សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ បន្ទាប់ពីពួកគេបានបិទបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រជូននិស្សិត CUS នៅព្រឹកថ្ងៃនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោក ស្តើង សុខុម ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានឱ្យដឹងថា និស្សិតដែលទទួលសញ្ញាបត្រមានចំនួនសរុប ៦,៧៦២នាក់ ក្នុងនោះនារី ២,៧៦១នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ មានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត។

និស្សិតទាំងអស់ បានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៧-២០១៨ និង ឆ្នាំសិក្សា២០១៨-២០១៩ កន្លងមកនេះ នៅតាមទីតាំងសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ និងសាខាតាមខេត្តទាំង៦ រួមមាន ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង ខេត្តកំពត។ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា គឺជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅកម្ពុជា និងទទួលបានជោគជ័យខ្ពស់លើការបណ្តុះបណ្តាលធនធានបង្កើតនូវ ថាមពលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ដើម្បីបំពេញតម្រូវការកំណើននិស្សិតដែលកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ សាកលវិទ្យាបានពង្រីកសាខាកាន់តែច្រើនទាំងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។

បច្ចុប្បន្នសាកលវិទ្យាល័យឯកទេស នៃកម្ពុជា មានពីរទីតាំងនៅក្នុងរាជធានីភ្នំពេញ និង៦សាខាតាមខេត្ត រួមមាន៖ ខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងកំពត។ សាកលវិទ្យាល័យមាន ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និងសាស្រ្តាចារ្យ ចំនួន ១,២០៥នាក់ ក្នុងនោះនារី ១៩៨នាក់។ សាកលវិទ្យាល័យបាននឹងកំពុងបណ្តុះបណ្តាលលើ ៥មហាវិទ្យាល័យរួមមាន៖ មហាវិទ្យាល័យសិល្បៈមនុស្សសាស្ត្រ និងភាសា, មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនិងសេដ្ឋកិច្ច, មហាវិទ្យាល័យ វិស្វកម្ម, និង មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ ។

ជាមួយការកោតសរសើរចំពោះវឌ្ឍនភាពនៃសកលវិទ្យាល័យឯកទេសនៃកម្ពុជា និងការកោតសរសើរនិងស្វាគមន៍ចំពោះជ័យលាភីដែលទទួលបានសញ្ញាបត្រនិងជំរុញចំពោះជ័យលាភីដែលទទួលបានសញ្ញាបត្រនិងជំរុញ ខិតខំបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ សម្ដេចតេជោក៏បានយកឱកាសនេះដើម្បីលើកនូវចំណុចមួយចំនួនដើម្បី ផ្ដាំផ្ញើទៅដល់កីឡាករកីឡាការិនីរបស់យើងដែលបានទទួលប្រកបដោយជោគជ័យនៅស៊ីហ្គេមលើកទី៣០ និងត្រូវបញ្ចប់នៅថ្ងៃនេះ ហើយដែលលើកនេះអាចចាត់ទុកថា ជារយៈពេលដែលយើងទទួលបានមេដាយច្រើនបំផុតរហូតទៅដល់ ៤៩ គ្រឿង ទាំងមាសទាំងប្រាក់ ទាំងសំរឹទ្ធ។

សម្ដេចបញ្ជាក់ថានេះ ជាប្រវត្តិសាស្ត្រហើយដែលកម្ពុជាបានឆ្លងចូលមកពាក់កណ្ដាលផ្ដាច់ព្រ័ត្រនិងផ្ដាច់ព្រ័ត្រ ។
ជាមួយនេះសម្ដេចនៅតែលើកទឹកចិត្ត
ហើយសង្ឃឹមថាវិស័យកីឡារបស់យើងនឹងក្លាយជាចលនាជាតិមួយដ៏ធំ ដើម្បីសុខភាពរបស់ប្រជាជន
ហើយការលេងកីឡាគឺជាបញ្ហាសុខភាពរបស់ប្រជាជន។ សម្តេចថាយើងនៅសល់មួយស៊ីហ្គេមទៀតដែលនៅវៀតណាម ឆ្នាំ២០២១ ហើយពេលនោះសមត្ថភាពកីឡារបស់យើងនឹងកើនឡើងថែមទៀត បន្ទាប់ទៅដល់ឆ្នាំ ២០២៣ យើងធ្វើម្ចាស់ផ្ទះម្ដង ហើយសម្តេចសង្ឃឹមថាឆ្នាំ ២០២៣ សម្តេច អត់ទៅណាទេ។ ២០២៣ ធ្វើខែ៥ ខែ៧ បានបោះឆ្នោត អញ្ចឹងទេវត្តមានហ៊ុនសែនត្រូវនៅទីហ្នឹងគឺវាច្បាស់អញ្ចឹងកុំស្អីឯណា ៩វិច្ឆិកាចាប់ហ៊ុនសែនឥឡូវដល់ ៩ធ្នូហើយហ៊ុនសែននៅទីនេះដដែល។ បន្ថែមលើនេះ សម្តេចតេជោបានសុំប្រជាពលរដ្ឋរបស់យើងយោគយល់ចំពោះកែវសុខផេងព្រោះថាកីឡាមានតែឈ្នះនិងចាញ់ប៉ុណ្ណឹង សុំពលរដ្ឋរបស់យើងមេត្តាយោគយល់។ តើទោះជាយ៉ាងណាសម្ដេចថាអារឿងពួកប្រឆាំងផ្កាប់មុខវាតែងតែ
លាបពណ៌គឺជាវប្បធម៌របស់ក្រុមប្រឆាំងផ្កាប់មុខ។

ទីពីរសម្ដេចបានអំពាវនាវដល់ប្រជាកសិករយើងត្រូវបន្តរក្សាទឹកទុកក្នុងអាងត្រពាំងត្រឡាចនឹងកាត់បន្ថយការធ្វើស្រែប្រាំងសម្ដេចបានលើកឡើងថា ការប្រែប្រួលអាកាសធាតុរបស់យើង នៅតំបន់នេះយើងចាត់ទុកថាជាប្រទេសសំណាងជាងគេហើយបើប្រៀបធៀបជាមួយថៃជាមួយវៀតណាមជាមួយឡាវ ប៉ុន្តែយើងប្រៀបធៀបស្ថានភាពទឹកទន្លេមេគង្គកំរិតទាបបែបនេះណាស់ , ស្ថានភាពទឹកទន្លេមេគង្គហក់ខ្ពស់លើសពីម៉ែត្រក្រចេះគឺលើសកំពង់ចាមក៏លើសប៉ុន្តែបែរជាមកខាងក្រោមទឹកទាប ដោយសារទឹកនេះវាត្រូវការបំពេញទៅឲ្យបឹងបួរទាំងឡាយ នៅខេត្តស្ទឹងត្រែង នៅខេត្តក្រចេះ និងខេត្តកំពង់ចាម បានធ្វើឲ្យទឹកនៅទឹកនៅទីក្រុងភ្នំពេញត្រឹមតែ ៩ ម៉ែត្រ ៧០ តែប៉ុណ្ណោះ រួចហើយធ្លាក់ទៅវិញ ពេលយើងអុំទូក គឺទឹកនៅក្រោម ៤ម៉ែត្រដែលជាទឹកមួយទាបពិបាកនឹងអុំ ប៉ុន្តែយើងក៏ជម្នះក្នុងការអុំទូក ។

ឥឡូវនេះទឹកកាន់តែធ្លាក់បើទឹកកាន់តែធ្លាក់សភាពការណ៍នេះវានឹងអាចនាំមកនូវផលប៉ះពាល់ ហើយប៉ះពាល់ដំបូង គឺប្រទេសវៀតណាម, កាលពីឆ្នាំ ២០១៦ វៀតណាមជួបម្ដង ពេលនោះទឹកទន្លេមេគង្គក៏ទាបអញ្ចឹងដែរ ដោយសារតែទឹកទន្លេមេគង្គទាបប ពេលដែលទឹកសមុទ្រជនវាចូលមក, ទឹកសមុទ្រវាហូរចូលមកក្នុងទន្លេក្នុងប្រទេសវៀតណាម ប៉ុន្តែយើងមិនត្រូវភ្លេចខ្លួនថា បើសិនជាទឹកធ្លាក់កាន់តែទាបមិនមែន តែ វៀតណាមទេ ក៏អាចឡើងមកដល់អ្នកលឿងក៏ថាបានដែរ, អាចថាទឹកសមុទ្រចូលមកដល់អ្នកលឿង ឆ្លងដែនពីវៀតណាមចូលមកដល់អ្នកលឿង ព្រោះទឹកវាអត់ស្គាល់ព្រំដែនទេ នេះជាបញ្ហាដែលយើងត្រូវត្រៀមខ្លួនដែរនៅពេលណាដែលស្ថានភាពដូចជាឆ្នាំ២០១៦ ។
អញ្ចឹងដូច្នេះយើងត្រូវត្រៀមដោះស្រាយ
និងអំពាវនាវចំពោះប្រជាពលរដ្ឋ ធ្វើស្រែប្រាំងតែម្ដងបានហើយ ឯលើកទីពីរគួរដាំដំណាំអ្វីផ្សេងដែលប្រើប្រាស់ទឹកតិច។

និងទី៣សម្តេចតេជោបាន អំពាវនាវម៉ាស៊ីនកិនស្រូវ កុំទំលាក់ថ្លៃស្រូវ ពេលប្រជាពលរដ្ឋកំពុងច្រូតកាត់ ធ្វើឱ្យប្រជាពលរដ្ឋេជួបការលំបាក។ សម្តេចតេជោថាត្រូវទិញស្រូវប្រជាពលរដ្ឋដោយតម្លៃសមរម្យ។ សម្ដេចថារដ្ឋបានបញ្ចេញលុយ៥០លានដុល្លា មិនមែនដើម្បីឲ្យទៅច្របាច់កប្រជាជនទេ។
សម្ដេចស្នើឲ្យក្រសួងសេដ្ឋកិច្ច សភាពាណិជ្ជកម្ម កសិកម្ម ត្រូវពិនិត្យលើបញ្ហានេះ មិនមែនឃើញស្រូវប្រជាជនធ្វើបានហើយ ទម្លាក់ថ្លៃទិញនោះទេ។ ជាមួយគ្នាដែរប៉ុន្មានថ្ងៃមុននេះសម្តេចតេជោ ក៏បានចុះហត្តលេខាចេញលុយ១០០ពាន់លានរៀល ស្មើនឹង១០០លានដុល្លា ដើម្បីបង្កើតធនាគារ ដើម្បីគាំទ្រទៅដល់សហគ្រាសធុនតូចនិងមធ្យម។

ថ្លែងពាក់ព័ន្ធទៅដល់ការកែលម្អនិងគាំទ្រដល់មន្ទីរពេទ្យកាល់ម៉ែត្រដែលជាមជ្ឈមណ្ឌលពហុបច្ចេកទេសសម្តេចថា គិតមកដល់ថ្ងៃនេះមានសប្បុរសជន និងថវិការបស់រដ្ឋប្រមាណ ៩៦ លានដុល្លារហើយ ដើម្បីគាំទ្រដល់មន្ទីរពេទ្យនេះ។សម្តេចថាមន្ទីរពេទ្យនេះត្រូវបំពាក់គ្រឿងបរិក្ខារទំនើបៗ និងមានប្រជាពលរដ្ឋចំនួន ៤ប្រភេទដែលនឹងត្រូវទៅព្យាបាលពីមន្ទីរពេទ្យនេះក្នុងនោះមានទី ១គឺជនក្រីក្រទីពីរគឺប្រជាជនដែលមានប័ណ្ណសមធម៌និងប្រជាពលរដ្ឋមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធដែលមានប័ណ្ណបសសដែលត្រូវទៅព្យាបាលនៅមន្ទីរពេទ្យនេះនឹងមិនត្រូវបានបង់ប្រាក់ទេចំណែកទី ៤គឺអ្នកដែលមានលទ្ធភាពដែលត្រូវបង់ប្រាក់។

ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សដែលយើងបានធ្វើ កាលពីថ្ងៃម្សិលមិញនេះសម្ដេចតេជោបានធ្វើការរិះគន់ដល់អ្នកតិចទៀតទាំងឡាយចំពោះបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ប៉ុន្តែទោះជាយ៉ាងណាសម្ដេចបានបញ្ជាក់ថាជាទស្សនវិស័យរបស់យើងគឺថាគ្មានសន្តិភាពគ្មានទេសិទ្ធិមនុស្សហើយសិទ្ធិមនុស្សមិនអាចទៅរស់នៅក្រោមគ្រាប់ផ្លោងបានទេ សិទ្ធិមនុស្សអាចរស់បានមានតែក្នុងប្រទេសដែលមានសន្តិភាពតែប៉ុណ្ណោះ។ បន្ថែមពីលើនេះសម្ដេចក៏បានបញ្ជាក់ផងដែរថាសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំហើយ សម្ដេចសង្ឃឹមថានឹងបន្តរឹងមាំបន្ថែមទៀតនៅពេលខាងមុខ៕ធ.ដ
