ចម្លើយ​របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ​ក្នុងវគ្គសំណួរចម្លើយនៃ “បាឋកថាអាស៊ាន​​លើកទី២៣៖ ភាព​ជាប្រធានអាស៊ានឆ្នាំ២០២២របស់កម្ពុជា”

រៀបចំដោយវិទ្យាស្ថាន ISEAS-Yusof Ishak ថ្ងៃទី ៣ ខែមករា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ​

 (ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ)

អ្នកសម្របសម្រួល​៖ តើឯកឧត្តមរំពឹងបែបណាចំពោះការរីកចំរើននៃកិច្ចចរចាក្រមប្រតិបត្តិនៃភាគីក្នុង     សមុទ្រចិនខាងត្បូង? តើឯកឧត្តមជឿជាក់ថា អាចធ្វើបានទេ ក្នុងការបញ្ចប់ការចរចាស្តីពីសមុទ្រចិនខាងត្បូង ក្នុងឆ្នាំនេះ ហើយតើឯកឧត្តមយល់ថា អ្វីជាបញ្ហាដែលទាមទារពេលវេលាបន្ថែមទៀត?

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​៖

  • ជាបឋម ខ្ញុំអាចនិយាយបានថា វាជាក្តីប្រាថ្នារបស់រាល់ប្រទេសសមាជិកអាស៊ាន ដែលចង់សម្រេចឱ្យបាននូវក្រមប្រតិបត្តិនៃភាគីក្នុងសមុទ្រចិនខាងត្បូង(COC) ឱ្យបានឆាប់។ ឆ្នាំនេះ យើងអបអរសាទរខួប ២០ឆ្នាំនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូង (DOC) ដែលត្រូវបានអនុម័តនៅក្នុងប្រទេសកម្ពុជា កាលពី២០ឆ្នាំមុន។ ប្រសិនបើយើងអាចបញ្ចប់ COC ក្នុងឆ្នាំនេះ វាគឺជារឿងដ៏ល្អ មិនមែនសម្រាប់តែកម្ពុជាទេ តែគឺសម្រាប់តំបន់ទាំងមូល។
  • ប៉ុន្តែ ខ្ញុំសូមលើកអំពីចំណុចមួយចំនួនពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង។ ខ្ញុំយល់ថា អ្នកទាំងអស់គ្នាក៏ឯកភាពជាមួយខ្ញុំដែរថា បញ្ហានេះមានលក្ខណៈស្មុគស្មាញណាស់ ដោយសារមានរដ្ឋ​ទាមទារអធិបតេយ្យ​ច្រើន ដែលមានជំហរផ្សេងៗគ្នាពាក់ព័ន្ធនឹងគោលជំហរ​ប្រវត្តិសាស្ត្រ និងផ្លូវ  ច្បាប់។ ហើយយើងទាំងអស់គ្នាដឹងថា សមុទ្រចិនខាងត្បូងមានទីតាំងជាចំណុចយុទ្ធសាស្ត្រសំខាន់យ៉ាងខ្លាំង ដែល​បាន​ធ្វើឱ្យ​តំបន់​នេះ​ក្លាយ​ជាប្រធានបទចំបងក្នុង​ទិដ្ឋភាព​ភូមិសាស្ត្រនយោបាយ។
  • ចាប់តាំងពីដើមទស្សវត្សឆ្នាំ​៩០ តាំងពីពេលមុន​ពេល​ដែលកម្ពុជាចូលជាសមាជិកអាស៊ានទៅទៀត​ អាស៊ាននិងចិនបានខិតខំគ្រប់គ្រងភាពតានតឹងតាមរយៈការពិគ្រោះយោបល់ និងកិច្ចសន្ទនា ហើយជាលទ្ធផល សេចក្តីថ្លែងការណ៍ DOC ត្រូវបានអនុម័តនៅទីក្រុងភ្នំពេញក្នុងឆ្នាំ២០០២។ សេចក្តីថ្លែងការណ៍នេះបានដើរតួនាទីសំខាន់ក្នុងការបង្កើតនូវបរិយាកាសអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការ សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ព្រមទាំងបានលើកកម្ពស់ការជឿជាក់ និងការកសាងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ទោះបីជាមានបញ្ហាប៉ះ​ទង្គិចគ្នាបន្តិចបន្តួចក្តី។
  • ដូច្នេះ យើងចង់ឃើញការបញ្ចប់ COC ក្នុងឆ្នាំនេះ ប៉ុន្តែ ខ្ញុំអាចនិយាយបានថា ជាមួយ​នឹងល្បឿន​បច្ចុប្បន្ននេះ ការបញ្ចប់​អាច​មានការលំបាក​ ទោះបីជាមានការរីកចំរើនខ្លះជាមួយនឹងការឯកភាពជាបណ្តោះអាសន្នលើបុព្វកថា និងការវិវឌ្ឍរីកចំរើននៅ​ក្នុងផ្នែកកម្មវត្ថុ នៃ​ជំពូកបទប្បញ្ញត្តិទូទៅក៏ដោយ​។
  • យើងនៅតែមិនទាន់បោះជំហាន​លឿនគ្រប់គ្រាន់ ដើម្បីសម្រេចបាននូវក្តីសង្ឃឹមនៃការបញ្ចប់ COC ក្នុងឆ្នាំនេះ។ ដូចដែលយើងបានដឹងហើយថា ក្នុងរយៈពេល ២ឆ្នាំនេះ ជំងឺកូវីដ១៩បានរំខានដល់ដំណើរការនៃការចរចារបស់យើង ដែល​ការចរចាបែបនេះទាមទារឱ្យមានការជួបគ្នាទល់មុខ ឬក៏ត្រូវធ្វើឡើងក្នុងទម្រង់ជាការជួបប្រជុំចង្អៀត។ យើងក៏បានឯកភាពគ្នាថា យើងត្រូវតែបង្កើនការជួបជុំគ្នាឱ្យបានញឹកញាប់ និងបន្ថែមរយៈពេលនៃកិច្ចប្រជុំនិមួយៗឱ្យបានវែងជាងមុន។
