បញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋក្នុងឃុំសូទិព្វ ស្រុកជើងព្រៃ ត្រូវបានលើកយកមកពិក្សា និងដោះស្រាយជូន ក្នុងវេទិកាសាធារណ: ដែលបានរៀបចំធ្វើនៅក្នុងបរិវេណវត្តឫស្សីជ្រោយ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៩ បានអញ្ជើញជាអធិបតិក្នុងវេទិកាសាធារណ: ដែលពិធីនេះបានរៀបចំធ្វើនៅក្នុងបរិវេណវត្តឫស្សីជ្រោយ ក្នុងភូមិតាសែន ឃុំសូទិព្វ  ហើយនេះគឺជាឃុំទី៨ ក្នុងចំណោម ១០ឃុំ ក្នុងស្រុកជើងព្រៃដែលបានរៀបចំវេទិកានេះ។
ពិធីនេះមានគោលបំណងធ្វើការតាមដានការអនុវត្តកម្មវិធីគោនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងជាពិសេសដើម្បីផ្សាភ្ញាប់ទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែស្អិតរមួត និងស៊ីជម្រៅ សម្រាប់ថ្នាក់ដឹកនាំធ្វើការតាមដានអំពីសេចក្តីសុខទុក្ខ បញ្ហាប្រចាំថ្ងៃ តម្រូវការ សំណើ ឬសំណូមពរ និងដោះស្រាយបញ្ហាទាំងនោះជូនពលរដ្ឋជាបណ្តើរៗតាមការចាំបាច់។
លោក កែវ ហុកគ្រី  មេឃុំសូទិព្វ និងលោក អ៊ួត ឈាងលី គណ: អភិបាលស្រុកជើងព្រៃបានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីស្ថានភាពភូមិសាស្រ្តរបស់ឃុំ រចនាសម្ព័ន្ធការងាររដ្ឋបាល ហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គម ការផ្តល់សេវាសាធារណ: ការងារបង្កបង្កើនផល បញ្ហាជីវភាព និងជាពិសេសលទ្ធផលនៃការ អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងការអនុវត្តកម្មវិធីគោនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
ឯកឧត្តម វេង សាខុន ក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ បានជម្រាបជូនបងប្អូនថា ថ្ងៃនេះជាថ្ងៃទិវាសិទ្ធិមនុស្ស ហើយលោកសូមឲ្យបងប្អូនប្រើប្រាស់ពេលនេះ ប្រើសិទ្ធិរបស់ខ្លួនសួរនាំពីបញ្ហាផ្សេងៗជុំវិញការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីទទួលបាននូវចំណេះដឹង និងព័ត៌មានបន្ថែមអំពីការវិ    វឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ។ ក្នុងពេលបច្ចុប្បន្នពិតប្រាកដ ចៀសវាងការយល់ច្រឡំ យល់ខុស ស្តាប់ពាក្យបំភ្លៃការពិត ញុះញង់ លាបពណ៌ បំពុលបរិយាកាសក្នុងសង្គមដោយពួកឧទ្ទាមខុសច្បាប់។ ឯកឧត្តម ក៏បានជម្រាបអំពីដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ពីដំណាក់កាលមួយ មកដំណាក់កាលមួយ ក្រោមការដឹកនាំប្រកបដ៏ភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាល ធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពពេញទូទាំងផ្ទៃប្រទេស និងកំពុងអភិវឌ្ឍន៍ប្រទេសជាបណ្តើរៗសមស្របតាមតម្រូវការរបស់បងប្អូនគ្រប់បែបយ៉ាងមានដូចជាសន្តិសុខស្បៀងរឹងមាំ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី មន្ទីរពេទ្យ សាលារៀនគ្រប់កម្រិត ការពង្រឹង និងពង្រីកសេវាសាធារណ: ការអភិវឌ្ឍន៍វិស័យកសិកម្ម និងទីផ្សារនាំចេញកសិផល។ល។ ឯកឧត្តម បានផ្តាំផ្ញើសមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ឃុំ និងភូមិ អាជ្ញាធរមូលដ្ឋាន និងកងកំលាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ជាពិសេសបងប្អូនប្រជាពលរដ្ឋ មេត្តាបន្តរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ បន្តចូលរួមគាំទ្ររាជរដ្ឋាភិបាលក្នុងការដឹកនាំប្រទេស និងប្រឆាំងដាច់ខាតនូវរាល់ចលនាប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្រប ច្បាប់របស់យើង។  ចំពោះក្រុមការងារ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ឯកឧត្តមបានស្នើឲ្យមានការយកចិត្តទុកដាក់ និងអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោឲ្យបានខ្ជាប់ខ្ជួន ទាន់ពេល ទូលំទូលាយ និងមានប្រសិទ្ធភាពជាពិសេសត្រូវបន្តផ្តល់សេវា ឲ្យបានកាន់តែល្អប្រសើរ និងប្រសិទ្ធភាព ជូនដល់ប្រជាជនគ្រប់រូប។
ក្នុងពិធីសំណេះសំណាលនេះ បងប្អូនប្រជាពលរដ្ឋបានផុលផុសចោទសួរ សំណូមពរ និងសំណើដូចជាស្តារប្រឡាយទឹក លូទឹក ជួសជុលផ្លូវលំ ស្នើគ្រួសក្រហមសម្រាប់ជួសជុលកែលម្អផ្លូវលំ និងសំលៀកបំពាក់ប្រជាការពារ។ ដើម្បីជួយសម្រាលទុក្ខលំបាក ចែករំលែក និងដោះស្រាយសំណើ ឯកឧត្តមប្រធាន និងសហការីបានសម្រេចជួយឧបត្ថម្ភថវិកាតាមសំណើទាំងអស់ រួមទាំង ប្រគេនបច្ច័យព្រះចៅអធិការវត្តឫស្សីជ្រោយ ៤លានរៀល ទុកសម្រាប់កសាង និងដោយឡែកអ្នកដែលអញ្ជើញមកចូលរួមម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀលផងដែរ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner