គ.ជ.ប បានប្រកាសបញ្ចប់នូវមុខតំណែង ប្រធាន-អនុប្រធាន នៃលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោតខេត្តបាត់ដំបង និងបានធ្វើការតែងតាំងថ្នាក់ដឹកនាំ ប្រធាន-អនុប្រធានថ្មី ជំនួសវិញ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានធ្វើការប្រកាសបញ្ចប់នូវមុខតំណែងប្រធាន-អនុប្រធាននៃលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត ខេត្តបាត់ដំបង ដោយបានដាក់ឲ្យចូលនិវត្តន៍ និងបានធ្វើការប្រកាសតែងតាំងលោក សុខ ហ៊ីង ជាប្រធាន និងលោក កង សុជន ជាអនុប្រធាន នៃ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត នៅវេលារសៀល ថ្ងៃទី១១ខែធ្នូឆ្នាំ២០១៩ នេះក្រោមអធិបតីភាព ឯកឩត្តម មាន សទិ សមាជិក(គ.ជ.ប) ឯកឧត្តម អេ សារ៉ុម សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត និងជា តំណាងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។

ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានថ្លែងនូវការកោតសរសើរ និងបានវាយតម្លៃខ្ពស់ពីសមិទ្ធផលស្នាដៃ របស់ប្រធាន-អនុប្រធាននៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបងចាស់កន្លងមក ដែលត្រូវដាក់ឲ្យចូលនិវត្តន៍។
ក្នុងនោះលោក វន ពន និងលោក ហែម សិលា ជាប្រធាន-អនុប្រធាន ត្រូវបានបញ្ចប់នូវមុខដំណែង
ហើយទទួលភារកិច្ចថ្មីជាជំនួយការ(គ.ជ.ប) ដែលបានលះបង់ទាំងស្មារតីទាំងបញ្ញាញាណ និងទាំងកម្លាំងកាយចិត្តក្នុងការខិតខំបំពេញនូវភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ និងមានកិច្ចសហការល្អ
ជាមួយនឹងបណ្តាគណបក្សនយោបាយនានា និងបណ្តាអង្គការសង្គមស៊ីវិល និងជាមួយដៃគូផ្សេងៗក្នុងខេត្តធ្វើឲ្យការរៀបចំ និងកិច្ចការបោះឆ្នោតគ្រប់អាណត្តិកន្លងមកប្រព្រឹត្តទៅដោយរលូន និងពិត
ជាគំរូវីរភាពដ៏ប្រពៃសម្រាប់ប្អូនៗ និងក្មួយៗជំនាន់ក្រោយដែលជាអ្នកបន្តវេន។

លោក សុខ ហ៊ីង ដែលទើបទទួលមុខដំណែងជាប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរព និងអនុវត្តន៍តាមការដឹកនាំ និងចង្អុលបង្ហាញរបស់ (គជប) ដើម្បីពង្រឹងការដឹកនាំគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព តម្លាភាព ក្នុងការបំពេញភារកិច្ចលុបបំបាត់រាល់ភាពអសកម្ម ដោយប្រកាន់ខ្ជាប់នូវជំហរភាពជាអ្នកដឹកនាំដែលប្រកបដោយទសពិតធម៌ វៀរចាកអគតិធម៌ អស្មិមានះធម៌ និងឈរលើគោលការណ៍” ទឹកអំរែក ភ្នែកខ្លែង ស្ញែងរាជសីហ៍ សម្តីឥសូរ ថ្ងូរព្រះឥន្ទ សុបិនសួគ៌ ខួរទន្សាយ សប្បាយស្រមោច”។និងប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ដើម្បីលើក
កម្ពស់លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅព្រះរាណាចក្រកម្ពុជា។

ឯកឧត្តម មាន សទិ សមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងថា៖ បញ្ហាធាតុស្នូលយ៉ាងសំខាន់ក្នុងការកសាងនូវលទ្ធិប្រជាធិបតេយ្យ គឺការបោះឆ្នោត។ ការបោះឆ្នោតគឺជាធាតុដ៏សំខាន់មួយ ដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពរីកចម្រើន ជាមួយនឹងការបោះឆ្នោតដែលប្រព្រឹត្តទៅដោយរលូន។ឯកឧត្តមក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំថ្មីថាដើម្បីទទូលបាននូវលទ្ធផលបែបនេះ(គជប) ជាពិសេស លេខាធិការដ្ឋាននៃការរៀបចំការបោះឆ្នោតនៅតាមបណ្តារាជធានី ខេត្ត និងគ្រប់ថ្នាក់មូលដ្ឋានត្រូវប្រកាន់ខ្ជាប់ និងត្រូវគោរព និងអនុវត្តន៍ឲ្យបានតាមបាវចនា របស់(គ.ជ.ប)គឺ៖ ឯករាជ្យ អព្យាក្រិត្យ សច្ចៈ យុត្តិធម៌ និងតម្លាភាព៕ធ.ដ
ដោយ៖ អ៊ុក សំអាន















