រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ កសិផលកម្ពុជា នឹងមានឱកាសបង្ហាញ​ខ្លួននៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែម ទៀត ពិសេស​ទីផ្សារ​ចិន ដោយឈរលើស្តង់ដារគុណភាព សុវត្ថិភាព និងការប្រកួត​ប្រជែង

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម    ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានអញ្ជើញមកពិនិត្យសួនឧស្សាហកម្មកសិកម្មហ៊ុង ថៃ ដែលមានទីតាំងក្នុងមជ្ឈមណ្ឌលប្រមូលផ្តុំ កែច្នៃកសិឧស្សាហកម្ម និងឡូជីស្ទីកច្រវាក់ឃ្លាំងត្រជាក់ ហ៊ុន ទី កម្ពុជា  ដែលមានទីតាំងស្ថិតនៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

បន្ទាប់ពីបានអញ្ជើញពិនិត្យសំណង់ និងការរាយការណ៍របស់លោកស្រី សូហ្វី អ្នកគ្រប់គ្រងទីផ្សារអំពីដំណើរការសាងសង់មជ្ឈមណ្ឌល មុខងាររបស់អគារនីមួយៗ សមិទ្ធផលសម្រេចបានថ្មីៗនេះ និងទិសដៅនាពេលអនាគត រួចមក ឯកឧត្តម វេង សាខុន បានសម្តែងនូវទស្សនចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការកសាងមជ្ឈមណ្ឌលនេះឡើង ដើម្បីបម្រើឲ្យវិស័យកសិឧស្សាហកម្មជារួម និងដោយឡែកផ្លែឈើតំបន់ត្រូពិច (Tropical Friuts) ដែលកសិករកម្ពុជាកំពុងមានក្នុងដៃជាអាទិ៍ដូចជា៖ ស្វាយកែវរមៀត ស្វាយចន្ទី មានប៉ៃលិន ដូងក្រអូប ស្រការនាគ ខ្មុរ ចេកអំបូងលឿង និងក្រូចថ្លុង។ល។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា មជ្ឈមណ្ឌលនេះប្រាកដជានឹងចូលរួមចំណែកផ្តល់ឱកាសឲ្យកសិផលកម្ពុជា ធ្វើដំណើរទៅកាន់ទីផ្សារចិនដោយត្រង់ ដែលសកម្មភាពនេះពិតណាស់នឹងចូលរួមលើកកម្ពស់តម្លៃបន្ថែមកសិផល ពង្រីក និងពង្រឹងខ្សែច្រវាក់ផលិតកម្មផ្លែឈើ បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនប្រាក់ ចំណូល និងរក្សានិរន្តរភាពផលិតកម្មផ្លែឈើ ពង្រឹងសេដ្ឋកិច្ចគ្រួសារ និងទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិក្នុងបរិបទនៃការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមអគ្គរដ្ឋបាលគយ ស្ថានទូតចិន ជាពិសេសរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់កិច្ចសហការ ពិនិត្យ និងវាយតម្លៃលើគុណភាព និងលក្ខខណ្ឌតម្រូវភូតគាម    អនាម័យលើផលិតផលផ្លែស្វាយកែវរមៀតកម្ពុជា និងមានប៉ៃលន ហើយឈានទៅសម្រេចអនុញ្ញាតជាផ្លូវការឲ្យផលិតផលស្វាយ នាំចេញទៅកាន់ទីផ្សារចិនជាផ្លូវការកន្លងមក ដូចដែលរាជរដ្ឋាភិបាល ក្រសួងកសិកម្ម និងប្រជាពលរដ្ឋកម្ពុជាទទូចចង់បាន។  មួយវិញទៀត មជ្ឈមណ្ឌលដែលបាននិងកំពុងដំណើរការសាងសង់នេះ គឺពិតជានឹងចូលរួមបំពេញបន្ថែមនូវខ្សែច្រវាក់ផលិតកម្មផ្លែឈើ ខ្សែច្រវាក់តម្លៃ និរន្តរភាពផលិតកម្ម និងទីផ្សារនាំចេញ។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា មជ្ឈមណ្ឌលប្រមូលផ្តុំកែច្នៃកសិឧស្សាហកម្ម និងឡូជីស្ទីកច្រវាក់ឃ្លាំងត្រជាក់ ហ៊ុន ទី កម្ពុជា នេះ គឺជាជំហានចាប់ផ្តើមបើកផ្លូវ  ឲ្យកសិផលហូរចេញជាបណ្តើរៗដោយត្រង់ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនអនេកដែលកសិករ ម្ចាស់ចំការ និងអាជីវករនឹងទទួលបានពីភាពជោគជ័យដ៏ធំធេងនេះ។ លើសពីនេះ វិស័យផលិតកម្មផ្លែឈើត្រូពិចនឹងត្រូវបានលើកកម្ពស់ និងមានតម្លៃផ្នែកសេដ្ឋកិច្ច និងមានទីផ្សារជាបណ្តើរៗ ជាពិសេសនឹងស្រូបយកពលកម្មក្នុងស្រុកបានកាន់តែច្រើនផែមទៀត បង្កើតការងារ និងប្រាក់ចំណូល។ល។

ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឲ្យវិស័យឯកជនផ្សេងទៀតចូលរួម សហការឲ្យបានពេញលេញគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ធ្វើយ៉ាងណាច្បាមយកឱកាសមាសដែលកំពុងមានក្នុងដៃឲ្យបាន ដើម្បីជាប្រយោជន៍ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពផលិតកម្ម ហើយសង្ឃឹមថា កសិផលកម្ពុជា នឹងមានឱកាសបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀត ពិសេសទីផ្សារចិន ដោយឈរលើស្តង់ដារគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង។ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការណែនាំបន្ថែមចំពោះក្រុមហ៊ុន ម្ចាស់ចម្ការ ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្មអនុវត្តវិធានបច្ចេកទេស លក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ភាគីចិន ធ្វើយ៉ាងណាឲ្យការនាំចេញផលិតផលផ្លែស្វាយស្រស់ប្រកបដោយនិរន្តរភាព៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner