អ្នកវិនិយោគខ្នាតតូច និងមធ្យមជប៉ុនកំពុងសិក្សាបរិយាកាសវិនិយោគនៅកម្ពុជា
អ្នកវិនិយោគខ្នាតតូច និងមធ្យមជប៉ុនជាច្រើននាក់ដឹកនាំដោយលោកTakahashi Fumiakiប្រធានសមាគម ជប៉ុន កម្ពុជា បាននឹងកំពុងសិក្សាបរិយាកាសវិនិយោគនៅកម្ពុជា។

ក្នុងជំនួបជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី១១ធ្នូ ឆ្នាំ២០១៩ ដែលធ្វើឡើងនៅទីស្តីការក្រសួង លោកTakahashi Fumiaki បានជំរាបជូនសម្តេចក្រឡាហោមថា សមាគម ជប៉ុន កម្ពុជា បាននាំអ្នកវិនិយោគខ្នាតតូចនិងមធ្យមជប៉ុនដែលមានទំហំទឹកប្រាក់៣លានដុល្លាចុះ មកទស្សនកិច្ចសិក្សាបរិយាកាសវិនិយោគនៅកម្ពុជា ។លោកជំរាបជូនទៀតថា អ្នកវិនិយោគទន់ជប៉ុននេះ ក៏ចង់ទំនាក់ទំនងចាប់ដៃគូរ ជាមួយអ្នកវិនិយោគ វ័យក្មេងកម្ពុជាក្នុងដំណើរការធ្វើវិនិយោគនៅកម្ពុជាផងដែរ។ក្នុងឪកាសនោះសម្តេចក្រឡាហោមបានស្វាគមន៍ដោយក្តីរីករាយចំពោះបំណងវិនិយោគនៅកម្ពុជារបស់អ្នកវិនិយោគទន់ ជប៉ុន។

សម្ដេចបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាចង់ឃើញការវិនិយោគខ្នាតតូច និងមធ្យមកើតមាននៅតាមមូលដ្ឋានក្នុងប្រទេសកម្ពុជាឲ្យបានច្រើនថែមទៀត ដើម្បី បង្កលក្ខណៈងាយស្រួលដល់ប្រជាជនកម្ពុជា ក្នុងការស្វែងរកការងារធ្វើ និងងាយស្រួលក្នុងការស្រូបយកជំនាញផ្សេងៗ។ សម្ដេច ស ខេង ចាត់ទុក ដំណើរទស្សនៈកិច្ចសិក្សាស្វែងយល់បរិយាកាសវិនិយោគនៅកម្ពុជា ពីសំណាក់ប្រតិភូវិនយោគ ជប៉ុននេះ កាន់តែធ្វើឲ្យកិច្ចប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា ជប៉ុន ត្រូវបានពង្រឹងពង្រីកថែមទៀត ពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។

ក្នុងជំនួបនោះសម្ដេចក្រឡាហោមក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលតែងតែផ្ដល់ជំនួយដល់ប្រទេសកម្ពុជា ។ សម្តេចបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តបន្ត ពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ឲ្យកាន់តែល្អថែមទៀត៕ធ.ដ



