មនុស្សស្លាប់ និងបាត់ខ្លួនសរុប១៣នាក់ ក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើងនៅប្រទេសនូវែលសេឡង់
អត្ថបទដោយ៖
Kien Sereyvuth
នូវែលសេឡង់៖ មិនមានសញ្ញានៃអ្នកនៅមានជីវិតត្រូវបានគេប្រទះឃើញនៅត្រង់ចំនុចណាមួយនោះទេ ក្រោយឧទ្ធម្ភាគចក្រ និងយន្ដហោះជាច្រើនគ្រឿងដឹកនាំប្រតិបត្តិការហោះហើរត្រួតពិនិត្យនៅឯតំបន់ភ្នំភ្លើងផ្ទុះ នេះបើតាមនាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី ចេស៊ីនដា អាដឺន ។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ភ្នំភ្លើងនៅលើកោះ White Island ឬ កោះពណ៌ស នេះ បានផ្ទុះឡើងនៅវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃចន្ទម្សិលមិញ (ម៉ោងក្នុងតំបន់) ស្របពេលដែលមានភ្ញៀវទេសចរច្រើននាក់កំពុងធ្វើដំណើរកម្សាន្តនៅលើកោះ ។
ប្រភពដដែលបានឱ្យដឹងទៀតថា ភ្នំភ្លើងខាងលើបានផ្ទុះឡើងក្នុងកម្រិតបង្គួរ ដោយវាបានជះកម្អែរផេះ និង កម្ទេចកម្ទីផ្សេងៗឡើងលើផ្ទៃអាកាសកម្ពស់ ៣.៦៦០ម៉ែត្រ ។ ចំណែកឯអ្នកដែលបាត់ខ្លួន និងរបួស គឺជាភ្ញៀវទេសចរជនជាតិ នូវែលសេឡង់ អូស្ត្រាលី សហរដ្ឋអាមេរិក អង់គ្លេស និងម៉ាឡេស៊ី ៕



