កម្ពុជាអញ្ជើញអគ្គមេបញ្ជាការកងទ័ពសិង្ហបុរីចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ ក្នុងរាជធានី (Video Inside)
កម្ពុជាដែលជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ បានអញ្ជើញអគ្គមេបញ្ជាការកងទ័ពសិង្ហបុរី ដើម្បីចូលរួម ក្នុង កិច្ចប្រជុំដោយផ្ទាល់មួយទៅនៅរាជធានីភ្នំពេញ។ ការអញ្ជើញលោកអញ្ជើញឧត្តមសេនីយ៍ឯក មែល វីនអុង នៃ ប្រទេសសិង្ហបុរីនេះ បាន ធ្វើឡើងដោយអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍វង្ស ពិសេន ក្នុងជំនួបទ្វេភាគីមួយ រវាងអគ្គមេបញ្ជាការកងទ័ពនៃប្រទេសទាំង២ តាមប្រព័ន្ធវីដេអូ ថ្ងៃទី៤មករានេះ។
កម្ពុជា ដែលជាប្រធានអាស៊ាន គ្រោងនឹងរៀបចំកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ និងកិច្ចប្រជុំពាក់ ព័ន្ធនានាដទៃទៀត នាអំឡុងខែមីនាឆ្នាំ២០២២ខាងមុខនេះ។ ក្នុងជំនួបទ្វេភាគីនៅថ្ងៃទី៤មករានេះ អគ្គមេបញ្ជា ការនៃកងទ័ពនៃប្រទេសទាំង២ នៅបានជជែកផ្លាស់ប្តូរ យោបល់គ្នាទៅវិញទៅមកអំពីការចូលរួមរបស់កងទ័ព ជាមួយនឹងរដ្ឋាភិបាល និងការសម្រេចស្នាដៃពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩នៃប្រទេសរៀងៗខ្លួន។
អគ្គមេបញ្ជាការកងទ័ពកម្ពុជា និង សិង្ហបុរី នៅបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ព ប្រទេស ទាំងពីរនាពេលកន្លងមក និងបានបង្ហាញជំហររួមគ្នាពីការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែ ជិត ស្និទ្ធថែមទៀត ក្រោយពេលជំងឺកូវីដ-១៩ បានធូរស្រាល ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងនាមកងយោធពលខេមរភូមិន្ទដែលនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គមេ បញ្ជាការកងទ័ពអាស៊ានលើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធ បានអញ្ជើញឧត្តមសេនីយ៍ឯក មែល វីនអុង ដើម្បី ចូលរួមក្នុងកិច្ច ប្រជុំនេះដោយផ្ទាល់នៅរាជធានីភ្នំពេញ នាអំឡុងខែមិនា ឆ្នាំ២០២២ ខាងមុខនេះ។
សេចក្តីរាយ ការណ៍បញ្ជាក់ពីអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានឱ្យដឹងទៀតថា ជំនួបទ្វេភាគីរវាងនាយឧត្តម សេនីយ៍វង្សពិសេននៅថ្ងៃនេះ ក្រៅពីប្រទេសសឹង្ហបុរី នៅមានប្រទេសឥណ្ឌូណេស៊ីនិងប្រទេសថៃផងដែរ ដោយ អគ្គមេបញ្ជាការទាំង៣ប្រទេសនេះ បានសន្យាថានឹងអញ្ជើញមកប្រទេសកម្ពុជាដើម្បីចូលរួមដោយផ្ទាល់ក្នុង ព្រឹត្តិការណ៍ខែមីនាខាងមុខនេះ៕