ឯកឧត្តម នេត្រ ភក្ត្រា៖ សំណល់ប្លាស្ទិកជាក្តីកង្វល់រួមរបស់ពិភពលោក ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវរួមគ្នាកាត់បន្ថយការប្រើប្រាស់ផលិតផលធ្វើពីប្លាស្ទិក និងចូលរួមប្រើប្រាស់ឡើងវិញ ការកែច្នៃ ឬបដិសេធការប្រើប្រាស់ប្លាស្ទិក ដើម្បីលុបបំបាត់ការបំពុលដោយប្លាស្ទិក ការពារបរិស្ថាន និងភពផែនដីរបស់យើង

អត្ថបទដោយ៖
Kien Sereyvuth

«សំណល់ប្លាស្ទិកជាក្តីកង្វល់រួមរបស់ពិភពលោក ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវរួមគ្នាកាត់បន្ថយការប្រើប្រាស់ផលិតផលធ្វើពីប្លាស្ទិក និងចូលរួមប្រើប្រាស់ឡើងវិញ ការកែច្នៃ ឬបដិសេធការប្រើប្រាស់ប្លាស្ទិក ដើម្បីលុបបំបាត់ការបំពុលដោយប្លាស្ទិក ការពារបរិស្ថាន និងភពផែនដីរបស់យើង»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងឱកាសចូលរួមជាអធិបតីសម្ពោធការផ្សព្វផ្សាយសៀវភៅស្តីពីពិភពប្លាស្ទិកឆ្នាំ ២០១៩ កាលពីល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០១៩ នៅផ្ទះមេត្តា រាជធានីភ្នំពេញ។ សៀវភៅស្តីពីពិភពប្លាស្ទិកជាភាសាខ្មែរ និងភាសាអង់គ្លេសដែលនិយាយពីស្ថានភាពនៃការប្រើប្រាស់ប្លាស្ទិកនៅលើពិភពលោក និងការរកឃើញពីផលប៉ះពាល់នៃការបំពុលប្លាស្ទិកទៅលើសុខភាពមនុស្សត្រូវបានបោះពុម្ពផ្សាយដោយមូលនិធិហិនរិចប៊ល របស់ប្រទេសអាល្លឺម៉ង់។

ឯកឧត្តម នត្រ ភក្ត្រា បានឱ្យដឹងថា យោងតាមរបាយការណ៍ ចាប់តាំងពីការបង្កើតប្លាស្ទិកដំបូងរហូតដល់ឆ្នាំ ២០១៥ សំណល់ប្លាស្ទិកនៅលើពិភពលោកមានចំនួនប្រមាណជាជាង ៨.៣ ពាន់លានតោន ហើយរហូតមកដល់បច្ចុប្បន្ននេះ មានតែ ៩% តែប៉ុណ្ណោះនៃសំណល់ប្លាស្ទិកដែលត្រូវបានយកមកកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ។ នៅពេលបច្ចុប្បន្ននេះ ប្លាស្ទិកចំនួន ៤០០ លានតោនត្រូវបានផលិត ហើយគេព្យាករណ៍ថា ចាប់ពីឆ្នាំ ២០២៥ ខាងមុខ ប្លាស្ទិកប្រមាណ ៦០០ លានតោននឹងត្រូវផលិតនៅលើពិភពលោក។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថាសំណល់ប្លាស្ទិកកើនឡើងជារៀងរាល់ឆ្នាំ ដែលជាក្តីកង្វល់មួយសម្រាប់ពិភពលោក ហើយនៅឆ្នាំ ២០៥០ ខាងមុខ សំណល់ប្លាស្ទិកនឹងអាចកើនឡើងដល់ ៣៤ ពាន់លានតោន។ នៅឆ្នាំ ២០៥០ នេះ ប្លាស្ទិកអាចមានច្រើនជាងត្រីនៅក្នុងសមុទ្រ ប្រសិនបើគ្មានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទេនោះ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានមានប្រសាសន៍ថា នៅប្រទេសកម្ពុជា សំណល់សំរាម ដែលបានបង្កើតឡើងនៅក្នុងមួយឆ្នាំមានប្រមាណជាង ៤ លានតោន ក្នុងនោះប្រមាណ ២០% ជាសំណល់ប្លាស្ទិក។ ខេត្តរាជធានីធំៗដែលបង្កើតបរិមាណសំរាមច្រើនរួមមាន៖ រាជធានីភ្នំពេញប្រមាណជា ៣០០០ តោនក្នុងមួយថ្ងៃដែលនៅក្នុងនោះ ២០% ជាសំណល់ប្លាស្ទិក។ ក្នុងមួយថ្ងៃ រាជធានីភ្នំពេញប្រើប្រាស់ថង់ប្លាស្ទិកប្រមាណជាង ១០ លានថង់។ ចំណែកនៅក្រុងព្រះសីហនុ មានបរិមាណសំរាមប្រមាណ ៧០០ តោនក្នុងមួយថ្ងៃ និងក្រុងសៀមរាប មានប្រមាណ ៤០០ តោនក្នុងមួយថ្ងៃ។

តាមការប៉ានប្រមាណ ភាគរយនៃប្លាស្ទិកដែលប្រមូលបានតាមរយៈការបោសសម្អាត នៅតាមផ្លូវក្នុងក្រុងសៀមរាបមាន ២០,៧% និង ៣៤% ក្នុងខេត្តព្រះសីហនុ។ យោងតាមការសិក្សាស្រាវជ្រាវ ប្រជាពលរដ្ឋនៅទីក្រុងម្នាក់បានប្រើប្រាស់ថង់ប្លាស្ទិកច្រើនជាង ២០០០ ថង់ នៅក្នុងមួយឆ្នាំ។ ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា បើនិយាយនៅក្នុងក្របខណ្ឌទូទាំងប្រទេស សំណល់សំរាមកើនឡើងប្រមាណ ១០% នៅក្នុងមួយឆ្នាំ ដោយសារតែកត្តាកំណើនប្រជាជន កំណើនសេដ្ឋកិច្ច ការផ្លាស់ប្តូររបៀបរស់នៅ ការផ្លាស់ប្តូរេរបៀបនៃការវេចខ្ចប់ទំនិញផ្សេងៗ ពោលគឺប្រជាពលរដ្ឋបានងាកមកប្រើប្រាស់របស់របរវេចខ្ចប់ដែលងាយៗ គឺថង់ប្លាស្ទិក។

តើហេតុអ្វីបានជាយើងត្រូវខ្វល់ខ្វាយអំពីប្លាស្ទិក? ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរស្ថានបានថ្លែងថ ប្លាស្ទិកបំពុលបរិស្ថានយ៉ាងខ្លំាងរួមមាន ខ្យល់ ទឹក និងដី ២) សំរាមប្លាស្ទិកអាចសម្លាប់ជីវិតសត្វព្រៃ និងសត្វសមុទ្រ ៣) ប៉ះពាល់យ៉ាងខ្លំាងដល់សុខភាពមនុស្ស ៤)យើងត្រូវចំណាយថវិកាច្រើនក្នុងការសម្អាត ៥) ប្លាស្ទិកមួយចំនួនមិនងាយនឹងរលួយ និងមិនអាចកែច្នៃឡើងវិញបាននោះទេ ៦) ផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិជាខ្លាំងនៅពេលដែល ទឹក ដី និងខ្យល់ត្រូវបានបំពុលដោយប្លាស្ទិក។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា៖«សព្វថ្ងៃនេះ ការប្រយុទ្ធប្រឆាំងនឹងសំណល់រឹងជាសកម្មភាពជាអាទិភាពដ៏សំខាន់បំផុតមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបន្តអនុវត្តវិធានការច្បាប់ដ៏តឹងរឹងប្រឆាំងនឹងការលួចនាំចូលទំនិញហាមឃាត់គ្រប់ប្រភេទ។ រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឱ្យមានជាដាច់ខាតចំពោះការនាំចូលនូវសំណល់ប្លាស្ទិក មកកែច្នៃនៅកម្ពុជាទេ ព្រោះកម្ពុជាមិនមែនជាធុងសំរាមសម្រាប់ការបោះចោលបច្ចេកវិទ្យា ហួសសម័យនោះទេ ហើយកម្ពុជាតែងតែជំទាស់ជានិច្ចនឹងការនាំចូលសំណល់ប្លាស្ទិក និងប្រេងម៉ាស៊ីនមកកែច្នៃនៅកម្ពុជា។ ប៉ុន្តែកម្ពុជា លើកទឹកចិត្តឱ្យមានការកែច្នៃសំណល់ ប្លាស្ទិកដែលមាននៅក្នុងប្រទេសកម្ពុជាដើម្បីចូលរួមកាត់បន្ថយការបំពុលដោយប្លាស្ទិក»។

កាលពីខែតុលាកន្លងទៅ សម្តេចអគ្គ មហា សេនា បតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពីការប្តេជ្ញាចិត្តក្នុងការកែទម្រង់ការគ្រប់គ្រងសំណល់ ដោយចាប់ផ្តើមអនុវត្តពីរាជធានីភ្នំពេញ។ គោលបំណងនៃការកែទម្រង់នេះ មិនត្រឹមតែធានាបាននូវការប្រមូល សំរាមទេ តែបង្កើនការគ្រប់គ្រងសំរាមប្រកបដោយមាន ប្រសិទ្ធភាព។ ចំពោះកិច្ចអន្តរាគមន៍ជាក់លាក់ពីអ្នកពាក់ព័ន្ទនឹងសំណល់ប្លាស្ទិក ក្រសួងបរិស្ថានក៏បានបង្កើតក្រុមការងារប្លាស្ទិក ពិសេស មួយ កាលពីខែមេសា កន្លងទៅនេះ។ រហូតមកដល់ពេលនេះ ក្រសួងបរិស្ថាន បានចាត់វិធានការបន្ទាន់មួយចំនួនដែលក្នុងនោះមានទាំង ការរៀបចំនូវផែនការយុទ្ធសាស្ត្រ លិខិតបទដ្ឋាន ការផ្សព្វផ្សាយអប់រំ និងការអនុវត្តវិធានការច្បាប់។

ការផ្សព្វផ្សាយសៀវភៅស្តីពីពិភពប្លាស្ទិក និងពិព័រណ៍រូបថតអំពីប្លាស្ទិកនេះត្រូវបានឯកឧត្តម នេត្រ ភក្ត្រា ថ្លែងថាាការបញ្ជាក់បន្ថែមពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន មូលនិធិហេនរេចបូល និងអ្នកពាក់ព័ន្ធទាំងអស់ផ្សេងទៀតរួមមាន អាជ្ញាធរពាក់ព័ន្ធ ប្រជាពលរដ្ឋ សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ វិស័យឯកជន ដៃគូរអភិវឌ្ឍន៍ ក្នុងការប្រយុទ្ធប្រឆាំងនឹងសំណល់ប្លាស្ទិក តាមរយៈការរៀបចំក្របខណ្ឌច្បាប់ និងកសាងលិខិតបទដ្ឋានថ្មីៗមួយចំនួនបន្ថែម នៅក្នុងការទប់ស្តាត់ និងកាត់បន្ថយការប្រើប្រាស់សម្ភារ:ប្លាស្ទិក ដូចជា បំពង់បឺតប្លាស្ទិក និងសម្ភារវេចខ្ចប់អាហារមួយចំនួន ដែលមិនចាំបាច់ ឬអាចមានរបស់ជំនួសបាន និងការផ្តួចផ្តើមគំនិតរៀបចំយុទ្ធនាការ ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ជាពិសេសការកែប្រែឥរិយាបថពលរដ្ឋពាក់ព័ន្ធនឹងការវេចខ្ចប់ ការប្រើកន្ត្រកបរិស្ថាន ឬការប្រើដបទឹកបរិស្ថានជាដើម ហើយនៅតាមសាលារៀន និងគ្រឹះស្ថានសាធារណៈមួយចំនួនចាប់ផ្តើមប្រកាសថាជាកន្លែងគ្មានការប្រើប្រាស់ប្លាស្ទិក៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner