ខ្វះការប្រុងប្រយ័ត្ន បើកឡានឆ្លងដរ ជ្រុលចង្កូតបុកអ្នករត់ទូកដរ ធ្លាក់ទឹក ទាំងមនុស្ស ទាំងឡាន ស្លាប់ម្នាក់រងរបួស៣នាក់

អត្ថបទដោយ៖
Kien Sereyvuth

កណ្តាល៖ ដូចជាញឹកញាប់ដែរហើយ ករណីបើករថយន្តឆ្លងដរ ជ្រុលចង្កូតធ្លាក់ទឹក និងពេលឆ្លងដរ អ្នកបើករថយន្តមិនគោរពតាមបំរាម ការណែនាំរបស់ម្ចាស់អាជីវកម្មទូកដរ ជាពិសេសកន្លែងទូកផ្លូវតូចចង្អៀត មានចំណោទចោទ ពិបាកឆ្លងនោះ។ ជាក់ស្តែងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩វេលាម៉ោង២០និង១០នាទី នៅចំណុចកំពង់ចម្លងផ្សារស្អាងព្រែកតូច ស្ថិតក្នុងភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល មានករណីបើករថយន្ត ឆ្លងដរ
បណ្ដាលឲ្យស្លាប់អ្នកជិះក្នុងរថយន្ត០១នាក់ស្រី រងរបួស០៣នាក់ ដោយសារថយន្តប៉ះកម្មករបើកទូកបុកធ្លាក់ទាំងមនុស្ស ទាំងរថយន្ត។

នគរបាលស្រុកស្អាងបានឲ្យដឹងថា មុនពេលកើតហេតុ មានឈ្មោះ ម៉ា ពន្លក ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមន្ត្រីរាជកាក្រសួងផ្នែកហិរញ្ញវត្ថុ មានទីលំនៅភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល បានបើករថយន្តម៉ាក តូយូតាហៃយ៉ាស់ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AJ-9542 ដឹកមនុស្សចំនួន០៧ ទៅ០៨នាក់ បានបើករថយន្តធ្វើដំណើចេញពីព្រះវិហ៊ាចិននៅភូមិបារ៉ែនក្រោម មកឆ្លងទូកដរផ្សារស្អាងព្រែកតូច គោលបំណងត្រឡប់ទៅផ្ទះនៅក្រុងតាខ្មៅវិញតាមផ្លូវជាតិលេខ២១ ។

លុះពេលមកដល់កំពង់ចម្លងអ្នកបើករថយន្តបានឈប់រងចាំទូកដរ អ្នកដំណើរមួយចំនួនបានចុះពីរថយន្ត(តាមបំរាម និងការណែនាំរបស់ម្ចាស់ទូកដរ) ដោយឡែកមានអ្នកដំណើរម្នាក់ឈ្មោះ កិច ទៀង ភេទស្រី អាយុ៧១ឆ្នាំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល និងឈ្មោះពៀ អៀម ភេទស្រី អាយុ៧០ឆ្នាំ នៅភូមិព្រែកសំរោង សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល មិនបានចុះពីក្នុងរថយន្តតាមបំរាមនិងការណែនាំរបស់ម្ចាស់ទូកដរ ពេលដែលរថយន្តបើកចុះផែឡើងទូកដរក៏ជាន់ក្រែជ្រុលទៅប៉ះកម្មករបើកទូកដរដែលកំពុងស៊ីញ៉ូរថយន្តចុះទូកមាន ឈ្មោះអឿន វីន ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរ បើកទូកដរ មានទីលំនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល (បណ្ដាលអោយរងរបួស) ហើយធ្លាក់ទឹក ទាំងរថយន្តទាំងអ្នកបើកទូកតែម្ដង ។

ភ្លាមៗនោះម្ចាស់ទូកដរ និងអ្នកស្រុកបាននាំគ្នាមុជទឹកចុះជួយសង្គ្រោះបានមនុស្ស០២នាក់ យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្អាង រួចបញ្ជូនទៅសង្គ្រោះនៅភ្នំពេញបន្តរទៀត ចំណែកឈ្មោះ កិច ទៀង ទម្រាំតែសង្គ្រោះបាន គាត់បានឈ្លួកទឹកដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ។ បច្ចុប្បន្នសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តកំពុងតែអូសយកទៅរក្សាទុកនៅអធិការដ្ឋាន ជាបណ្ដោះអាសន្នសិន៕ធ.ដ

ចាន់ ថ្លា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner