តុលាការ​សម្រេចបើក​ការ​ស៊ើបសួរ​លើ​មេដឹកនាំ​បាតុកម្ម​ខុសច្បាប់ និង​បក្ខពួក​នៅមុខ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​

​ភ្នំពេញ ៖ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បានសម្រេច​បើក​ការ​ស៊ើបសួរ​លើ​អតីត​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍(NAGA World) ដែលជា​មេដឹកនាំ​បាតុកម្ម​ខុសច្បាប់ ចំនួន៩​នាក់ រួមទាំង​បក្ខពួក​ពីបទ “​ញុះញង់​បង្ក​ឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​” តាម​មាត្រា៤៩៤ និង​មាត្រា៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រ​បស់​លោក ​ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២២​។​

​អ្នកនាំពាក្យ​បានបញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ថា កាលពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២២ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានទទួល​ចាត់ការ​លើ​សំណុំរឿង​ដែលមាន​ជនសង្ស័យ​ចំនួន ៩​នាក់ មានដូចជាៈ ១. ឈឹម ស៊ីថរ ២. រី សុវណ្ណ​ឌី ៣. សុន ស្រី​ពេជ្រ ៤. ហៃ សុភាព ៥. ឃ្លាំង សុ​បិ​ន្ត ៦. ទូច សិរី​មាស  ៧. ឈឹម សុខន ៨. សុខ ណារិន និង​៩. សុខ គង្គា ព្រមទាំង​បក្ខពួក​មួយចំនួនទៀត ពាក់ព័ន្ធ​នឹង​អង្គហេតុ​ញុះញង់​បំផុសបំផុល​ក្រុម​អតីត​បុគ្គលិក​របស់​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ ដែល​ត្រូវបាន​បណ្តេញចេញ​ឲ្យ​ធ្វើ​សកម្មភាព​បង្កចលាចល​ដល់​សណ្តាប់​ធ្នាប់​របៀបរៀបរយ​សាធារណៈ និង​អាច​បង្ក​ឲ្យ​មាន​អសន្តិសុខ​ដល់​សង្គម​។

បន្ទាប់ពី​បានធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ និង​ប្រមូល​ភស្តុតាង​រួចមក​អំពើ​ដែល​បាន​ប្រព្រឹត្ត​ខាងលើ​បាន​បំពាន​ច្បាប់​ដូច​មានចែង​ក្នុង​មាត្រា ៤៩៤ និង​មា​ត្រាណ​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ ដោយ​ផ្អែកលើ​អង្គហេតុ និង​អង្គច្បាប់​ខាងលើនេះ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​បើក​ការ​ស៊ើបសួរ​លើ​បុគ្គល​ខាងលើ រួមទាំង​បក្ខពួក​ពីបទ “​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​” តាម​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជាមួយគ្នានេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អតីត​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ ចំនួន​ជាង ១០​នាក់ ដែល​ធ្វើ​ការតវ៉ា​ខុសច្បាប់​នៅ​រសៀល​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២២ នេះ​។​

​គួររំលឹកថា សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​អតីត​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ ដែលជា​មេដឹកនាំ​បាតុកម្ម​ខុសច្បាប់ ចំនួន៦ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២ និង​ថ្ងៃទី​៣ ខែមករា​នេះ ដើម្បី​ឱ្យព្រះរាជអាជ្ញា​ និង​ចៅក្រម​ធ្វើការ​សាកសួរ​តាម​នីតិវិធី​។មេដឹកនាំ​បាតុកម្ម​ខុសច្បាប់​ទាំង៦​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ បន្ទាប់ពី​ពួកគេ​បាន​ដឹកនាំ​បាតុកម្ម​ខុសច្បាប់ និង​បាន​បង្កឱ្យបាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ​។​

​មនុស្ស​ទាំង ៦​នាក់​រួមមាន ៖ ១. អ្នកស្រី ឈឹម សុខន អគ្គលេខាធិការ​សហជីព ២. អ្នកស្រី ឃ្លាំង សុ​បិ​ន្ត អី​ប្រឹក្សា​ជាន់ខ្ពស់ ,​ហិ រ​ញ្ញិ​ក​សហជីព​( អ្នក​កាន់​លុយ​ចំណាយ សហជីព​) ៣. អ្នកស្រី ហៃ សុភាព (​តំណាង​ក្រុម​អ្នកចរចា​) ៤. កញ្ញា សុន ស្រី​ពេជ្រ (​តំណាង​ក្រុម​អ្នកចរចា​)៥.  អ្នកស្រី រី សុវណ្ណ​ឌី ( តំណាង​ក្រុម​អ្នកចរចា​) និង​៦. អ្នកស្រី ទូច ស្រី​មាស  ត្រូវបាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​បញ្ជូន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​នីតិវិធី​។  អ្នក​ទាំង ៦ នាក់ ត្រូវបាន​ឃាត់ខ្លួន​កាលពី​ព្រលប់​ថ្ងៃទី ៣១​ខែធ្នូ ឆ្នាំ​២០២១​។ 

​ចំណែក​មនុស្ស ៣​នាក់​ទៀត រួមមានៈ ១. ឈ្មោះ រិ​ន ផល្លា ២. ឈ្មោះ អេង ស្រី​បូ និង​ទី​៣. ឈ្មោះ ស៊ុន ស្រីមុំ សមត្ថកិច្ច​បានធ្វើការ​អប់រំ​ណែនាំ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​។​

​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា បាន​មានប្រសាសន៍​បញ្ជាក់ប្រាប់ AMS នៅ​ព្រឹក​ថ្ងៃទី​៣ខែមករា នេះ​ថា កាលពី​យប់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​ចាប់ខ្លួន​មេដឹកនាំ​បាតុកម្ម​ខុសច្បាប់​នៅមុខ​ក្រុមហ៊ុន​ណាហ្គា​វើ​លសរុប​ចំនួន  ៩​នាក់ ដោយ​ក្នុងនោះ​មនុស្ស​ចំនួន ៦​នាក់ ត្រូវបាន​បញ្ជូនទៅ​តុលាការ និង​មនុស្ស​ចំនួន ៣​នាក់​បានធ្វើ​ការអប់រំ​។ 

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ១៩.០០​នាទី ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​២០២១ សមត្ថកិច្ច​នគរបាល​បានធ្វើ​ការចាប់​ឃាត់ខ្លួន​បុគ្គល​ចំនួន០៩​រូប ពីបទ​បានរៀបចំ​បាតុកម្ម ដោយ​ខុសច្បាប់​នៅមុខ​ក្រុមហ៊ុន​ណាហ្គា​វើ​ល ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង​សុវត្ថិភាព​សង្គម។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា  មុននឹង​អនុវត្ត​វិធានការ​ច្បាប់ ចាប់​ឃាត់ខ្លួន​មេដឹកនាំ​បាតុកម្ម​ទាំងនេះ រដ្ឋបាលរាជធានី​ភ្នំពេញ​បានធ្វើការ​អំពាវនាវ​ច្រើនលើកច្រើនសា ឲ្យ​ពួកគេ​បញ្ឈប់​សកម្មភាព​ត​វ៉ាដោយ​ខុសច្បាប់​សំដៅ​ធ្វើយ៉ាងណា​រក្សាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង សុវត្ថិភាព​សង្គម ប៉ុន្តែ​ពួក​មេដឹកនាំ​បាតុកម្ម​មិន​ស្ដាប់​តាម​ការអំពាវនាវ​រប​ស់​អាជ្ញាធរហើយបន្ត​អូសបន្លាយ​បាតុកម្ម​អស់​រយៈពេល១៣​ថ្ងៃ​មកហើយ ។​

​ការចាប់​ឃាត់ខ្លួន​បុគ្គល​ចំនួន៩​រូបនេះ គឺ​អនុលោម​ទៅតាម​មាត្រា ១៩៤ និង​មាត្រា ១៩៥ ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជាបច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល​កំពុង​អនុវត្ត នីតិវិធី​ទៅតាម​វិធានការ​ច្បាប់ ។​

​សូមជម្រាបថា អតីត​បុគ្គលិក​ក្រុម​ណាហ្គា​វើ​ល បាន​ប្រកាន់​ជំហរ​របស់ខ្លួន​បន្ត​ការតវ៉ា​រហូត​មាន​ដំណោះស្រាយ​ពី​ក្រុមហ៊ុន​ក្រោយពី​ការចរចារ​ជាច្រើនលើក​ជាមួយ​ភាគី​ក្រុមហ៊ុន​។​ពួកគេ​ធ្វើ​កូដកម្ម​ចំនួន១៣​ថ្ងៃ​ជាប់ៗ​គ្នា ពីថ្ងៃ​ទី​១៨ រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ទាមទារ​លក្ខខណ្ឌ​ចំនូ​ន​៩​ចំនុច ទាមទា​ឲ្យ​ក្រុមហ៊ុន គោរព​សិទ្ធិ​កម្មករ និង​ច្បាប់​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្នុងនោះ​មានការ​ទាមទារ​ឱ្យក្រុមហ៊ុន​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព  និង​កម្មករនិយោជិត សរុប ចំនួន​៣៦៥​នាក់  ដែល​មិន​ព្រម​ទទួលយក​សំណង​បញ្ចប់​កិច្ចសន្យាការងារចូល​បម្រើ​ការងារ នៅ​កន្លែងដើម​វិញ  រួមទាំង​ផ្ដល់ប្រាក់​រំលឹក​ផ្សេងៗ គិត​តាំង​ពីថ្ងៃ​បញ្ឈប់ រហូតមកដល់ ថ្ងៃ​ចូលធ្វើការ​វិញ​ជាដើម​។ រហូតមកដល់​ពេលនេះ​មិនទាន់​ដំណោះស្រាយ​ណាមួយ​នោះឡើយ​៕ 

ដោយៈពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner