរ៉ឹងជាទីបំផុត។ បើអត់មានឬអត់ទាន់បានចាក់វ៉ាក់សាំងទេ គឺគេមិនអនុញ្ញាតឱ្យឡើងជិះរថភ្លើងល្បឿនលឿននេះជាដាច់ខាត…។
លោកបន្តថា ខ្ញុំពិតជារំភើបណាស់ដែលកាតវ៉ាក់សាំងកម្ពុជាមានសិទ្ធិ និងសុពលភាពប្រើប្រាស់បាន ទូទៅនៅប្រទេសបារាំង…។ តារាចម្រៀងរូបនេះ បានសរសេរទៀតថា “ខ្ញុំបាទសូមអរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានព្យាយាមយ៉ាងសស្រោកសស្រាំគ្រប់មធ្យោបាយក្នុងការនាំវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់វ័យ ហើយមានចេញជាកាតមួយច្បាស់លាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជាងាយស្រួល និងបានចាកចេញទៅក្រៅប្រទេស…ដូចជាក់ស្តែង នាពេលនេះ ខ្ញុំកំពុងស្នាក់នៅប្រទេសបារាំង… ( ឆ្លៀតពេលនេះខ្ញុំសូមបញ្ជាក់បងប្អូនថា ប្រទេសបារាំងឆ្លងឆ្នាំសកល ២០២២ឆ្នាំនេះ អត់សូវសប្បាយទេ ហើយបើនិយាយពីសិទ្ធិសេរីភាព គឹមិនដូចប្រទេសកម្ពុជាយើងនាពេលនេះទេ ព្រោះ ខូវីត កំពុងផ្ទុះសារជាថ្មី .. )៕
ដោយៈពលជ័យ