  • ខ្ញុំយល់ថា មានកត្តា២យ៉ាង ដែលចាំបាច់សម្រាប់ការបញ្ចប់ឯកសារនេះឱ្យបានឆាប់។ ទី១ គឺទាមទារនូវឆន្ទៈនយោបាយ និងភាពស្មោះត្រង់ពីគ្រប់ភាគីក្នុងការបញ្ចប់ក្រមប្រតិបត្តិនេះឱ្យបានឆាប់ ដោយមិនបោះបង់នូវខ្លឹមសារ និងប្រសិទ្ធិភាពនៃឯកសារនេះ។ ទី២ យើងត្រូវតែលើកកម្ពស់បរិយាកាសសន្តិភាពក្នុងតំបន់។ នេះមានន័យថា យើងត្រូវតែចៀសវាងនូវភាពតានតឹង ដែលកើតចេញមកពីការបញ្ចេញសាច់ដុំដាក់គ្នាពីភាគីផ្សេងៗ ហើយយើងមានការបារម្ភថា សកម្មភាពមួយចំនួនដែលធ្វើឡើងដោយភាគីខាងក្រៅ អាចធ្វើឱ្យដំណើរការចរចាកាន់តែមានភាពស្មុគស្មាញ។
  • យើងយល់ថា ក្រមប្រតិបត្តិនេះត្រូវតែរក្សាឱ្យបាននូវគោលបំណងដើមរបស់វា នោះគឺត្រូវគ្រប់គ្រងស្ថិរភាព រក្សាសន្តិភាព ការពារមិនឱ្យមានការយល់ច្រលំ ឬសកម្មភាពណាមួយដែលធ្វើឱ្យបះពាល់ដល់សមុទ្រចិនខាងត្បូងដែលជាសមុទ្រនៃសន្តិភាព កិច្ចសហប្រតិបត្តិការ ស្ថិរភាព និងវិបុលភាព។ វាជាការពិតដែលក្រមប្រតិបត្តិនេះគ្រាន់តែជាក្រមខណ្ឌច្បាប់ ដើម្បីណែនាំអំពីការប្រតិបត្តិ និងឥរិយាបទនៃភាគីពាក់ព័ន្ធនៃសមុទ្រចិនខាងត្បូង ប៉ុន្តែយើងមិនអាចប្រៀបធៀបក្រមប្រតិបត្តិនេះទៅនឹងច្បាប់អន្តរជាតិបានទេ។
  • វាមិនមែនជាសន្ធិសញ្ញាព្រំដែននោះទេ​។ វាមិនមែនជាលិខិតតុបករណ៍សម្រាប់ការដោះស្រាយជម្លោះដែនដី ឬយុត្តាធិការនោះដែរ​។ មានសំណួរដែលពាក់ព័ន្ធថាតើ COC មាន​អំណាចចាប់បង្ខំអនុវត្តឬយ៉ាងណា។ ខ្ញុំយល់ថា នេះជាអ្វីដែលយើងកំពុងចរចា ហើយភាគីច្រើននៃចំណុចនេះគឺ​អាស្រ័យទៅ​លើការព្រមព្រៀងគ្នារវាងរដ្ឋទាមទារអធិបតេយ្យ​។
  • កម្ពុជាមិនមែនជារដ្ឋទាមទារអធិបតេយ្យ​។ កម្ពុជាមាននយោបាយអព្យាក្រឹត្យអចិន្ត្រៃយ៍​ ហើយ
    កម្ពុជាក៏មិនមែនជារដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែរ ប៉ុន្តែ យ៉ាងណាក្តី កម្ពុជាកំពុងខិតខំប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការរួមចំណែកដល់ការបញ្ចប់នូវក្រមប្រតិបត្តិនេះ។ កន្លងមក ក៏​មានការព្រួយបារម្ភពីភាគីទីបីថា ផលប្រយោជន៍របស់ពួកគេនឹងត្រូវបានប៉ះពាល់ដោយក្រមប្រតិបត្តិនេះ ប៉ុន្តែ ក្រមប្រតិបត្តិនេះគឺជាឯកសារដែលនឹងត្រូវអនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញា UNCLOS។ ដូច្នេះ ផលប្រយោជន៍របស់គ្រប់ភាគី រួមទាំង    ភាគីទី៣ ឬសេរីភាពក្នុងការធ្វើនាវាចរណ៍ និងការហោះហើរ នឹងមិនត្រូវបានរឹតត្បិតឡើយដរាបណាវាស្របនឹងច្បាប់អន្តរជាតិ និងដរាបណាសកម្មភាពទាំងនោះត្រូវបានធ្វើ​ឡើង​ដោយ​អនុលោម​តាម​ច្បាប់អន្តរជាតិ។

អ្នកសម្របសម្រួល​៖ តើអាស៊ានអាចឆ្លើយតបនឹងសេចក្តីរំពឹងរបស់ដៃគូខាងក្រៅមួយចំនួនដោយរបៀបណាពាក់ព័ន្ធនឹងការទទួលយកតំណាងរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា​? ប្រសិនបើសហរដ្ឋអាមេរិក និងប្រទេសអាស៊ានមួយចំនួន នៅតែបន្តប្រឆាំងនឹងការចូលរួមរបស់ប្រមុខដឹកនាំនយោបាយមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំអាស៊ាន តើកម្ពុជាអាចធ្វើការសម្របសម្រួលយ៉ាងណាជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាពេលខាងមុខ?

