និស្សិតដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលអូស្រ្តាលីចំនួន២១នាក់ ចូលជួបសម្តែងការគួរសម ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម ដើម្បីស្នើសុំការណែនាំ និងបទពិសោធន៍ល្អៗ មុនចេញដំណើរទៅបន្តការសិក្សា

អត្ថបទដោយ៖
Kien Sereyvuth

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុន បានអនុញ្ញាតឲ្យក្មួយៗនិស្សិតដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលអូស្រ្តាលីចំនួន២១នាក់ ចូលជួបសម្តែងការគួរសម និងស្នើសំការណែនាំ ចែករំលែកបទពិសោធន៍ មុនចេញដំណើរទៅ បន្តការសិក្សានៅទីនោះក្នុងពេលឆាប់ៗខាងមុខ។

លោកស្រី សុខ ហេង  តំណាងឲ្យនិស្សិតបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា ឆ្នាំ២០១៩ និស្សិតចំនួន២១នាក់ ត្រូវបានរដ្ឋាភិបាលអូស្រ្តាលី ធ្វើការជ្រើសរើសផ្តល់អាហារូបករណ៍ឲ្យទៅបន្តការសិក្សារៀនសូត្រថ្នាក់អនុបណ្ឌិតទៅតាមមុខជំនាញជាច្រើន ហើយពួកគាត់នឹងចេញដំណើរក្នុងពេលឆាប់ៗខាងមុខនេះ។ លោកស្រីបន្តទៀតថា និស្សិតទាំង២១នាក់នេះត្រូវបានជ្រើសរើសពីវិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល និងមន្រ្តីដែលបម្រើការក្នុងក្រសួង និងស្ថាប័នរដ្ឋ។

ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានសម្តែងនូវមោទនភាព និងចូលរួមអបអរសាទរចំពោះជ័យលាភីដែលក្មួយៗទទួលបាន និងបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់ក្មួយៗដែលបានបង្ហាញឲ្យឃើញពីសក្តានុពលយ៉ាងធំធេងអំពីចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ដ៏មានតម្លៃ សមស្របតាមគោនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធន ធានមនុស្ស។ ឆ្លៀតយកឱកាសនេះ ឯកឧត្តម បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនទាក់ទងនឹងការសិក្សារៀនសូត្រ ការធ្វើជាមន្រ្តីល្អ បុគ្គលល្អ ពលរដ្ឋល្អ និងជាពិសេសជាថ្នាក់ដឹក នាំល្អម្នាក់។

ក្នុងខណ:នេះ លោកបានបង្ហាញឲ្យក្មួយៗបានឃើញកាន់តែច្បាស់អំពីសមិទ្ធផល   សំខាន់ៗតាំងពីក្រោយសង្គ្រាម រហូតមកទល់បច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្រេចបាន និងដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិជាជំហានៗ ឆ្ពោះទៅអនាគតសមស្របតាមកំណើនសេដ្ឋកិច្ច សេចក្តីត្រូវការជាមូលដ្ឋាននៃកំណើនជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ កំណើនប្រជាជន និងការប្រែប្រួលអាកាសធាតុ។   

ក្មួយៗមានឱកាសបានសិក្សារៀនសូត្រ រហូតទទួលបានអាហាររូបករណ៍ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី គឺមិនអាចកាត់ផ្តាច់បានពីតម្លៃនៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលទទួលបានពីគោលនយោបាយឈ្នះ-ឈ្នះ រួមជាមួយការធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការដឹកនាំប្រទេសរបស់សម្តេចតេជោ។

ហេតុផលនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្ត និងគាំទ្រដល់និស្សិត  គ្រប់ៗរូបត្រូវយកឱកាសដ៏មានតម្លៃនេះ ព្យាយាមសិក្សារៀនសូត្រ ដកស្រង់ ចែករំលែងបទពិសោធន៍ទាំងចំណេះជំនាញ ចំណេះដឹងទូទៅ អក្សរសាស្រ្ត ប្រពៃណី វប្បធម៌ ការគ្រប់គ្រងប្រទេស និងភាពជាអ្នកដឹកនាំ។ល។ រួចនាំយកធាតុចូលដែលជាពុទ្ធិ និងបទពិសោធន៍ល្អៗទាំងនោះមកមាតុភូមិវិញដើម្បីចូលរួមថែរក្សា ការពារ កសាង និងអភិវឌ្ឍប្រទេសយើងទាំងពេលបច្ចុប្បន្ន និងអនាគត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner