លោកខ្វៃ អាទិត្យា ៖ ការការពារនិងអភិរក្សធនធានធម្មជាតិនាពេលបច្ចុប្បន្ន គឺដើម្បីទុកជាសម្បត្តិមរតកសម្រាប់កូនចៅជំនាន់ក្រោយ

ព្រះវិហារ ៖ លោក ខ្វៃ អាទិត្យា អគ្គនាយរង និងជាតំណាងអគ្គនាយក នៃអគ្គនាយកដ្ឋាន ចំណេះដឹង និងព៍ត៌មានបរិស្ថាន បានអញ្ជើញចូលរួមនៅក្នុងពិធីផ្សព្វផ្សាយព័ត៌មានបរិស្ថាន រៀបចំឡើងដោយនាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន នៅក្នុងសាលាបឋមសិក្សានិងអនុវិទ្យាល័យសំបូរ ក្នុងភូមិសំបូរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១ ។

លោក ខ្វៃ អាទិត្យា អគ្គនាយករង អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានលើកឡើងពីសារៈសំខាន់នៃការការពារនិងអភិរក្សធនធានធម្មជាតិនាពេលបច្ចុប្បន្ន គឺដើម្បីទុកជាសម្បត្តិមរតកសម្រាប់កូនចៅជំនាន់ក្រោយ។ លោក អគ្គនាយករងក្រសួងបរិស្ថាន បានបញ្ជាក់ថា ធនធានធម្មជាតិ ជាពិសេសព្រៃឈើផ្តល់ប្រយោជន៍ដល់ជីវិតមនុស្សសត្វ ជាពិសេសការផ្តល់ប្រយោជន៍សម្រាប់ជាជម្រក តម្លៃសេដ្ឋកិច្ចជាតិនិងមូលដ្ឋាន តាមរយៈការលក់មុខងារសម្រាប់ស្រូបកាបូន បន្ថយឧស្ម័នផ្ទះកញ្ចក់ និងបង្កើតជាទេសចរណ៍ធម្មជាតិ។ សហគមន៍បានក្លាយជាដៃគូយ៉ាងសំខាន់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ។

លោក ស្រីវ ផាឡែន តំណាងមូលនិធិសត្វក្រៀលអន្តរជាតិ បានឲ្យដឹងថាកន្លងមកអង្គការបានចូលរួមជាមួយក្រសួងបរិស្ថាន ផ្សព្វផ្សាយស្តីការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការអប់រំប្រជាពលរដ្ឋស្រឡាញ់សត្វព្រៃ ជាពិសេសសត្វក្រៀលដែលប្រភេទសត្វសត្វរងគ្រោះជិតផុតពូជ ហើយកំពុងមានវត្តមាននៅកម្ពុជា ហើយនៅក្នុងខេត្តព្រះវិហារក៏ឃើញមានសត្វក្រៀលផងដែរ។ នៅក្នុងថ្ងៃនេះ មូលនិធិសត្វក្រៀលអន្តរជាតិ បានបន្តពង្រឹងចំណេះដឹងលើការគ្រប់គ្រងបរិស្ថានជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋននៅក្នុងស្រុកគូលែនខេត្តព្រះវិហារ តាមរយៈការចែកសៀវភៅ និងឯកសារស្រាវជ្រាវលើវិស័យបរិស្ថាន សម្ភារសិក្សា និងបរិក្ខាសិក្សាអប់រំ និងដាក់សម្ពោធឲ្យប្រើប្រាសបណ្ណាល័យ១ នៅក្នុងសាលាបឋមសិក្សានិងអនុវិទ្យាល័យសំបូរថែមទៀត។

លោក ឈិន ឆេង អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានថ្លែងអំណរគុណក្នុងនាមអាជ្ញាធរ ចំពោះកិច្ចសហការអប់រំផ្សព្វផ្សាយបរិស្ថានដើម្បីជួយផ្លាស់ប្តូរការគិតវិជ្ជមានរបស់ប្រជាពលរដ្ឋលើការងារគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការពង្រឹងជីវភាពសហគមន៍។
សូមបញ្ជាក់ថាក្នុងពិធីផ្សព្វផ្សាយបរិស្ថាននៅក្នុងពេលនេះ អ្នកចូលរួម បានចូលរួមកាត់ខ្សែបូរសម្ពោធបណ្ណាល័យ និងពិនិត្យមើលការសិក្សានិងការអានរបស់សិស្សានុសិស្ស ព្រមទាំងបានចូលរួមពិសាអាហារសាមគ្គីផងដែរ ៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner