ខេត្តកោះកុងទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ក្នុងពិធីមហោស្របបង្ហើរខ្លែងខ្មែរ លើកទី២៣ ឆ្នាំ២០១៩នេះ
កោះកុង៖ ខេត្តកោះកុងទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ក្នុងពិធីមហោស្របបង្ហើរខ្លែងខ្មែរ លើកទី២៣ ឆ្នាំ២០១៩ ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឩត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ តឿន សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រី ឈុន រ៉ាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង រួមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធាន អង្គភាពនានា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើននាក់ផងដែរ ។

ឯកឩត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ តឿន សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ពិធីខាងលើនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ថែរក្សាប្រពៃណីនៃការបង្ហោះខ្លែង ដែលជាផ្នែកមួយ យ៉ាងសំខាន់នៃវប្បធម៌ជាតិ ដែលឋិតនៅជាប់ជានិច្ចក្នុងចិត្តប្រជាពលរដ្ឋ យុវជន យុវនារី ដើម្បីរក្សាបានតទៅមុខ និងដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងពីសំណាក់ប្រធានមន្ទីរវប្បធម៌គ្រប់រាជធានី ខេត្តផងដែរ ពិសេសដើម្បីអបអរសន្តិភាពនៅកម្ពុជា ។

ឯកឩត្តម បានបន្តថា ខ្លែងខ្មែរនាពេលបច្ចុប្បន្នបាន នឹងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងក្លា ដល់គ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ ជារៀងរាល់ឆ្នាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងតែប្រារព្វពិធីបើកមហោស្របបង្ហើរខ្លែងខ្មែរ ក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីជ្រើសរើស យកអ្នកដែលមានទេពកោសល្យក្នុងការធ្វើខ្លែង និងបង្ហើរខ្លែងបានចំនួន២២ លើកមកហើយ ក្នុងនោះលក្ខណៈជាអន្តរជាតិយើងបានរៀបចំមហោស្របបានចំនួន៣លើក គឺឆ្នាំ២០០៤ មានខ្លែងអន្តរជាតិ៥ប្រទេសបានចូលរួម ឆ្នាំ២០០៦ មានខ្លែងអន្តរជាតិ១៧ប្រទេសបានចូលរួម និងឆ្នាំ២០១០ មានខ្លែងអន្តរជាតិ៩ប្រទេសបានចូលរួម នៅលើឆាកអន្តរជាតិវិញ ខ្លែងខ្មែរបានចូលរួមមហោស្រព ចំនួន៦៦លើក ។

ឯកឩត្តម អ៊ុក សុជាតិ បានលើកឡើងទៀតថា លទ្ធផលទាំងនេះទទួលបានជោគជ័យ ដោយសារការយកចិត្តទុកដាក់ និងគាំទ្រពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាពិសេសគឺការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់អំពីប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់អាទិភាពខ្ពស់ ក្នុងការអភិរក្ស និងលើកតម្កើងវប្បធម៌ អរិយធម៌ ហើយចាត់ទុកវិស័យវប្បធម៌ជាគន្លឹះ និងជាប្រភពមិនចេះរីងស្ងួតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយ និរន្តរភាព ។

ជាលទ្ធផលនៃការប្រកួតបង្ហើរខ្លែងខ្មែរ ដែលបានរៀបចំឡើងនាពេលនេះឃើញថា មានខ្លែងខ្មែរដែលត្រូវបានចូលរួមប្រកួតមានចំនួន២៣ខេត្ត/ក្រុង និងខ្លែងស្វ័យរិនមានចំនួន៤៧ខ្លែង ចំពោះខេត្តដែលទទួលបានជ័យលាភីគឹ ខេត្តតាកែវទទួលបានចំណាត់ថ្នាក់លេខ១ ខេត្តកំពង់ឆ្នាំង ទទួលបានជ័យលាភីលេខ២ ចំពោះខេត្តកោះកុង និង មណ្ឌលគិរី ទទួលបានចំណាត់ថ្នាក់លេខ៣ ៕ធ.ដ





