សម្ដេចតេជោ ៖ អ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង មិនអនុញ្ញាតឲ្យព្យាបាលនៅតាមផ្ទះឡើយ
ភ្នំពេញ៖ នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនដល់កីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបញ្ជាមិនអនុញ្ញាតឲ្យអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ព្យាបាលនៅតាមផ្ទះឡើយ គឺតម្រូវយកអ្នកជំងឺព្យាបាលនៅមន្ទីរពេទ្យ ជាដាច់ខាត។
សម្ដេចតេជោ មានប្រសាសន៍ថា ករណីជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង នៅទូទាំងប្រទេសកម្ពុជា រហូតមកដល់ពេល ចំនួន៩៤ករណី ក្នុងនោះ ក៏ព្យាបាលជាសះស្បើយមួយចំនួនដែរ ហើយសុទ្ធតែជាករណីចូលនាំ។
សម្ដេចបញ្ជាក់ថា “ខ្ញុំ សូមដាក់បញ្ជា មិនអនុញ្ញាតឲ្យព្យាបាលតាមផ្ទះទេ គឺសូមយកទៅមន្ទីរពេទ្យ ព្យាបាលនៅមន្ទីរពេទ្យ ព្រោះរឿងនេះ អូមីក្រុង វាអត់គ្រោះថ្នាក់ធំទេ បើនិយាយពីអត្រាស្លាប់វាអត់គ្រោះថ្នាក់ប៉ុន្មានទេ”។
សម្ដេចតេជោ បន្តថា ទោះបីកូនអ្នកធំក៏ដោយ គឺតម្រូវព្យាបាលនៅមន្ទីរពេទ្យទាំងអស់ ហើយចាប់ពេលនេះតទៅ មិនចាំបាច់សុំយោបល់ សម្ដេច ទៀតឡើយ ក្នុងការយកអ្នកជំងឺប្រភេទអូមីក្រុង ព្យាបាលនៅតាមផ្ទះ។ នាឱកាសនេះ សម្តេចក៏បានលើកពីកូនទូតអាមេរិកដែលឆ្លងជំងឺនេះ ហើយទូតក៏បានធ្វើលិខិតធានាលើការសុំព្យាបាលនៅផ្ទះ៕ ដោយ វណ្ណលុក

