សម្តេចតេជោ ៖ យើងកំពុងរង់ចាំការសម្រេចដេញថ្លៃពីធនាគារពិភពលោក, មិនមែនយើងមិនចង់ធ្វើផ្លូវជាតិលេខ៤ ទេ តែផ្លូវនេះ ជាការសាងសង់ពីអាមេរិក
កោះកុង៖ ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីអូរជ្រៅ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា មិនមែនកម្ពុជា មិនចង់ធ្វើផ្លូវជាតិលេខ ៤ទេ តែផ្លូវនេះ ជាការសាងសង់ពីសហរដ្ឋអាមេរិក ពេលនេះ កម្ពុជា កំពុងរង់ចាំ ការសម្រេចដេញថ្លៃ ពីធនាគារពិភពលោក ក្នុងការសាងសង់ផ្លូវមួយនេះ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ដូច្នេះថា មិនមែនយើងមិនចង់ធ្វើផ្លូវជាតិលេខ ៤ ទេ តែផ្លូវនេះ ជាការសាងសង់ពីអាមេរិក ដល់អញ្ជឹងទៅយើងមិនដឹងរកអ្នកណាមកជួយ លើអាមេរិកហ្នឹងទៀត អញ្ជឹងចេះតែរងចាំរងចាំទៅ ពេលនេះ មានធនាគារពិភពលោក បានចុះហត្ថលេខាជួយ តែគ្រាន់តែដេញថ្លៃ ពី១ ទៅ២ ឆ្នាំ ប្រហែលជាឆ្នាំ២០២២ដេញថ្លៃរួចហើយ ពេលខ្លះពិបាកដែរ តែធ្វើយ៉ាងមិច បើវាអញ្ចឹងទៅហើយ អញ្ចឹងបានខ្ញុំទៅអានសន្ទរកថា នៅអង្គការសហប្រជាជាតិត្រង់ៗថា ជំនួយពីបរទេសមក កម្ពុជាបានតែ ២០ ភាគរយទេ ៨០ ភាគរយទៀង គេយកទៅវិញអស់។ មិនមែន រិះគន់ធនាគារពិភពលោកទេ តែពេលខ្លះថា រកលុយខ្លួនឯងធ្វើខ្លួនឯងឱ្យបានស្រូត ដូចជានៅកំពង់សោម និង សៀមរាប។ តែយ៉ាងណាក៏ដោយ មកយឺត ប្រសើងជាងអត់បាន៕ ដោយ វណ្ណលុក








