ពូទីន៖ Nord Stream 2 បំពេញដោយឧស្ម័នធម្មជាតិ ខណៈរុស្សីរងចាំការអនុញ្ញាតពីអាល្លឺម៉ង់ និង EU
កាលពីថ្ងៃពុធ ទី២៩ ធ្នូនេះ ប្រធានាធិបតីរុស្សីលោកវ្ល៉ាឌីមៀរ ពូទីនលើកឡើងថាគម្រោងបំពង់រាប់ពាន់ដុល្លារ Nord Stream 2 ដែលភ្ជាប់ពីប្រទេសរុស្សីទៅកាន់ប្រទេសអាល្លឺម៉ង់ត្រូវបានបំពេញដោយឧស្ម័នធម្មជាតិរួចរាល់សម្រាប់នាំចេញទៅអឺរ៉ុប។ ប៉ុន្តែមុនបំពង់នេះអាចដំណើរការបាន ទាំងប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប ត្រូវតែយល់ព្រម ហើយត្រូវគេចាត់ទុកជាការសម្រេចចិត្តមួយប្រហែលមិនកើតឡើងក្នុងអំឡុងពេលឆមាសដំបូងនៃឆ្នាំក្រោយ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំជាមួយមន្ត្រីថាមពល លោកពូទីននិយាយថាការអនុញ្ញាតឱ្យបំពង់ Nord Stream 2 ចាប់ផ្ដើមដំណើរការ អាចជួយកាត់បន្ថយតម្លៃថាមពលដ៏ខ្ពស់នៅអឺរ៉ុប ហើយអាចជួយរក្សាសមភាពទីផ្សារ។
«ផ្លូវបន្ថែមថ្មីនេះពិតជានឹងជួយរក្សាស្ថិរភាពតម្លៃនៅលើទីផ្សារអឺរ៉ុប» លោកពូទីននិយាយបែបនេះហើយបន្តទៀតថា៖ «វាប្រាកដជានឹងប៉ះពាល់ដល់តម្លៃនៅលើទីផ្សារទំនិញ ហើយអ្នកប្រើប្រាស់នៅក្នុងប្រទេសដែលប្រើប្រាស់ឧស្ម័នរុស្សីនឹងមានដឹងភ្លាមៗ»។
បំពង់បង្ហូរក្រោមសមុទ្រថ្មីប្រវែង ១២៣៤ គីឡូម៉ែត្រ ដែលមានសមត្ថភាពបញ្ជូនឧស្ម័នប្រចាំឆ្នាំ ៥៥ ពាន់លានម៉ែត្រគីប នឹងបង្កើនបរិមាណឧស្ម័នដែលបូមពីរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់ដោយផ្ទាល់រហូតទៅដល់ទ្វេដង ហើយអាចនឹងអនុញ្ញាតឱ្យរុស្សីជៀសវាងបំពង់មានស្រាប់ ដែលឆ្លងកាត់ប្រទេសប៉ូឡូញ និងអ៊ុយក្រែន។
អ្នករិះគន់នៃបញ្ហាជុំវិញបំពង់បង្ហូរ Nord Stream 2 ប្រចាំការនៅអាមេរិក ប៉ូឡូញ និងអ៊ុយក្រែន បាននិយាយថាបំពង់នេះនឹងបង្កើនឥទ្ធិពលរុស្សីនៅអឺរ៉ុប បង្កការបែកបាក់ក្នុងអឺរ៉ុប ហើយនឹងដកហូតប្រាក់ឆ្លងកាត់រាប់ពាន់លានដុល្លារពីប្រទេសប៉ូឡូញ និងអ៊ុយក្រែន៕

ប្រភព៖ Newsweek