ម៉ូតូសណ្តោងរម៉កដឹកដែក បើកឡើងទួលមិនរួច អកហ្សឺថយក្រោយបុកផ្ទប់រថយន្ត Lexus RX330 បណ្តាលឱ្យរងការខូចខាតបែកកញ្ចក់
ភ្នំពេញ ៖ ម៉ូតូសណ្តោងរម៉កដឹកដែក បើកបរឡើងទួលមិនរួច អកហ្សឺថយក្រោយវិញ បុកផ្ទប់កញ្ចក់រថយន្ត Lexus RX330 មួយគ្រឿង បណ្តាលឱ្យរថយន្តរងការខូចខាតបែកកញ្ចក់ខាងមុខ តែសំណាងល្អ មនុស្សនៅក្នុងរថយន្តរបួសស្រាល បង្កឱ្យមានការកកស្ទះយ៉ាងខ្លាំងនៅត្រង់ចំណុចស្ថានីយបូមទឹកបឹងទំពុន។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង១១ និង១០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ស្ថិតសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ម៉ូតូសណ្តោងរម៉កដឹកដែក បើកបរដោយបុរសម្នាក់ រួមដំណើរគ្នាពីនាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ទិសដៅពីកើតមកលិច ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានឡើងទួលមិនរួច អកហ្សឺថយក្រោយមកវិញ បុកផ្ទប់កញ្ចក់រថយន្ត Lexus RX330 ដែលពាក់ស្លាកលេខ ភ្នំពេញ 2AP -5579 ដែលធ្វើដំណើរពីនាក់ប្តីប្រពន្ធ មកពីក្រោយ បណ្តាលឱ្យរថយន្តរងការខូចខាតបែកកញ្ចក់ខាងមុខតែសំណាដែរ បណ្តាលឱ្យមនុស្សនៅក្នុងរថយន្តរបួសស្រាល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន នៃប៉ុស្តិ៍រដ្ឋាបាលសង្កាត់បឹងទំពុនទី២ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ រួចក៏បានធ្វើការវាស់វែងយករថយន្ត និងម៉ូតូសណ្តោងរម៉កយកមកដាក់អែបកៀនខាងសិន កុំឱ្យមានការកកស្ទះចរាចរដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរ រួចឱ្យម្ចាស់ភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយម្ចាស់ម៉ូតូសណ្ដោងរម៉កបានយល់ព្រមចេញសងសំណងថ្លៃការខូចខាតទៅខាងម្ចាស់ភាគីរថយន្ត Lexus RX330 ចំនួន២៤០ដុល្លារ ដើម្បីបញ្ចប់រឿងនៅទីតាំងចំណុចកើតហេតុតែម្ដង៕ ដោយ៖ ឆៃហួត




