សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទាំងអស់គ្នារួមគ្នាចរន្តជាតិមួយក្នុងការទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ និងជំងឺអេដស៍»

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី  និងឯកឧត្តម  ណាប់ ប៊ុនហេង  ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ចើញជាអធិបតីភាពក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទាំងអស់គ្នារួមគ្នាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគ
អេដស៍និងជំងឺអេដស៍»។ ទិវានេះប្រារព្ធធ្វើឡើង នៅសាលមហោស្រពសម្តេចតេជោ ហ៊ុន
សែនដោយមានការចូលរួមពីមន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទសិស្សានុសិស្ស យុវជនស្ម័គ្រចិត្ត កាកបាទក្រហមខេត្តនិងអ្នកផ្ទុកមេរោគអេដស៍សរុបជាង២០០នាក់។

ឯកឧត្តម ថង សាវុន បានអាននូវសារលិខិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍នៅកម្ពុជាដែលបានលើកឡើងក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩
ដែលមានន័យខ្លឹមសារ ជាអាទិ៍ថា ទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៍ក្នុងឆ្នាំ២០១៩នេះ ដែលកម្ពុជាយើង បានកំណត់ក្រោមប្រធានបទ «ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍និងជំងឺអេដស៍» ដែលជាប្រធានបទមានគោលបំណងបញ្ជាក់ពីការប្ដេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ឈានទៅសម្រេចបានគោលដៅបញ្ចប់បញ្ហាអេដស៍នៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០២៥។

តាមរយៈសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានឲ្យដឹងទៀតថា ក្នុងរយៈកាល ២៨ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយដៃគូសហប្រតិបត្តិការជាតិ-អន្តរជាតិ អង្គការសង្គម ស៊ីវិល វិស័យឯកជន ផ្នែកសាសនា និងកាកបាទក្រហមកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ រហូតសម្រេចបាននូវការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍ ធ្វើឲ្យអត្រាផ្ទុកមេរោគអេដស៍ ក្នុងចំណោមប្រជាជនទូទៅចាប់ពីអាយុ១៥ឆ្នាំ ទៅ ៤៩ឆ្នាំ បានធ្លាក់ចុះពី ២,៦ភាគរយ នៅឆ្នាំ១៩៩៨ និងបន្តធ្លាក់ចុះមកនៅ១ភាគរយ នៅឆ្នាំ២០០៦ និងបន្តធ្លាក់ចុះទៀតជាបន្តបន្ទាប់ នៅ ០,៨ភាគរយ នៅឆ្នាំ២០១០ និង ០,៥ ភាគរយ នៅឆ្នាំ២០១៩នេះ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអំពាវនាវផងដែរថា បើទោះបីកម្ពុជាយើងសម្រេចបាននូវសមិទ្ធផលធំធេង និងជោគជ័យជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ។  ដូច្នេះសូមអំពាវនាវ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជនរួមជាតិគ្រប់មជ្ឈដ្ឋាន រួមកម្លាំងគ្នាចូលរួមជាចរន្តជាតិមួយក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ហើយក៏សូមអំពាវនាវដល់គ្រប់ ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនា បន្តចូលរួមគាំទ្រ និងអនុវត្តដោយម៉ឺងម៉ាត់នូវផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣ ដែលជាផែនទីចង្អុលផ្លូវតែមួយគត់សម្រាប់ការងារប្រយុទ្ធ ទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តម ថង សាវុន ក៏បានចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារអ្នករងគ្រោះ ដោយសារមេរោគអេដស៍ និងជំងឺអេដស៍ ចំនួន៥០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានអំណោយ រួមមាន៖ អង្ករ២៥គីឡូ ទឹកដោះគោឆៅ១យួ ទឹកសុីអ៉ីវ១យួរ ឃីត១កញ្ចប់មានមុង១ភួយ១ក្រម៉ា១និងគ្រឿងឧបភោគបរិភោគ១កញ្ចប់។

សូមបញ្ជាក់ថាតាមរយៈរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០១៩នេះ កម្ពុជាអាចកាត់បន្ថយការចម្លងមេរោគអេដស៍ថ្មីបាន ពី២៣០០នាក់ ក្នុងឆ្នាំ២០១០ នៅត្រឹមចំនួន ប្រមាណ ៨៨០នាក់ ក្នុងឆ្នាំ២០១៩ ចំណែកការផ្ដល់ឱសថប្រឆាំងមេរោគអេដស៍វិញ អាចសម្រេចបាន ៩៩ភាគរយ ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ ដែលកំពុងត្រូវការឱសថប្រឆាំងមេរោគអេដស៍ និងសេវាថែទាំព្យាបាល ហើយដែលជាលទ្ធផលបានធ្វើឱ្យអត្រាមរណភាពដោយសារជំងឺអេដស៍ធ្លាក់ចុះជារៀងរាល់ឆ្នាំ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner