សម្តេចតេជោ ហ៊ុន សែន៖ ខេត្តកោះកុង នឹងមានតំបន់សេដ្ឋកិច្ចពិសេស ច្រើនជាងខេត្តដ៏ទៃទៀត

កោះកុង៖ ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីអូរជ្រៅ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា តាមគម្រោងខេត្តកោះកុង នឹងក្លាយជាតំបន់សេដ្ឋកិច្ចច្រើនជាងខេត្តដទៃទៀត ហើយក៏មិនអន់ជាងខេត្តព្រះសីហនុ នោះដែរ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ពេលផ្លូវជាតិលេខ៤៨ កោះកុង និងផ្លូវជាតិលេខ១០ បាត់ដំបង ពោធិ៍សាត់ ស្ថាបនារួចរាល់ បងប្អូនអាចធ្វើដំណើរងាយស្រួល ចំណែកអ្នកព្រះសីហនុ ចង់ទៅបាត់ដំបង មិនបាច់ទៅភ្នំពេញទៀតទេ ទៅតាមផ្លូវលេខ៤៨ ចេញទៅផ្លូវជាតិលេខ១០ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង បាន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឥឡូវនេះ ផ្លូវជាតិរបស់យើងអាចធ្វើដំណើរតភ្ជាប់ពីខេត្តមួយទៅខេត្តមួយ ដោយធ្វើដំណើរវិលជ៉ំ នេះហើយជាការការតភ្ជាប់ក្នុងស្រុក ហើយយើងក៏បានខិតខំការតភ្ជាប់រវាងប្រទេសយើងជាមួយប្រទេសជិតខាងផងដែរ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ។ សម្តេច ក៏បានរំលឹកអតីតកាលក្នុងកំឡុងឆ្នាំ១៩៩៥ ថា សម្តេចធ្វើដំណើរទៅកោះកុងតាមរយៈផ្លូវទឹក ដោយមិនអាចធ្វើដំណើរតាមផ្លូវគោកនោះទេ ពេលនោះយើងលំបាក មិនដូចសព្វថ្ងៃនោះទេ។

តាមរបាយការណ៍របស់ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ នឹងជួយជំរុញបន្ថែមសក្តានុពលតំបន់ទេសចរណ៍នៅក្នុងខេត្តកោះកុង ក៏ដូចជាតំបន់ទេសចរណ៍គិរីសាគរ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅភាគនិរតីនៃប្រទេសកម្ពុជា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាង ដែលរំពឹងថា នឹងរួមចំណែកក្នុងការទាក់ទាញវិនិយោគិន និងជំរុញការនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះផងដែរ។ បន្ថែមពីលើនេះ ផ្លូវមួយខ្សែនេះ ក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េ១២៣ (ASEAN Highway 123) និងជារបៀងមាត់សមុទ្រខាងត្បូងរបស់មហាអនុតំបន់មេគង្គ GMS (R10) ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner