ប៉ូលិសបញ្ជូនខ្លួនមេដឹកនាំបាតុកម្មខុសច្បាប់នៅមុខក្រុមហ៊ុន ណាហ្គាវើលដ៍ ទៅតុលាការ
ភ្នំពេញ ៖ សមត្ថកិច្ចបានបញ្ជូនខ្លួនអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ដែលជាមេដឹកនាំបាតុកម្មខុសច្បាប់ ចំនួន ៦ ទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ ដើម្បីឱ្យព្រះរាជអាជ្ញា និងចៅក្រមធ្វើការសាកសួរតាមនីតិវិធី។ មេដឹកនាំបាតុកម្មខុសច្បាប់ទាំង៦នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីពួកគេបានដឹកនាំបាតុកម្មខុសច្បាប់ និងបានបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។
អ្នកទាំង៦ រួមមាន ៖ ១. អ្នកស្រី ឈឹម សុខន អគ្គលេខាធិការសហជីព ២. អ្នកស្រី ឃ្លាំង សុបិន្ត អីប្រឹក្សាជាន់ខ្ពស់ ហិរញ្ញិកសហជីព( អ្នកកាន់លុយចំណាយ សហជីព) ៣. អ្នកស្រី ហៃ សុភាព (តំណាងក្រុមអ្នកចរចា) ៤.កញ្ញា សុន ស្រីពេជ្រ (តំណាងក្រុមអ្នកចរចា) ៥. អ្នកស្រី រី សុវណ្ណឌី ( តំណាងក្រុមអ្នកចរចា) និង៦.អ្នកស្រី ទូច ស្រីមាស ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ បញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។ អ្នកទាំង៦នាក់ ត្រូវបានឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១។
ចំណែកមនុស្ស៣នាក់ទៀត រួមមានៈ ១. ឈ្មោះ រិន ផល្លា ២. ឈ្មោះ អេង ស្រីបូ និងទី៣.ឈ្មោះ ស៊ុន ស្រីមុំ សមត្ថកិច្ចបានធ្វើការអប់រំណែនាំឱ្យត្រឡប់ទៅផ្ទះវិញ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានមានប្រសាសន៍បញ្ជាក់ប្រាប់ AMS នៅព្រឹកថ្ងៃទី៣ខែមករានេះថា កាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចបានចាប់ខ្លួនមេដឹកនាំបាតុកម្មខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលសរុបចំនួន ៩នាក់ ដោយក្នុងនោះមនុស្សចំនួន៦នាក់ ត្រូវបានបញ្ជូនទៅតុលាការ និងមនុស្សចំនួន៣នាក់បានធ្វើការអប់រំ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីវេលាម៉ោង ១៩.០០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលបានធ្វើការចាប់ឃាត់ខ្លួនបុគ្គលចំនួន០៩រូប ពីបទបានរៀបចំបាតុកម្ម ដោយខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើល ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា មុននឹងអនុវត្តវិធានការច្បាប់ ចាប់ឃាត់ខ្លួនមេដឹកនាំបាតុកម្មទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវច្រើនលើកច្រើនសាឱ្យពួកគេបញ្ឈប់សកម្មភាពតវ៉ាដោយខុសច្បាប់សំដៅធ្វើយ៉ាងណារក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប៉ុន្តែពួកមេដឹកនាំបាតុកម្មមិនស្ដាប់តាមការអំពាវនាវរបស់អាជ្ញាធរហើយបន្តអូសបន្លាយបាតុកម្មអស់រយៈពេល១៣ថ្ងៃមកហើយ។
ការចាប់ឃាត់ខ្លួនបុគ្គលចំនួន០៩រូបនេះ គឺអនុលោមទៅតាមមាត្រា១៩៤ និងមាត្រា១៩៥ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងអនុវត្ត នីតិវិធីទៅតាមវិធានការច្បាប់។
សូមជម្រាបថា អតីតបុគ្គលិកក្រុមណាហ្គាវើលដ៍ បានប្រកាន់ជំហររបស់ខ្លួនបន្តការតវ៉ារហូតមានដំណោះស្រាយពីក្រុមហ៊ុនក្រោយពីការចរចាជាច្រើនលើកជាមួយភាគីក្រុមហ៊ុន។ ពួកគេធ្វើកូដកម្មចំនួន១៣ថ្ងៃជាប់ៗគ្នា ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ទាមទារលក្ខខណ្ឌចំនួន៩ចំណុចទាមទាឱ្យក្រុមហ៊ុន គោរពសិទ្ធិកម្មករ និងច្បាប់ការងារនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះមានការទាមទារឱ្យក្រុមហ៊ុនទទួលយកថ្នាក់ដឹកនាំសហជីព និងកម្មករនិយោជិត សរុបចំនួន៣៦៥នាក់ ដែលមិនព្រមទទួលយកសំណងបញ្ចប់កិច្ចសន្យាការងារ ចូលបម្រើការងារនៅកន្លែងដើមវិញ រួមទាំងផ្ដល់ប្រាក់រំលឹកផ្សេងៗ គិតតាំងពីថ្ងៃបញ្ឈប់ រហូតមកដល់ ថ្ងៃចូលធ្វើការវិញជាដើម។ រហូតមកដល់ពេលនេះមិនទាន់ដំណោះស្រាយណាមួយនោះឡើយ៕
ដោយៈពលជ័យ