ចាប់រថយន្តក្រុងវៀតណាម១គ្រឿងលួចដឹកឈើប្រណិតប្រភេទធ្នង់លោតឆ័ត្រទៅវៀតណាមនៅស្រុកបរកែវ

អត្ថបទដោយ៖
Kien Sereyvuth

រតនគិរី៖ កម្លាំងរដ្ឋបាលព្រៃឈើថ្នាក់កណ្តាលសហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើផ្នែកបរកែវ និងកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកបរកែវនៅវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១១ខែធ្នូឆ្នាំ២០១៩ បានស្ទាក់ចាប់រថយន្តក្រុងវៀតណាម១គ្រឿងលួចដឹកឈើប្រណិតប្រភេទធ្នង់ខណៈកំពុងធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិគ្លិៈ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរីមានទិសដៅទៅប្រទេសវៀតណាម។

នាយផ្នែករដ្ឋបាលព្រៃឈើបរកែវលោកហុង វណ្ណរាន បានប្រាប់អោយដឹង នៅព្រឹកថ្ងៃទី១១ខែធ្នូឆ្នាំ២០១៩នេះ ថារថយន្តក្រុងវៀតណាមលួចដឹកឈើប្រណិតពាក់ស្លាកលេខវៀតណាម ៨១B-០០១-១៣ ឆែកឆេរឃើញឈើប្រណិតប្រភេទធ្នង់មានទម្ងន់៧៨០គីឡូក្រាមស្មើនឹង០,៥៧៧ម៉ែត្រគូប។
លោកនាយផ្នែករដ្ឋបាលព្រៃឈើបរកែវរូបនេះបន្តថាអ្នកបើករថយន្តដឹកបទល្មើសរត់គេចខ្លួនបាត់ ពិនិត្យជាក់ស្តែងឃើញថាប្រមូល និងដឹកជញ្ជូនព្រៃឈើខាងលើប្រាសចាកពីច្បាប់ស្តីពីព្រៃឈើ។

បច្ចុប្បន្នរថយន្តក្រុងវៀតណាម១គ្រឿង និងឈើប្រណិតធ្នង់ខាងលើត្រូវបាននាំមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី ដើម្បីចាត់ចែងតាមច្បាប់ព្រៃឈើ។គួរកត់សម្គាល់ថាបើទោះបីសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធខិតខំធ្វើការបង្ក្រាបការដឹកជញ្ជូនឈើយ៉ាងណាក៏ដោយនៅតែមានឈ្មួញ ខិលខូចលួចធ្វើសកម្មភាពដោយមិនខ្លាចច្បាប់។ ជាក់ស្តែងរថយន្តក្រុងវៀតណាម មានថៅកែជនជាតិវៀតណាមលួចដឹកឈើចេញពីស្រុកខ្មែរក្រោមរូបភាពដឹកភ្ញៀវទេសចរណ៍ ដូច្នេះគួរតែច្បាប់ដាក់ទោសទណ្ឌឲ្យធ្ងន់ធ្ងរដើម្បីឲ្យអ្នកផ្សេងរៀងចាលតែម្តង៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner