សម្ដេចតេជោ ហ៊ុន សែន៖ កូរ៉េខាងត្បូងសម្រេចសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីភ្នំពេញ ទៅតំបន់អរិយក្សត្រ

កោះកុង៖ ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីអូរជ្រៅ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចជួយសាងសង់ស្ពាន១ខ្សែ ឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ។

ឯកឧត្តម ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បានថ្លែងថា ការសម្រេចសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ធ្វើឡើងឆ្លើយតបនឹងសំណើជាចំហររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងក្នុងពិធីបើកការដ្ឋានជួសជុលកែលម្អផ្លូវជាតិលេខ២ និងលេខ២២ កាលពីខែកុម្ភៈ ឆ្នាំ២០២០។

ឯកឧត្តម ឯកអគ្គរដ្ឋទូតបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េមួយ បានធ្វើការសិក្សាពីលទ្ធភាពក្នុងការសាងសង់ និងបានបញ្ជូនរបាយកាណ៍លទ្ធផល ជូនរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ ហើយផ្អែកលើរបាយការណ៍នេះ រដ្ឋាភិបាលកម្ពុជានឹងធ្វើការសម្រេចលើទីតាំងសាងសង់ និងទ្រង់ទ្រាយរបស់ស្ពានជាដើម។ ប្រជាជនកូរ៉េជាច្រើនមានក្តីសោមស្សរីករាយយ៉ាងខ្លាំង ដែលគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គក្នុងទីក្រុងភ្នំពេញនេះ ទទួលបាននូវចំណាប់អារម្មណ៍ និងមានការចូលរួមពីរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ជឿជាក់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងមិនត្រឹមតែចូលរួមចំណែកជួយសម្រួលចរាចរណ៍នៅកណ្តាលរាជធានីភ្នំពេញ ក្នុងរយៈពេល១០០ឆ្នាំខាងមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនឹងក្លាយជាកន្លែងទាក់ទាញទេសចរណ៍ក្នុងរាជធានីភ្នំពេញផងដែរ។ ជាពិសេស ប្រសិនបើស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ត្រូវបានសាងសង់ជាស្ពានខ្សែកាបដ៏ស្រស់ស្អាតនោះ ប្រជាជនកូរ៉េដែលកំពុងរស់នៅ ក្នុងប្រទេសកម្ពុជាទាំងអស់ នឹងប្តេជ្ញាធ្វើដំណើរមកកាន់រាជធានីភ្នំពេញម្តងទៀត ដើម្បីទស្សនាទិដ្ឋភាពស្ពាន ដែលត្រូវបានសាងសង់រួចរាល់ជាក់ជាពុំខាន។ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងចូលរួមធ្វើឱ្យប្រសើរឡើង នូវលំហូរចរាចរណ៍ក្នុងទីក្រុងភ្នំពេញ និងមានមុខងារជាក់ស្តែងជា Landmark សម្រាប់វិស័យទេសចរណ៍រាជធានីភ្នំពេញ ហើយថែមទាំងក្លាយទៅជានិមិត្តរូបនៃការបន្ត និងពង្រឹងចំណងមិត្តភាពរវាងកូរ៉េ និងប្រជាជនកម្ពុជាផងដែរ។

ជុំវិញការប្រកាសជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការអបអរសាទរ ចំពោះសមិទ្ធផលស្ពានថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋរាជធានីភ្នំពេញ។ សម្តេច ក៏បានថ្លែងនូវការអរគុណចំពោះរដ្ឋាភិបាលកូរ៉េ ដែលបានសម្រេចជួយសាងសង់ស្ពាន១ខ្សែ ឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ ដែលនឹងជួយឲ្យតំបន់នោះ ក្លាយជាទីក្រុងរណបនៅពេលខាងមុខ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner