សម្តេចតេជោ និងឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា អញ្ជើញបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដើម្បីតភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវជាតិលេខ៤៨ ធ្លាប់បានសម្ពោធដាក់ឱ្យប្រើប្រាស់រួចម្តងមកហើយកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០០៨។ កាលនោះផ្លូវនេះ ត្រូវបានស្ថាបនាដោយក្រាលកៅស៊ូពីរស្រទាប់ (DBST) មាន ២គន្លង ប្រវែងសរុប ១៥០គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុនថៃ ក្រោមប្រាក់កម្ចីពីរដ្ឋាភិបាលថៃ។ ក្នុងនោះ រាជរដ្ឋាភិបាលថៃ ក៏បានផ្តល់ជំនួយឥតសំណងសាងសង់ស្ពានចំនួន៤កន្លែងផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបន្តថា បច្ចុប្បន្នកំណើនយានយន្តធ្វើដំណើរឆ្លងកាត់ផ្លូវនេះច្រើន ពោលមានសរុបប្រមាណ ៣,៣៣៩គ្រឿង ក្នុង១ថ្ងៃរួមមាន៖ យានយន្តប្រមាណ ១,៩៦២គ្រឿង និងទោចក្រយានយន្តប្រមាណ ១,៣៧៧គ្រឿង។ បន្ថែមពីលើនោះគួបផ្សំជាមួយកំណើនសេដ្ឋកិច្ច ការកើនឡើងនៃសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៅតាមតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា ទើបតម្រូវឱ្យផ្លូវជាតិលេខ៤៨នេះ ត្រូវស្ថាបនាលើកកម្រិតគុណភាពឡើងវិញ ដោយក្រាលបេតុងកៅស៊ូ(AC) អ៊ុតកម្រាស់ ៧សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក កម្រាស់ ២៥សង់ទីម៉ែត្រ (ត្រង់ផ្លូវប្រសព្វ) ពង្រីកផ្លូវជា ៤គន្លង ចំនួន ២៥.១គីឡូម៉ែត្រ សាងសង់ស្ពានថ្មីចំនួន ០៤កន្លែង មានប្រវែងសរុប ១១៣ម៉ែត្រ និងដាក់លូមូលបេតុង ១៤០កន្លែង(ថ្មី ១៥កន្លែង និងពង្រីក ១២៥កន្លែង) និងលូប្រអប់ ១៥កន្លែង (ថ្មី ៣កន្លែង និងពង្រីក ១២កន្លែង) រួមទាំងការងារបំពាក់បរិក្ខារសុវត្ថិភាពផ្លូវថ្នល់ និងបរិក្ខារចរាចរណ៍។

គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងនេះ រួមមាន៖ ផ្លូវ២គន្លង មានប្រវែង ១២២.៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង ២៥.១គីឡូម៉ែត្រ ទទឹងចាប់ពី ១៨.៥ម៉ែត្រ ដល់ ២១.៥ម៉ែត្រ។ ផ្លូវនេះ មានចំណុចប្រសព្វចំនួន ៥កន្លែង ដែលនឹងត្រូវធ្វើការកែសម្រួល រួមមាន៖ ចំណុចប្រសព្វចំការហ្លួង, ចំណុចប្រសព្វស្រែអំបិល, ចំណុចប្រសព្វផ្លូវបំបែកចូលទៅគិរីសាគរ, ចំណុចប្រសព្វផ្លូវបំបែកចូលទៅទំនប់វារីអគ្គិសនី, និងចំណុចប្រសព្វផ្លូវបំបែកចូលទៅព្រលានយន្តហោះខេត្តកោះកុង។

គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣២ខែ គ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ប្រើប្រាស់ថវិកាសរុបប្រមាណ ៦៥.១៤លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ។ ផ្លូវជាតិលេខ៤៨នេះ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយរបស់ប៉ូលសេដ្ឋកិច្ចទី២ ដែលរួមមាន៖ ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង ដែលជាតំបន់ឧស្សាហកម្ម ទេសចរណ៍ធម្មជាតិ និងតំបន់មាត់សមុទ្រ។

ខ្សែផ្លូវនេះ តភ្ជាប់ជាមួយផ្លូវជាតិលេខ១០ ដែលកំពុងដំណើរការសាងសង់ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា ហើយផ្លូវនេះនឹងត្រូវបានចាត់ទុកថា ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ។

ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានមានប្រសាសន៍ថា ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ក្នុងខេត្តកោះកុង គឺជាផ្លូវដែលតភ្ជាប់តំបន់ភាគខាងលិចនៃកម្ពុជា និងជាកំណាត់ផ្លូវហាយវៃអាស៊ានលេខ១២៣ ដែលតភ្ជាប់រហូតដល់វៀតណាម និងថៃ ដែលជាផ្លូវដ៏សំខាន់ និងមានអត្ថន័យយ៉ាងខ្លាំងក្នុងការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ និងវិស័យដឹកជញ្ជូនរបស់កម្ពុជា ក៏ដូចជាការតភ្ជាប់តំបន់អាស៊ីអាគ្នេយ៍ផងដែរ។

ឯកឧត្តម បន្តថា ទំនងរវាងប្រទេសកូរ៉េ និងកម្ពុជា បាននិងកំពុងរីកចម្រើនគួរឲ្យកត់សម្គាល់ បន្ទាប់ពីបានកសាងទំនាក់ទំនងការទូតឡើងវិញក្នុងឆ្នាំ១៩៩៧ កន្លងមក ក្រុមហ៊ុនពាណិជ្ជកម្មរវាងប្រទេសទាំង២ បានកើនឡើងរហូតដល់១,០៣ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩ គឺកើនឡើង ១៩ដងធៀបនឹងឆ្នាំ១៩៩៧ ដែលក្រុមហ៊ុនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានទឹកប្រើជំនួញ ៥៤លានដុល្លារ ចំនួនទឹកប្រាក់វិនិយោគសរុបរបស់ខ្លួននៅកម្ពុជាចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៩ មាន ៤,៤ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់លេខ២ ហើយកាលពីខែតុលាឆ្នាំ២០២១ កូរ៉េនិងកម្ពុជា បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយយើងកំពុងថា ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ នឹងកើនឡើងនៅថ្ងៃខាងមុខ ។

ឯកឧត្តម ទូតកូរ៉េ បានប្រកាសថា ក្នុងពិធីបើកការដ្ឋានជួសជុលកែលម្អផ្លូវជាតិលេខ២ និងលេខ២២ សម្ដេចតេជោ ហ៊ុន សែន បានស្នើដោយបើកចំហអំពីការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលឆ្លងកាត់ទន្លេមេគង្គពីទីក្រុងភ្នំពេញ ហើយក្រុមហ៊ុនកូរ៉េមួយ បានធ្វើការសិក្សាពីលទ្ធភាពក្នុងការសាងសង់ និងបានបញ្ចេញរបាយការណ៍លទ្ធផលជូនរាជរដ្ឋាភិបាលកម្ពុជា ហើយផ្អែកលើរបាយការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងសម្រេចលើទីតាំងសាងសង់ និងទ្រង់ទ្រាយរបស់ស្ពានជាដើម។ ស្ពានទន្លេមេគង្គក្នុងទីក្រុងភ្នំពេញនេះ ទទួលបាននូវចំណាប់អារម្មណ៍ និងមានការចូលរួមពីរាជរដ្ឋាភិបាលកម្ពុជា ដោយឯកឧត្តម ជឿជាក់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងចូលរួមចំណែកជួយសម្រួលចរាចរណ៍នៅកណ្ដាលរាជធានីភ្នំពេញ ក្នុងរយៈពេល ១០០ឆ្នាំខាងមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនឹងក្លាយជាកន្លែងទាក់ទាញទេសចរណ៍ក្នុងរាជធានីភ្នំពេញផងដែរ។ ប្រសិនបើស្ពានមិត្តភាពកម្ពុជា-កូរ៉េ ត្រូវបានសាងសង់ជាស្ពានខ្សែកាបដ៏ស្រស់ស្អាត នោះប្រជាជនកូរ៉េ ដែលកំពុងរស់នៅប្រទេសកម្ពុជាទាំងអស់ ហ្នឹងធ្វើដំណើរទស្សនាមករាជធានីភ្នំពេញម្ដងទៀត ដើម្បីទស្សនាទិដ្ឋភាពស្ពានដែលត្រូវបានសាងសង់រួចរាល់ ក្នុងនេះស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងចូលរួមធ្វើឲ្យប្រសើរឡើងដោយលំហូរចរាចរណ៍ក្នុងទីក្រុងភ្នំពេញ និងមានមុខងារសម្រាប់វិស័យទេសចរណ៍រាជធានីភ្នំពេញ ហើយថែមទាំងក្លាយទៅជានិមិត្តរូប នៃការទំនាក់ទំនង នឹងពង្រឹងចំណងមិត្តភាពរវាងប្រជាជនកូរ៉េ និងប្រជាជនកម្ពុជាផងដែរ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានប្រកាសថា កម្ពុជា និងកូរ៉េ ឆ្ពោះទៅមុខជាមួយគ្នា ។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានជួយកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសការបើកការដ្ឋានសាងសង់ និងលើកម្រិតគុណភាពផ្លូវជាតិលេខ៤៨នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន មានប្រសាសន៍ថា នៅពេលខាងមុខខេត្តកោះកុង នឹងមានតំបន់សេដ្ឋកិច្ចច្រើនជាងខេត្តដទៃ ដោយមិនចាញ់ខេត្តព្រះសីហនុប៉ុន្មាននោះទេ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការសាងសង់ផ្លូវជាតិលេខ៤៨នេះ យើងត្រូវរង់ចាំពេលសាងសង់យឺតបន្តិច ព្រោះត្រូវស្វះស្វែងរកថវិកាមកសាងសង់ តែទោះជាយ៉ាងណាការសាងសង់យឺត វាប្រសើរជាងមិនបានសាងសង់។ សម្តេចតេជោបានថ្លែងថា អតីតកាលរបស់កម្ពុជា ការតភ្ជាប់រវាងខេត្តព្រះសីហនុ និងកោះកុង គឺត្រូវធ្វើដំណើរតាមកាណូតប្រកបដោយភាពគ្រោះថ្នាក់។ តែដោយសារតែដំណើរវិវត្តរបស់ប្រទេសជាតិ និងភាពរីកចម្រើនឥតឈប់ឈរ យើងបានតភ្ជាប់យ៉ាងងាយស្រួលពីកោះកុងមកខេត្តព្រះសីហនុ។ សម្តេចតេជោបានបង្ហាញនូវមោទនភាពចំពោះកិច្ចប្រឹងប្រែងរបស់សម្តេច និងសហការី ក្នុងការកសាង និងអភិវឌ្ឍន៍ខេត្តកោះកុងពីស្ថានភាពដ៏លំបាកមកមានការអភិវឌ្ឍរីកចម្រើន។ សម្តេចតេជោបានថ្លែងថា សុខសន្តិភាព គឺជាកត្តាដ៏សំខាន់នាំឱ្យសម្តេចបានកសាង និងអភិវឌ្ឍន៍ខេត្តនេះជាបន្តបន្ទាប់ទៀត។ ផ្លូវជាតិលេខ៤៨ ជារបៀងមាត់សមុទ្រ ដែលមិនត្រឹមបម្រើនៅក្នុងស្រុកទេ តែក៏បម្រើដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ថៃ និងវៀតណាមផងដែរ ខណៈបច្ចុប្បន្នកំពុងក្លាយជាប៉ូលទេសចរណ៍ដ៏មានសក្តានុពលផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានសម្រេចជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេ តភ្ជាប់ពីភ្នំពេញ ទៅកាន់អរិយក្សត្រនាពេលខាងមុខ។ ហើយតាមរយៈការទទួលបានស្ពាននេះ នឹងធ្វើការតភ្ជាប់រវាងទីក្រុងភ្នំពេញទៅកាន់តំបន់អរិយក្សត្រកាន់តែខិតជិតគ្នា ហើយតំបន់អរិយក្សត្រនឹងក្លាយជាទីក្រុងរណបផងដែរនាពេលខាងមុខ។

ក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍បុណ្យឆ្លងឆ្នាំសកលកន្លងទៅថ្មីៗនេះ គឺជាការសាកល្បងដ៏ធំមួយរបស់កម្ពុជា ចំពោះស្ថានភាពជំងឺកូវីដ-១៩ ដែលមិនមានអ្នកឆ្លងកូវដ-១៩ច្រើន តែទោះជាយ៉ាងណាក៏ដោយក៏យើងត្រូវរងចាំមើលស្ថានភាពជំងឺកូវីដ-១៩ ក្រោយបុណ្យឆ្លងឆ្នាំសកលជាបន្តទៀត។ សម្តេចតេជោបានលើកឡើងថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំនេះ មានប្រជាពលរដ្ឋខ្មែរជាច្រើនកម្សាន្តនៅក្នុងស្រុក ហើយមិនបានចេញទៅក្រៅស្រុកនោះទេ ដែលជាការរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ។ សម្តេចមានមោទនភាពចំពោះប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមអនុវត្តន៍វិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សម្តេចតេជោបានណែនាំឱ្យក្រសួងសុខាភិបាលពិនិត្យឡើងចំពោះប្រជាពលរដ្ឋជាង ៧ម៉ឺននាក់ ដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងនាពេលកន្លងមក

ព្រោះហេតុផលបញ្ហាសុខភាព ក៏ប៉ុន្តែពេលនេះប្រជាពលរដ្ឋទាំងអស់ទោះគឺអាចចាក់វ៉ាក់សាំងបាន មិនមានបញ្ហាអ្វីនោះទេ ដូច្នេះត្រូវបន្តចាក់វ៉ាក់សាំងឲ្យពួកគាត់។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងក្រោមជាតិ ឱ្យបញ្ឈប់គម្រោងនានាជាមួយក្រុមហ៊ុន លី ឈួង ដែលជាក្រុមហ៊ុនទទួលការសាងសង់សំណង់នៅផ្លូវផ្សេងៗ ដែលមានការសាងសង់ហើយទើបទូទាត់ប្រាក់ជាមុន ហើយបំណុលដែលមានត្រូវសងក្នុងរយៈពេល២០ឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងរបស់រដ្ឋ ដែលភាគច្រើនរបស់ខេត្ត ជាមួយក្រុមហ៊ុន លី ឈួង គឺជាទង្វើពុករលួយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានព្រមានដកតំណែងអភិបាលខេត្តរូបណា ដែលបន្តធ្វើគម្រោងនានាជាក្រុមហ៊ុន លី ឈួង។សម្តេចតេជោគ្រោងធ្វើសវនកម្មលើគម្រោងនានារបស់ខេត្ត ជាមួយក្រុមហ៊ុនសាងសង់ លី ឈួង បើរកឃើញមិនប្រក្រតីនៅខេត្តណាមួយ អភិបាលខេត្តអាចនឹងមានបញ្ហា។

ក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល២០២២នេះសម្តេចតេជោ ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នាជាពិសេសចៀសផុតពីជំងឺកូវីដ-១៩។ ចុងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម ឯកអគ្គរាជទូតកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញបញ្ជាគ្រឿងចក្រជាមិត្តរូបបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៤៨ចាប់ពីពេលនេះតទៅ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner