សមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងស្តុកប៊ីចេងនាំចូលគ្មានអាជ្ញាប័ណ្ណ មួយកន្លែងក្នុង ខណ្ឌពោធិសែនជ័យ
ភ្នំពេញ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះពិនិត្យ ទីតាំងស្តុកប៊ីចេង មួយកន្លែងដែលនាំចូល អត់ទាន់មានអាជ្ញាប័ណ្ណ ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅផ្ទះ២ល្វែងជាប់គ្នា ផ្លូវបេតុង ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមសមត្ថកិច្ចជំនាញបានឲ្យដឹងថា ក្រោយពីមានការស្រាវជ្រាវ រកឃើញទីតាំងខាងលើ នាំចូលនូវប៊ីចេង សង្ស័យគ្មានអាជ្ញាប័ណ្ណ អត់មានច្បាប់អនុញាតិ ទើបនៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលដឹកនាំដោយឧត្តមសេនីយ៍ទោ ទូច យុទ្ធា ប្រធានក្រុមប្រតិបត្តិការពិសេស នៃគណកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មានការចូលរួមពីនគរបាល អាជ្ញាធរមូលដ្ឋាន និងមានការសម្របសម្រួលផ្លូវច្បាប់ ពីសំណាក់ព្រះរាជអាជ្ញារងអមសាលាដំបូង ចុះពិនិត្យដល់ទីតាំងខាងលើ រកឃើញប៊ីចេងជាច្រើនបាវ និងកញ្ចប់តូចៗដែលច្រករួច ដែលពុំទាន់មានច្បាប់អនុញាតិឲ្យនាំចូល ។

តែបើប្រភពមួយផ្សេងទៀត បានឲ្យដឹងថា ប៊ីចេងដែលនាំចូលពីប្រទេសថៃនេះ ម្ចាស់បានរត់ច្បាប់ សុំសិទ្ធិ អាជ្ញាប័ណ្ណ ការអនុញាតិនាំចូលដែរតែមិនទាន់បានសម្រេច ។ ទោះជាយ៉ាងណាក្តី អ្វីដែលត្រួតពិនិ្យ នៅចំពោះមុខ មិនមានឃើញច្បាប់អនុញាតិ នាំចូល ស្តុក ទើបសមត្ថកិច្ចហាមឃាត់ជាបណ្តោះអាសន្នសិន រងចាំម្ចាស់សុំច្បាប់ជាមុន និងមានការសម្រេចពីស្ថាប័ណ្ណផ្លូវច្បាប់ ។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចបិទទីតាំង រក្សាសម្ភារប៊ីចេង ទុកនៅមួយកន្លែងក្នុងផ្ទះខាងលើ រងចាំសម្រេចជាក្រោយ ៕ធ.ដ