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​៖

  • ខ្ញុំសូមចាប់ផ្តើមជាមួយនឹងទំនាក់ទំនងជាមួយដៃគូខាងក្រៅ។ យើងមានទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងថាតើអាស៊ានអាចគ្រប់គ្រងទំនាក់ទំនងរបស់ខ្លួនជាមួយដៃគូខាងក្រៅយ៉ាងណា ជាពិសេសដើម្បី​រក្សាឱ្យបាននូវមជ្ឈភាពរបស់ខ្លួនក្នុងទំនាក់ទំនងទាំងនោះ។
  • ជាដំបូង ខ្ញុំសូមនិយាយបន្តិចអំពីមជ្ឈភាពរបស់អាស៊ាន។ នេះគឺ​ជាអ្វីដែលអាស៊ានតែងតែផ្តល់សារសំខាន់ខ្លាំង ក្នុងពេលធ្វើការជាមួយដៃគូខាងក្រៅ ជាពិសេសក្នុងយន្តការដែលដឹកនាំដោយ
    អាស៊ាន។ ពេលដែល​យើងនិយាយអំពីមជ្ឈភាព យើងត្រូវតែដាក់ជាសំណួរថា តើមជ្ឈភាពអាស៊ានខ្លាំងប៉ុណ្ណា នៅពេលដែលធ្វើការទាក់ទងជាមួយដៃគូខាងក្រៅ។ ខ្ញុំយល់ថា មជ្ឈភាពអាស៊ានពឹងផ្អែកយ៉ាងខ្លាំងលើការឯកភាព និងសាមគ្គីភាពរបស់ខ្លួន។ ដូចដែល សម្តេចតេជោ​នាយករដ្ឋមន្រ្តីបាន​មានប្រសាសន៍ថ្មីៗនេះ ពួកយើងឥឡូវនេះស្ថិតក្នុងស្ថានភាពដែលអាស៊ាន៩ នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ ខែតុលា កន្លងទៅ ជាមួយនឹងសមាជិកអាស៊ាន៩ប្រទេស និងការប្រារព្ធខួប​៣០ឆ្នាំនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន និងចិន ជាមួយនឹងសមាជិកអាស៊ាន៩ ជាពិសេសនៅពេលដែលប្រទេសមីយ៉ាន់ម៉ាជាប្រទេសសម្របសម្រួលនៃអាស៊ាន និងចិន។
  • ដូច្នេះ ភាពរឹងមាំនៃមជ្ឈភាពអាស៊ានរបស់យើងនឹងត្រូវពឹងផ្អែកលើថា តើពួកយើងអាចធ្វើយ៉ាងណាដើម្បីត្រលប់ទៅរកអាស៊ាន១០វិញ។ វាជាចំណោទបញ្ហាដ៏​ធំមួយ។ ហើយមានរឿងជាច្រើនដែលត្រូវធ្វើដើម្បីធ្វើឱ្យ​អាស៊ានត្រលប់មក១០វិញ ជាពិសេសនៅពេលដែលយើងដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ព្រោះប្រទេសដែលអវត្តមានគឺប្រទេសមីយ៉ាន់ម៉ា។ ប្រសិនបើយើងអាចត្រលប់ទៅរកអាស៊ាន១០វិញ វាគឺជាសមិទ្ធផលដ៏ធំក្នុងការពង្រឹងមជ្ឈភាពអាស៊ានរបស់យើង។ យើងមិនអាចបន្តជាមួយនឹងអាស៊ាន៩បានទេ។ និមិត្តសញ្ញារបស់អាស៊ានគឺ១០។ ប្រសិនបើអាស៊ាននៅតែ៩ ខ្ញុំមិនគិតថា យើងអាចនិយាយអ្វីបានច្រើនពីមជ្ឈភាពរបស់យើងបានទេ។ ខ្ញុំនឹងត្រលប់មកចំណុចនេះវិញ នៅពេលដែលខ្ញុំឆ្លើយ​សំណួរ​ពាក់ព័ន្ធនឹងមីយ៉ាន់ម៉ា។
  • ដូចយើងបានឃើញស្រាប់ហើយថា មានយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកជាច្រើន ខណៈដែលការប្រកួតប្រជែង​ឥទ្ធិពល​របស់​មហាអំណាចកាន់តែមាន​សភាព​ខ្លាំងក្លាឡើង​។ ហើយវាច្បាស់ណាស់ថា យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ដែលត្រូវបានបង្កើត និងអនុម័តដោយមហាអំណាចនៅជុំវិញខ្លួនយើង និងពីចម្ងាយ រាប់​ពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ពីចក្រភពអង់គ្លេស សូម្បីតែពីប្រទេសបារាំង និងអាល្លឺម៉ង់។ ដើម្បីធានាថាយុទ្ធសាស្រ្តណាមួយពីខាងក្រៅនឹងបម្រើដល់សន្តិភាព និងកិច្ចសហប្រតិបត្តិការ មិនមែនបម្រើ​ឱ្យ​ការ​ប្រឈមមុខដាក់គ្នា​ ហើយដើម្បីធានា​ដល់​គាំទ្រមជ្ឈភាពអាស៊ាន កម្ពុជានឹងធ្វើការជាមួយប្រទេសសមាជិកអាស៊ានដើម្បីបង្កើតផែនការសកម្មភាពដែលប្រទេសឥណ្ឌូនេស៊ីបានស្នើឡើ​ង ក្នុង​គោល​បំណង​គាំទ្រ និងអនុវត្តកិច្ច​សហប្រតិបត្តិការជាក់ស្តែងលើ
    វិស័យនៃកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួនបួន ដែលខ្ញុំបាននិយាយក្នុងបទបង្ហាញរបស់ខ្ញុំមុននេះ។អាស៊ានត្រូវតែជម្រុញការបំពេញបន្ថែមអោយគ្នាទៅវិញទៅមកនៅពេលដែលយើងប្រាស្រ័យ​ទាក់ទងជាមួយនឹងគំនិតផ្តួចផ្តើមឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីបង្កើតលទ្ធផលដ៏ល្អប្រសើរ និងបង្កើតសមិទ្ធ​ផលឈ្នះឈ្នះសម្រាប់ទាំងអស់គ្នា ហើយយើងក៏មានបំណងបញ្ចៀសនូវការ​ធ្វើ​សន្តិសុខ​តូបនីយកម្មណាមួយលើទស្សនទាន​នេះ ដោយសារថា ដូចដែល​ខ្ញុំធ្លាប់បានបញ្ជាក់មុននេះហើយ
    អាស៊ាននឹងមិនអនុញ្ញាតឱ្យ​តំបន់របស់យើងក្លាយ​​ជា​វេទិកាបម្រើ​ឱ្យ​ការប្រឈរមុខដាក់គ្នានោះ​ទេ។
  • ឥឡូវនេះ ខ្ញុំនឹងចូលទៅសំនួរទី២ពាក់ព័ន្ធនឹងមីយ៉ាន់ម៉ា។
  • ជាថ្មី​ម្តងទៀត ស្ថានភាពនៅទីនោះ​ក៏ស្មុគស្មាញខ្លាំងណាស់ដែរ​។ បញ្ហា​សមុទ្រចិនខាងត្បូង និងបញ្ហា​មីយ៉ាន់ម៉ា គឺជាបញ្ហាក្តៅ (ដំឡូវក្តៅ) ២ ដែលយើងបោះបន្ត​ពីប្រធានមួយ ទៅប្រធាន​នៅ​ឆ្នាំបន្តបន្ទាប់ទៀត ជា​ច្រើនឆ្នាំមកហើយ។ ដូច្នេះ កម្ពុជាក៏​មិនមែន​ជាករណីពិសេស​អ្វីនោះដែរ ហើយ​យើង​ចង់​ស្នើសុំឱ្យ​មហាជនខាងក្រៅកុំមានក្តីរំពឹង​ខ្ពស់ពេក ប៉ុន្តែ យើងនឹងប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីសម្រួលស្ថានភាពនៅមីយ៉ាន់ម៉ា។
  • ខ្ញុំសូមនិយាយថា ស្ថានភាពនៅ​មីយ៉ាន់ម៉ាគឺស្មុគស្មាញ ដោយសារប្រវិត្តសាស្ត្រ​នយោបាយ វប្បធម៌នយោបាយ តួនាទីដ៏មានឥទ្ធិពលរបស់យោធា ចាប់តាំងពីប្រហែលជា ៧០ឆ្នាំកន្លងមក។ ហើយ​ក្រុមជនជាតិភាគតិច យើងដឹងថាមានលើសពី​១២០​ក្រុម​ និងប្រហែល២០ក្រុមមានប្រដាប់ដោយ​អាវុធ ដែល​បាន​បង្កជាសង្គ្រាមស៊ីវិលដ៏យូរបំផុត​ជាងគេមួយ​នៅក្នុងពិភពលោក។
  • តាំង​ពី​​ឆ្នាំ​មុន​មក ស្ថានការណ៍នៅទីនោះបានបង្ក​ជាក្តី​បារម្ភទាំង​សម្រាប់​មីយ៉ាន់ម៉ា និង​​តំបន់ ជាពិសេស​សម្រាប់តំបន់​អាស៊ាន។ ទី​១ វិបត្តិ​នយោបាយ និង​សន្តិសុខ​នៅ​មី​យ៉ាន់​ម៉ា​កាន់តែមាន​សភាពដុនដាប​ខ្លាំង​ ហើយ​បានបង្ក​ឱ្យ​មាន​​វិបត្តិ​សេដ្ឋកិច្ច សុខុភិបាល​ និង​មនុស្សធម៌​។ យើងឃើញថា គ្រប់​ធាតុផ្សំនៃសង្គ្រាមស៊ីវិលកំពុងតែស្ថិត​នៅលើតុ។ មានរដ្ឋាភិបាលពីរ មាន​កងកម្លាំងប្រដាប់អាវុធជាច្រើន ហើយ​ប្រជាជន​កំពុង​អនុវត្ត​ចលនាមិនស្តាប់បង្គាប់ ហើយ​សង្រ្គាមទ័ពព្រៃកំពុង​កើតឡើង​នៅជុំវិញប្រទេស។ ទី​២ វិបត្តិ​មី​យ៉ាន់​ម៉ា​បានជះ​ឥទ្ធិពល​អាក្រក់​ដល់​ស្ថិរភាព​ក្នុង​តំបន់​។ វាផ្តល់ផលប៉ះពាល់អាក្រក់ដល់មុខមាត់អាស៊ាន ដូចជា ភាពជឿជាក់ ឯកភាព  មជ្ឈភាព និងដំណើរការកសាងសហគមន៍របស់យើង ដូច្នេះ ការជួយមីយ៉ាន់ម៉ា គឺជាការជួយអាស៊ាន និងគ្រួសាររបស់
    យើង។ ការពិតនោះគឺថា អ្វីៗត្រូវបានឯកភាពដោយថ្នាក់ដឹកនាំអាស៊ានទាំង ១០។ កិច្ចប្រជុំពិសេសរបស់មេដឹកនាំអាស៊ាន កាលពីខែមេសាកន្លងទៅ ថ្នាក់ដឹកនាំទាំង១០ បានអនុម័តនូវកិច្ច​ព្រមព្រៀងជាឯកច្ឆ័ន្ទ​៥ចំណុច (5PC)។ ខ្ញុំសូមនិយាយម្តងទៀតថា ថ្នាក់ដឹកនាំអាស៊ានទាំង១០ បានព្រមព្រៀងគោរពគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ប៉ុន្តែ យើងត្រូវជួយដោះស្រាយគ្នា ព្រោះដូចដែលខ្ញុំបាននិយាយថា ការជួយមីយ៉ាន់ម៉ា គឺជាការ​ជួយអាស៊ានផងដែរ។
  • ជា​អកុសល​ ​ទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង​ជាច្រើន​ដោយ​អាស៊ាន និង​ជាពិសេស​ដោយ​ប្រសិតពិសេស​របស់​ប្រធានអាស៊ាន​សម្រាប់​ប្រទេស​មី​យ៉ាន់​ម៉ា គឺ ឯកឧត្តម Erywan រដ្ឋមន្ត្រីការបរទេសព្រុយណេក្តី​ មិន​មានវឌ្ឍនភាព​អ្វី​ច្រើន​ត្រូវ​បាន​សម្រេច​ក្នុង​ការ​អនុវត្តកិច្ច​ព្រមព្រៀងជាឯកច្ឆ័ន្ទ​៥ចំណុចនោះទេ។ ការពិតគឺថា អាស៊ានទាំង៩ ឬរដ្ឋសមាជិកអាស៊ានទាំង៩ បានយល់ព្រមជួយ
    មីយ៉ាន់ម៉ា ប៉ុន្តែ យើងមានទស្សនៈខុសគ្នាបន្តិចលើវិធីសាស្រ្តនៃការ​អនុវត្តកិច្ច​ព្រមព្រៀងជាឯកច្ឆ័ន្ទ​៥ចំណុច។ ដូច្នេះ ការមិន​​ឯកភាព​គ្នានេះហើយ ​ដែលធ្វើ​ឱ្យ​គ្មាន​ដំណើរ​ទស្សនកិច្ច​របស់ប្រេសិត​ពិសេសទៅ​ប្រទេស​មីយ៉ាន់ម៉ា។ ដោយសារតែ​គ្មាន​ការ​ឯកភាពនេះហើយ​ ទើប​ប្រធានអាស៊ាន​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​អញ្ជើញ​តំណាងកម្រិត​មិនមែនអ្នក​នយោបាយ​របស់​មីយ៉ាន់ម៉ា​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៨ និង​ទី៣៩។ នេះជា​ការអញ្ជើញ ដែលមីយ៉ាន់ម៉ាមិនអាចទទួលយកបាន ដោយសារការទម្លាក់កម្រិតថ្នាក់តំណាងចូលរួមរបស់គេ។ វាបាន​ក្លាយទៅជាលំនាំ​សម្រាប់កិច្ចប្រជុំផ្សេងទៀតដូចជា កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប​ (ASEM) លើកទី១៣ ដែលកម្ពុជា​បា​ន​ធ្វើជាប្រធាន និងធ្វើជាម្ចាស់ផ្ទះដោយគ្មានមីយ៉ាន់ម៉ា។ ដូចដែលខ្ញុំបាននិយាយមុននេះថា កិច្ចប្រជុំកំពូល​រំលឹក​ខួបលើកទី៣០ នៃទំនាក់ទំនង​អាស៊ាន-ចិន ត្រូវបានធ្វើឡើងដោយគ្មានវត្តមានមីយ៉ាន់ម៉ា។
  • តើយើងនឹងជួយមីយ៉ាន់ម៉ា និងអាស៊ានឱ្យក្លាយជា១០ ម្តងទៀតដោយរបៀបណា? សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចចិត្តទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា តាមការអញ្ជើញរបស់នាយ​ឧត្តមសេនីយ៍ មីន​ អោងលាំង​ នៅថ្ងៃទី ៧-៨ ខែមករា​នេះ។ នេះគឺដោយសារ​តែ​ភាពជាប់គាំងដែលកើតឡើងនៅពេលនេះ​ ដោយ​សារ​តែយើងមិនមានការឯកភាពគ្នាលើវិធីសាស្រ្តអនុវត្តកិច្ច​ព្រមព្រៀងជាឯកច្ឆ័ន្ទ​៥ចំណុច។ ដូច្នេះ យើងបានប្រើប្រាស់​អភិក្រម​ផ្សេងបន្តិច​ នៅពេលយើងកាន់តំណែងជាប្រធាន និងនៅពេលដែលខ្ញុំត្រូវបានតែងតាំងជាប្រេសិតពិសេស។
  • រឿងដែលល្អនោះគឺសហគមន៍អន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ ប្រទេសធំៗ អង្គការក្នុងតំបន់ សុទ្ធ​តែ​គាំទ្រតួនាទីរបស់អាស៊ាន ដើម្បីជួយដោះស្រាយស្ថានការណ៍នៅមីយ៉ាន់ម៉ា ប៉ុន្តែ រឿងដែល​ក្តៅគគុកនោះគឺថា តើត្រូវអនុវត្តកិច្ច​ព្រមព្រៀងជាឯកច្ឆ័ន្ទ​៥ចំណុច និងត្រូវ​ស្តារអាស៊ានទាំង ១០ឡើងវិញ បានដោយរបៀបណា។
  • មនុស្ស​មួយ​ចំនួន​បាន​រិះគន់​ការ​ប្រកាស​ដំណើរ​ទស្សនកិច្ច​របស់ សម្តេចតេជោ​​នាយក​រដ្ឋមន្ត្រី ​ទៅ​ក្រុង​ណៃពិដោ​ថា ​ជា​ការ​ទទួល​ស្គាល់​របប​នេះ។ ប៉ុន្តែ ​ខ្ញុំ​សុំ​សួរ​អ្នក​មួយ​សំណួរ តើ​មាន​ប្រទេស​ណា​ខ្លះដែល​បាន​កាត់​ចំណង​ការទូត​ជាមួយ​របប​ក្រុង​ណៃពីដោទេ? គ្មានទេ លើកលែងតែឯកអគ្គរដ្ឋ​ទូត​នៅអង្គការសហប្រជាជាតិ។ ស្ថានទូតទាំងអស់ត្រូវបានរក្សាទុក ឯកអគ្គរដ្ឋទូតក្រៅប្រទេស​របស់​មីយ៉ាន់ម៉ា​ក៏​កំពុងតែ​ធ្វើការជាមួយប្រទេសម្ចាស់ផ្ទះ។ ហើយប្រទេសម្ចាស់ផ្ទះទាំងនោះបានរក្សាស្ថានទូតរបស់ពួកគេនៅទីក្រុងយ៉ាងហ្គន​ ដូច្នេះ ចំណងការទូតមិនត្រូវបានកាត់ផ្តាច់នោះ
    ​ឡើយ។ នេះ​មិន​មែន​ជា​ការ​ទទួល​ស្គាល់​ទេ។​ វាគ្រាន់តែ​​ជាបន្តធ្វើការងារជាមួយមីយ៉ាន់ម៉ា ហើយយើងនឹងប្រកាន់​យក​អភិក្រម​ដោះស្រាយបញ្ហា​ជាជំហានៗ និង​ព្យាយាមឈរលើ​គោលការណ៍​ប្រាកដ​និយម​តាម​ដែលអាចធ្វើទៅបាន។
  • យើងនឹងចាប់ផ្តើមជាមួយនឹងបញ្ហាដែលងាយស្រួលមុន ក្នុងចំណោមចំណុចនានា​នៅក្នុងកិច្ចព្រមព្រៀង​ជា​ឯកច្ឆ័ន្ទ​៥ចំណុច (5PCs)។ ខ្ញុំសូមបញ្ជាក់ម្តងទៀតថា ក្នុងនាមជាប្រេសិត​ពិសេស ខ្ញុំនឹងធ្វើទៅតាម 5PCs និងធម្មនុញ្ញអាស៊ាន។      តួនាទីរបស់ខ្ញុំនឹងក្លាយជាអ្នកសម្របសម្រួល អ្នកផ្សះមជ្ឈត្តករ​ ហើយដំណើរការនយោបាយទាំងមូលនឹងត្រូវដឹកនាំដោយមីយ៉ាន់ម៉ា។ យើងនឹងមិនសម្រេចចិត្តជំនួស​ឱ្យប្រជាជនមីយ៉ាន់ម៉ាទេ។ ប៉ុន្តែ ដូចអ្វីដែល​ឯកឧត្តម​រដ្ឋមន្ត្រីការបរទេសថៃ​ Don បាននិយាយ គឺវាត្រូវការពេលវេលា និងការអត់ធ្មត់។ ហើយខ្ញុំនឹងបន្ថែមគុណតម្លៃមួយទៀត នោះគឺការ​ប្រកាន់យក​ភាពជាក់ស្តែងនិយម​(pragmatism)។ បញ្ហានេះ​​នឹង​មិន​ត្រូវ​បាន​ដោះស្រាយ​ដោយ​ការ​ធ្វើ​ទស្សនកិច្ចតែ​ម្តង ពីរ ឬ​បី​ដង ឬក្នុងពេលធ្វើ​ជា​ប្រធានប្តូរវេនមួយដងនោះទេ ហើយ​ចំណុច​មួយ​ដែល​ខ្ញុំ​ចង់គូស​បញ្ជាក់​គឺថា កម្ពុជា​មិន​ស្វែង​រក​ផលចំណេញ​ខាង​នយោបាយ សេដ្ឋកិច្ច ឬ​យុទ្ធសាស្ត្រ​ណាមួយ​ពី​អ្វី​ដែល​យើង​កំពុង​ធ្វើ​នៅ​ក្នុងប្រទេសមីយ៉ាន់ម៉ានោះឡើយ។ យើងគ្រាន់តែចង់ជួយ ព្រោះកម្ពុជាមានរឿងដ៏សោកសៅនៃសង្រ្គាមស៊ីវិល សោកនាដកម្ម ទុក្ខវេទនា ហើយយើងចង់ជួយប្រជាជនមីយ៉ាន់ម៉ាឱ្យជៀសផុតពីសោកនាដកម្មបែបនេះ។
  • យើងបានទទួលការគំរាម​កំហែងជាច្រើន។ យើងបាន​រកឃើញ​គ្រាប់បែកបង្កៃ​ពីរគ្រាប់​នៅក្បែរស្ថានទូត​របស់យើងនៅទីក្រុង Yangon។ ថ្មីៗនេះក៏មានការផ្ទុះមួយនៅជិតស្ថានទូតរបស់យើងផងដែរ។ យើងទទួល​ការគំរាម​កំហែងតាម Facebook។ ប្រជាជនមួយចំនួន​ជេរយើង ប៉ុន្តែ ទោះជាយ៉ាងណា នេះជាកាតព្វកិច្ចរបស់ប្រធានអាស៊ាន នេះជាកាតព្វកិច្ចរបស់ប្រេសិត​ពិសេស។ យើងនឹងធ្វើអ្វីដែលយើងគិតថាល្អបំផុតសម្រាប់ប្រជាជនមីយ៉ាន់ម៉ា។ យើងនឹងធ្វើអ្វីដែលយើងគិតថាល្អបំផុតសម្រាប់អាស៊ានទាំងមូល ហើយយើងសង្ឃឹមថាបទពិសោធន៍របស់កម្ពុជា ស្តីពីសន្តិភាព និងការបង្រួបបង្រួមជាតិអាចជួយដល់មីយ៉ាន់ម៉ា។ យើង​នឹង​មិន​ដាក់បន្តុបនូវ​​គំរូ​ណា​មួយ​នោះ​ទេ។ យើងនឹងផ្តល់នូវ​អ្វីដែលយើងមានជាបទពិសោធន៍ ជាមេរៀន ហើយប្រជាជនមីយ៉ាន់ម៉ា អាចទទួលយកអ្វីដែលសាកសមបំផុតសម្រាប់ពួកគេ ដើម្បីស្តារភាពប្រក្រតីឡើងវិញ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់ពួកគេ។
  • ខ្ញុំចង់និយាយរឿងពីរចំពោះបញ្ហាមីយ៉ាន់ម៉ា មុនពេលខ្ញុំបញ្ចប់។ ទីមួយគឺនៅលើបញ្ហាភាពជា​តំណាងរបស់​មីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំ។ ខ្ញុំចង់សង្កត់ធ្ងន់ថា ធម្មនុញ្ញអាស៊ានរបស់យើងមិនបានកំណត់មូលដ្ឋានច្បាប់ណាមួយ​ទាល់តែសោះដើម្បីបដិសេធការចូលរួមរបស់មីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំរបស់ខ្លួន។ មិនមានយន្តការដើម្បីបដិសេធសិទ្ធិជាតំណាងស្របច្បាប់នោះដែរ។ នេះ​គឺ​មិន​ដូច​នៅអង្គការសហប្រជាជាតិទេ។ ខ្ញុំ​ចង់​និយាយ​ថា ធម្មនុញ្ញ​អាស៊ាន និង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ គឺ​ខុស​គ្នា​ទាំង​ស្រុង។ យើងគ្មានយន្តការ​ធ្វើ​ការវិនិច្ឆ័យភាពជាតំណាងស្របច្បាប់នោះទេ។ ម្យ៉ាងវិញទៀត ការសម្រេចចិត្តដែលធ្វើឡើងដោយគ្មានកុងសង់ស៊ីស ក៏មិនអាចចាត់ទុកថាជាការសម្រេចចិត្តរបស់អាស៊ានដែរ។ នោះគឺជាការពិត។ កាលពីឆ្នាំ២០២១ កិច្ចប្រជុំរបស់រដ្ឋមន្ត្រីទាំងអស់ត្រូវបានធ្វើឡើងជាមួយរដ្ឋមន្ត្រីរបស់មីយ៉ាន់ម៉ា។ ឧទាហរណ៍ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ ឬ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូក ត្រូវបានប្រារព្ធឡើងជាមួយនឹង​ការចូលរួម​របស់​រដ្ឋមន្ត្រីក្រសួងការពារជាតិមីយ៉ាន់ម៉ា ដូច្នេះ យើងបានកំណត់ទម្រង់​មួយដែលពិបាកដោះស្រាយ ប៉ុន្តែ យើងនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីដោះស្រាយ។
  • ទីពីរ យើងត្រូវការវឌ្ឍនភាពក្នុងការអនុវត្តនូវកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ៥ចំណុច ដើម្បី​ការវិលត្រឡប់មកវិញរបស់អាស៊ាន១០។ ទោះបីជា​យើង​លើកឡើងថា ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ​នាយករដ្ឋមន្រ្តី គឺជាដំណើរទស្សនកិច្ចទ្វេភាគី ប៉ុន្តែ គោលបំណងនៃដំណើរទស្សនកិច្ចរបស់គាត់គឺដើម្បីនិយាយដោយផ្ទាល់ជាមួយនាយ​ឧត្តមសេនីយ មីន អោងលាំង​ និងដើម្បីដឹងពីអ្វីដែលយើងអាចធ្វើបាន ថាតើយើងអាចជួយយ៉ាងដូចម្តេចដើម្បីស្តារភាពប្រក្រតីឡើងវិញសម្រាប់មីយ៉ាន់ម៉ា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បាននិយាយថា គ្មានកំណត់លក្ខខណ្ឌ គ្មានលក្ខខណ្ឌទុកជាមុនសម្រាប់ដំណើរទស្សនកិច្ចរបស់គាត់ ប៉ុន្តែ ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ជាមួយឯកឧត្តម​រដ្ឋមន្ត្រីការបរទេស វុនណា ថា យើងមានបំណងចង់ឱ្យមានដំណើរទស្សនកិច្ចដ៏មានប្រយោជន៍–មានប្រយោជន៍មានន័យថា មាន​លទ្ធផលដែលមានប្រយោជន៍។
  • ដូចដែលខ្ញុំបាននិយាយក្នុងសុន្ទរកថារបស់ខ្ញុំ យើងត្រូវដោះស្រាយអំពើហិង្សាដែលកំពុងបន្តមាន​ ដូច្នេះ យើងត្រូវរកវិធីត្រួសត្រាយផ្លូវ និងស្វែងរកផ្លូវដើម្បីបញ្ឈប់អំពើហិង្សា។ ហើយយើងត្រូវបង្កើតបរិយាកាសដែលអំណោយផលសម្រាប់គ្រប់ភាគី ក្នុងការព្រមព្រៀងគ្នាលើផ្លូវនោះដែលនឹងឈានទៅដល់ការបញ្ចប់អំពើហិង្សា។ វានឹងពិបាក ព្រោះដូចដែលយើងដឹងស្រាប់ហើយថា យើងបានឃើញការប្តេជ្ញាចិត្តរបស់ភាគីនីមួយៗដើម្បីឈ្នះ។ ដូច្នេះ ប្រហែលជាដំណោះស្រាយឈ្នះ-ឈ្នះសម្រាប់ភាគីទាំងអស់អាចសាកសមសម្រាប់ពួកគេ។
  • យើង​សង្ឃឹម​ថា​នឹង​បោះជំហាន​លើ​ផ្នែក​ផ្តល់​ជំនួយ​មនុស្សធម៌។ ការផ្តល់ជំនួយមនុស្សធម៌បានជួបប្រទះនឹងឧបសគ្គមួយចំនួន ហើយប្រទេសជាច្រើនបានជួយមីយ៉ាន់ម៉ា ប៉ុន្តែ ជំនួយ​របស់ពួកគេ​ត្រូវជាប់គាំង។ ពេល​ខ្លះ ការ​ចែក​ចាយជំនួយ​មនុស្សធម៌ដល់​អ្នកដែលត្រូវការ​បំផុតនោះ គឺស្ទើរតែមិន​អាច​ធ្វើ​ទៅបាន។ យើង​អាច​នឹង​មាន​ការ​រីក​ចម្រើន​មួយ​ចំនួន​ក្នុង​ពេល​ឆាប់​ៗ​នេះ។ ខ្ញុំចង់និយាយថា ខ្ញុំបានពិភាក្សាបញ្ហានេះ​ជាមួយឯកឧត្តម​រដ្ឋមន្ត្រីការបរទេស វុនណា​ ខ្ញុំបានពិភាក្សាបញ្ហាជាមួយលោកជំទាវ​រដ្ឋមន្ត្រីការបរទេស រ៉េតណូ ហើយបានពិភាក្សាជាមួយឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី
    ប្រាម៉ាត់វីណៃ​។ ខ្ញុំអាចនិយាយបានថា ប្រទេសថៃមានតួនាទីដែលគ្មាននរណាម្នាក់អាចធ្វើបានក្នុង​តំបន់​របស់​យើង ព្រោះ​ប្រទេស​ថៃ​មាន​ព្រំដែនគោក​ជាង២០០០គីឡូម៉ែត្រ​ជាមួយ​មីយ៉ាន់ម៉ា។ ពួកគេមានទំនាក់ទំនងប្រពៃណីជាមួយក្រុមយោធា មានកម្មករមីយ៉ាន់ម៉ាជាងពីរលាននាក់ធ្វើការនៅថៃ ខណៈដែលពួកគេមានច្រករបៀងសេដ្ឋកិច្ច និង​ពាណិជ្ជកម្មជាមួយមីយ៉ាន់ម៉ា។ ខ្ញុំក៏បានពិភាក្សាបញ្ហានេះជាមួយលោកស្រី Noeleen Heyzer ដែលជាប្រេសិតពិសេស​របស់ឯកឧត្តម​អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកមីយ៉ាន់ម៉ាផងដែរ​។ ទាំងអស់គ្នា​បានយល់ស្របថា ត្រូវតែធ្វើអ្វីមួយ ដើម្បីផ្តល់ជំនួយមនុស្សធម៌ ចែកចាយដល់អ្នកដែលត្រូវការបំផុត។
  • ហើយ​ខ្ញុំបាន​​ស្នើ​ទៅ​ឯកឧត្តម​រដ្ឋ​មន្ត្រី​ការ​បរទេស វុនណា​ ដើម្បី​រៀបចំ​ការ​ប្រជុំជាមួយ​​ភាគី​ពាក់ព័ន្ធ​ទាំង​អស់។ ភាគី​ម្ខាងគឺ​ជា​ក្រុម​ការងារ​មក​ពី​រដ្ឋាភិបាល​មីយ៉ាន់ម៉ា និង​ម្ខាង​ទៀត​ជាភាគី​ពាក់ព័ន្ធ ហើយ​អ្នក​កណ្តាលគឺប្រហែល​ជា​ខ្ញុំ​ ដែលមាន​ជំនួយ​ពីលេខាធិការដ្ឋាន​អាស៊ាន ពីមជ្ឈមណ្ឌលសម្របសម្រួលជំនួយ​មនុស្សអាស៊ាន (AHA Center) ដើម្បីឱ្យ​យើងអាចអង្គុយពិភាក្សាជាមួយនឹងគោលបំណងដើម្បីធានា​បានថា ជំនួយត្រូវបានផ្តល់ឱ្យ​ដល់ដោយអ្នកដែលត្រូវការ។ ហើយ​បញ្ហាទាក់ទងនឹង​កិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ​​៥​ចំណុច ក៏​អាច​នឹងត្រូវលើក​យកមក​​ពិភាក្សា​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់ សម្តេចតេជោ​​នាយក​រដ្ឋមន្ត្រី​ ​ផង​ដែរ​។
  • នេះជាអ្វីដែលខ្ញុំចង់និយាយ។ ហើយ​សំណួរ​ទី​៣ ទាក់ទង​នឹង​កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន និង​កិច្ចប្រជុំ​កំពូល ឬ​កិច្ចប្រជុំ​ណាមួយ​នាពេល​អនាគត​។ ខ្ញុំគិតថា វានឹងអាស្រ័យលើវឌ្ឍនភាព​ដែល​យើង​អាច​សម្រេច​បាន​ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ហើយ​ក៏អាស្រ័យ​លើ​ឥរិយាបទបត់បែនរបស់​មីយ៉ាន់ម៉ាខ្លួនឯង និង​ការ​ផ្តល់​កិច្ចសហប្រតិបត្តិការកាន់តែច្រើនជាមួយសមាជិកអាស៊ានក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ​៥ចំណុច​។ ប្រសិនបើយើងអាចស្តារឡើងវិញបាននូវអាស៊ាន​១០ នោះបញ្ហាភាពជាអ្នក​តំណាងរបស់មីយ៉ាន់ម៉ា នឹង​លែងក្លាយជាចំណោទទៀតហើយ​។ នេះគឺជាសេណារីយ៉ូ​ល្អបំផុត។ ក្នុងករណីអាក្រក់បំផុត យើងនឹងត្រូវរង់​ចាំ​មើលថា តើ​យើង​នឹង​គ្រប់​គ្រង​ដំណើរ​ការកិច្ចប្រជុំជាមួយនឹងដៃគូខាងក្រៅរបស់យើងដោយ​របៀបណា។
ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner